អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល​នឹង​ផ្ញើ​ក្តី​ព្រួយ​បារម្ភ​​ដល់​ប្រទេស​ឡាវ​ម្តង​ទៀត​ស្តី​ពី​ទំនប់​ដនសាហុង​

អង្គការ​​​សង្គម​​​ស៊ីវិល​​​មិន​​​ទុក​​ចិត្ត​​​ប្រទេស​​​ឡាវ ​​បន្ទាប់​​ពី​​​ការ​​ផ្អាក​​សាង​សង់​​ទំនប់​​ដន​​សា​ហុង​​រយៈ​ពេល​៦​ខែ ​គិត​​ចាប់​តាំង​ពី​​ចុង​ខែ​​មេសា​​ឆ្នាំ​២០១​៤​កន្លង​ទៅ​នេះ​។ ​ការ​មិន​ទុក​ចិត្ត​​ដោយ​សារ​តែ​​ប្រទេស​​ឡាវ​​កំពុង​​បន្ត​សកម្មភាព​​សាង​សង់​​ស្ពាន​​មួយ​ចំនួន​​នៅ​​តំបន់​​នោះ​។ ជាមួយ​គ្នា​នេះ​ក្រុម​​អង្គការ​​សង្គម​​ស៊ីវិល​​ក៏​បាន​​អំពាវ​នាវ​​ដល់​​រដ្ឋាភិបាល​​ប្រទេស​​ដង​​ទន្លេ​មេគង្គ​​ទាំង៤ និង​​ជំរុញ​​ឲ្យ​​ម្ចាស់​​គម្រោង​​សិក្សា​​ឲ្យ​​ហ្មត់​ចត់​​បន្ថែម​ទៀត​​ពី​​ផល​ប៉ះ​ពាល់​។​

ប្រជាពលរដ្ឋនិងសកម្មជនសិទ្ធិមនុស្សចូលរួមយុទ្ធនាការកុំឲ្យមានការសាងសង់ទំនប់វារីអគ្គីសនីដនសាហុងនាពេលកន្លងមក
ប្រជាពលរដ្ឋនិងសកម្មជនសិទ្ធិមនុស្សចូលរួមយុទ្ធនាការកុំឲ្យមានការសាងសង់ទំនប់វារីអគ្គីសនីដនសាហុងនាពេលកន្លងមក
ផ្សាយពាណិជ្ជកម្ម

 

ទោះជា​មានការ​សន្យា​ពី​ភាគី​ឡាវ​ស្តីពី​ការផ្អាក​ការអភិវឌ្ឍន៍​ទំនប់​វារី​អគ្គីសនី​ដន​សា​ហុង ក៏ដោយ ​ក៏​អង្គការ​សង្គម​ស៊ីវិល​នៃ​បណ្តា​ប្រទេស​ប្រជាជាតិ​ទន្លេមេគង្គ នៅតែ​សម្តែង​ការ​ព្រួយ
បារ​ម្ភ​​ដដែល ដោយហេតុថា ផុតពី​ការផ្អាក​រយៈពេល៦ខែ​ទៅ​តើ​ភាគី​ឡាវ នឹង​បញ្ឈប់
សកម្មភាព​សាងសង់​ឬ​យ៉ាងណា?

លោក តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​នៃ​វេទិកា​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា​បានលើកឡើង​ថា
គេ​មិនអាច​ជឿជាក់​បានទេ​ថា ប្រទេស​ឡាវ​នឹង​បញ្ឈប់​គម្រោង​សាងសង់​របស់ខ្លួន នៅពេលដែល​គេ​រកឃើញថា សំណង់​វា​រី​អគ្គីសនី​នោះ​មាន​ផលប៉ះពាល់​ឆ្លងដែន​ធ្ងន់ធ្ងរ។

ពាក់ព័ន្ធ​ទៅនឹង​ភាពមិនច្បាស់លាស់​របស់​ភាគី​ឡាវ​នាពេលនេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​គ្រប់​បណ្តា​ប្រទេស​នៅតាម​ដង​ទន្លេមេគង្គ​នឹងធ្វើ​ការសិក្សា​និង​ស្រង់​យក​មតិយោបល់​ព្រួយ​បារ​ម្ភ​​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ ហើយ​ធ្វើជា​របាយការណ៍​បញ្ជូន​ទៅ​កាន់​រដ្ឋាភិបាល​ឡាវ ម្ចាស់​គម្រោង​ដន​សា​ហុង និង​គណៈកម្មការ​ទន្លេ​មេគង្គ។

ជាមួយគ្នានេះ ពួកគេ​ក៏​គ្រោង​សរសេរ​លិខិត​ទៅ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង៤ ដែល​ស្ថិត​នៅជាប់​ទន្លេមេគង្គ មាន​កម្ពុជា វៀតណាម ឡាវ និង​ថៃ ថែមទាំង​ចង់​ឲ្យ​ភាគី​ឡាវ​យកក្តី​ព្រួយ​បារ​ម្ភ ​ទាំងនេះ ទៅ​បញ្ចូល​ក្នុង​ផែនការអភិវឌ្ឍន៍​​ផងដែរ។

កាលពីពេលថ្មីៗនេះ នៅក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ឡាវ​ថ្មី លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា ក៏បាន​រំលឹក​ភាគី​ឡាវ​ពី​ការប្រើប្រាស់​ទឹក​ដោយ​ចីរភាព​នៅតាម​ដង​ទន្លេមេគង្គ​ដែរ ដោយ​ភាគី​ឡាវ​បានសម្រេច​ផ្អាក​ការសាងសង់​បន្ទាប់ពី​មាន​កិច្ចប្រជុំ​មួយ​កាលពី​ចុងខែ​មេសា​កន្លងទៅនេះ​នៅ​ប្រទេស​ថៃ។

ក៏ប៉ុន្តែ​លោក តឹក វណ្ណា​រ៉ា យល់ថា​នេះ​គឺ​គ្រាន់តែ​ជាការ​រំលឹក​មួយ​ប៉ុណ្ណោះ ក៏ប៉ុន្តែ​គម្រោង​អភិវឌ្ឍន៍​នៅលើ​ទីតាំង​ជាក់ស្តែង ឃើញថា​ភាគី​ឡាវ​នៅ​បន្ត​មាន​សកម្មភាព​នៅឡើយ ដោយ​គេ​កំពុង​ធ្វើ​ស្ពាន​ពី​ចំណុច​ហួ​សា​ដាំ ភ្ជាប់​ទៅ​ចំណុច​ហួ​សា​ហុង នៃ​ប្រទេស​ឡាវ ដែលជា​ផ្នែក​មួយ​សម្រួល​ដល់​ការសាងសង់​ទំនប់​ដន​សា​ហុង។

ទោះជា​យ៉ាងនេះ ក្តី​ ការសាងសង់​ទំនប់​ដន​សា​ហុង​របស់​ភាគី​ឡាវ នៅលើ​ទីតាំង​ទន្លេ​មេ​នៃ​ទន្លេមេគង្គ នៅតែ​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ខ្សែទឹក​ខាងក្រោម ដូចជា​ធនធាន​ជលផល ការ
ប៉ះពាល់​ដល់​ប្រព័ន្ធ​ជីវៈចម្រុះ និង​ការប្រកប​ការងារ​កសិក​ម្ម​របស់​ពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ