អានតួអត្ថបទ
កម្ពុជា

ក្រៅ​ពី​ការ​ដង្ហែ​ញត្តិ​ ការ​បញ្ចេញ​មតិ​របស់​បាតុករ​ជា​កម្ម​វិធី​សំខាន់​ក្នុង​មហាបាតុ​កម្ម​ថ្ងៃ​ទី២​

ក្រោយពី​ការ​បាន​ដង្ហែរ​ញត្តិ​ទៅកាន់ ស្ថានទូត​បារាំង អង់គ្លេស និង អាមេរិក ដើម្បី​ស្នើសុំ​ឲ្យ​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​មហាអំណាច​ទាំងនេះ អន្តរាគមន៍​ជួយ​ដោះស្រាយ​រក​យុត្តិធម៌​នៅក្នុង​ការបោះឆ្នោត នោះ មហា​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក៏​ជា​វេទិកា​សម្តែង​មតិ​របស់​អ្នកចូលរួម​ផងដែរ។ អ្នកចូលរួម​បាតុកម្ម​ត្រូវបាន​អនុញ្ញាត​ឲ្យ​សម្តែង​មតិ​អំពី​គោលបំណង​របស់ខ្លួន​ក្នុងការ​ចូ​រួម​មហា​បាតុកម្ម​នេះ។

ទិដ្ឋភាពមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យ ២៣ តុលា ២០១៣
ទិដ្ឋភាពមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យ ២៣ តុលា ២០១៣ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ តុលា​នេះ មេបក្ស​ប្រឆាំង​ទាំងពីរ លោក សម រង្ស៊ី និង លោក កឹម សុខា បានប្រគល់​វេទិកា​មហា​បាតុកម្ម ទៅ​ឲ្យ​ប្រជាជន​មកពី​តាម​បណ្តា​ខេត្ត​នានា បញ្ចេញមតិ​របស់​ពួកគេ។

មតិ​រិះគន់​រដ្ឋាភិបាលចំៗ សម្រែក​ទាមទារ​យុត្តិធម៌​នៃ​ការបោះឆ្នោត និង ការឈឺចាប់​បន្ទាប់ពី​បាត់បង់​ដីធ្លី ត្រូវបាន​ប្រជាជន​មកពី​ខេត្ត​មួយចំនួន​និយាយ​ផង និង សូត្រ​ជា​កំណាព្យ​ផង ដាក់​មេក្រូ​ដោយ​មិន​សំចៃមាត់។ បាតុករ​ទាំងនោះ​មកពី​ខេត្ត បាត់តំបង រតនគីរី កំពង់ស្ពឺ សៀមរាប បន្ទាយមានជ័យ និង កំពង់ចាម​ជាដើម។

ពួកគេម្នាក់ៗសុទ្ធតែ បានលើកឡើង​ពី​ភាពអយុត្តិធម៌​នៃ​ការបោះឆ្នោត​អាណត្តិ​ទី៥នេះ។ មិនតែប៉ុណ្ណោះ​ប្រជា​ពល​ម្នាក់​មកពី​ខេត្តរតនគិរី ក៏បាន​លើកឡើង​ពី​បញ្ហា​អន្តោប្រវេសន៍​ខុសច្បាប់​របស់​ប្រជាជន​វៀតណាម​ផងដែរ។ចំណែក​ប្រជាពលរដ្ឋ​មកពី​ខេត្តកំពង់ស្ពឺ​វិញ មិន​ភ្លេច​ទេ​ការរៀបរាប់​ពី​ការ​រិ​ប​អូស​ដីធ្លី​ខុសច្បាប់ និង ការធ្វើសម្បទាន​ដីធ្លី​ឲ្យ​ទៅ​ឈ្មួញ​ឯកជន។ អ្នក​ខ្លះទៀត​ក៏បាន​និយាយ​ពី​បញ្ហា​បាត់បង់​ព្រៃឈើ និង ធនធានធម្មជាតិផ្សេងៗទៀត។

ប្រធាន​មេបក្ស​ប្រឆាំង លោក សម រង្ស៊ី ក៏បាន​ថ្លែង​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​បាតុករ​បន្តធ្វើ​បាតុកម្ម​ដោយ​ក្ដី​រីករាយ និង ហើយ​ថា​យប់​នេះ​លោក និង លោក កឹម សុខា នឹង​សម្រាក​នៅ​ទីលាន​ប្រជាធិបតេយ្យ​ជាមួយ​ក្រុមបាតុករ។ គួររម្លឹកថា ប្រជាជន​ជាច្រើន​ប្រជ្រៀត​គ្នា​នៅក្បែរ​ជណ្តើរ​វេទិកា ដើម្បី​ទាមទារ​ឱកាស​ឡើង​ថ្លែង​ពី​មិ​តិ​របស់​ពួកគេ ប៉ុន្តែ​ត្រូវបាន​ក្រុម​សន្តិសុខ​រារាំង។

ក្នុងចំណោម​អ្នក​ឡើង​បញ្ចេញមតិ​ទាំងនោះ ស្ដ្រី​ម្នាក់​បាន​សម្តែង​ពី​គោលបំណង​របស់ខ្លួន​ថា ចង់​ឲ្យ​លោក សម រង្ស៊ី​ធ្វើជា​នាយករដ្ឋមន្ត្រី និង ឲ្យ​លោក កឹម សុខា ធ្វើជា​ប្រធានរដ្ឋសភា។

គួរ​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាតុករ​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី និង​លោក កឹម សុខា បាននាំគ្នា​ហែ​ញត្តិ​ទៅ​ប្រគល់ជូន​ស្ថានទូត​បារាំង ស្ថានទូត​អាមេរិក និង​ស្ថានទូត​អង់គ្លេស​ប្រចាំ​ទីក្រុង​ភ្នំពេញ។ បើ​យោងតាម​កម្មវិធី​ដែល​បាន​គ្រោងទុក ក្រុមបាតុករ​នឹង​បន្ត​ដើរ​ក្បួន​ទៅកាន់​ស្ថានទូត​ចំនួន៥ទៀត នៅ​ព្រឹក​ថ្ងៃ​សុក្រ។ ទូត​ទាំង៥នោះ រួមមាន ទូត​អូស្ត្រាលី ទូត​រុស្សី ទូត​ជប៉ុន ទូត​ឥណ្ឌូនេស៊ី និង​ទូត​ចិន។ 

នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​មួយ ដែលមាន​ចំណងជើង​ថា «បក្សី​ត្រូវការ​សំបុក» ។ ជា​ខ្សែភាពយន្ត​ឯកសារ និយាយ​អំពី​ការបណ្តេញ​ចេញពី​លំនៅស្ថាន​របស់​ប្រជាជន​កម្ពុជា ជាពិសេស​គឺ​ការបណ្តេញចេញ​អ្នកភូមិ​បឹងកក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ