អានតួអត្ថបទ
កម្ពុជា

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លុប​បំបាត់​និទណ្ឌភាព

នៅ​ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រជាធិបតេយ្យ​១៥​កញ្ញា​នេះ ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​ជាក់​លាក់​ប្រឆាំង​នឹង​និទណ្ឌភាព​នៅ​កម្ពុជា។​ មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​លើក​យក​ករណី​បាញ់​ប្រហារ​នានា​ក្នុង​អំឡុង​ពេល​នៃ​ការ​ជាប់​​គាំង​​នយោបាយ​​ក្រោយ​​ការ​​បោះឆ្នោត​​ដែល​​អ្នក​​ស្លាប់​​មិន​​ទាន់​​ទទួល​​បាន​​យុត្តិធម៌​​នៅ​​ឡើយ​​នោះ​មក​ធ្វើ​ជា​សម្អាង​។ ​ប៉ុន្តែ​ រដ្ឋាភិបាល​ថា ​ការ​ស៊ើប​អង្កេត​មិន​ទាន់​បិទ​បញ្ចប់​​នៅ​​ឡើយ​​ទេ​​។

ក្រុមប៉ូលីស និង​បាតុករ ប៉ះទង្គិចគ្នានាពេលកន្លងមក។
ក្រុមប៉ូលីស និង​បាតុករ ប៉ះទង្គិចគ្នានាពេលកន្លងមក។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៥​កញ្ញា​នេះ​គឺ​ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រជា​ធិបតេយ្យ ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​ជាក់លាក់​ដើម្បី​លុប​បំបាត់​និទណ្ឌភាព​ដែល​នៅ​តែ​បន្ត​ញាំញី​ប្រទេស​កម្ពុជា។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​លើក​យក​ករណី​លោក​ ម៉ៅ​ សុខ​ចាន់ ​ដែល​ត្រូវ​បាន​កម្លាំង​សន្តិសុខ​បាញ់​ឲ្យ​ស្លាប់​កាល​ពី​មួយ​ឆ្នាំ​មុន​នៅ​លើ​ស្ពាន​អាកាស​ក្បាល​ថ្នល់​ក្នុង​អំឡុង​ពេល​នៃ​ការ​តវ៉ា​មួយ​ដើម្បី​ឲ្យ​មាន​ការ​រៀប​ចំ​បោះឆ្នោត​ឡើង​វិញ។ ​ក្រៅ​ពី​នោះ ​កាល​ពី​ដើម​ឆ្នាំ ​២០១៤ ​នេះ ​ក៏​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​៤​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​បាញ់​សម្លាប់​ដែរ​ក្នុង​អំឡុង​ពេល​ផ្ទុះ​បាតុកម្ម​តវ៉ា​របស់​កម្មករ​រោងចក្រ​កាត់​ដេរ។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​មួយ​នេះ​បាន​កត់​សម្គាល់​ថា​ គ្មាន​ការ​ស៊ើប​អង្កេត​ណា​មួយ​ត្រូវ​បាន​ធ្វើឡើង​ដោយ​តម្លាភាព​និង​ឯករាជ​ទេ​បើ​ទោះ​ជា​មាន​ការ​សន្យា​របស់​ក្រសួង​មហាផ្ទៃ​ថា​នឹង​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​សំណុំរឿង​ទាំង​នេះ​ក៏​ដោយ។ ​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​បញ្ចប់​និទណ្ឌភាព​ក្នុង​ចំណោម​មន្ត្រី​អនុវត្ត​ច្បាប់ ​និង​ត្រូវ​ធានា​ថា ​កង​កម្លាំង​សន្តិសុខ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​កាតព្វ​កិច្ច​របស់​ខ្លួន​ស្រប​តាម​ច្បាប់​ជាតិ​និង​អន្តរជាតិ​ក្នុង​ការ​ប្រើ​កម្លាំង​និង​អាវុធ​យុទ្ធភណ្ឌ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ។

ក្នុង​ករណី​ដែល​មាន​ការ​បំពាន​ ត្រូវ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់​និង​ត្រូវ​ដាក់​ទោស​ទណ្ឌ​ដល់​ជន​ល្មើស។ ​លោក​ស្រី ​ជរ ច័ន្ទ​ធីតា ​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​ថ្លែង​ថា​ ការ​បញ្ចប់​និទណ្ឌភាព​មាន​សារសំខាន់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​ដើម្បី​ឲ្យ​ប្រទេស​នេះ​ស្គាល់​ការ​អភិវឌ្ឍ​និង​ស្គាល់​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។
នៅ​មិន​ទាន់​មាន​ប្រតិកម្ម​យ៉ាង​ណា​ពី​ក្រសួង​មហាផ្ទៃ​នៅ​ឡើយ​ទេ​ចំពោះ​ការ​អំពាវនាវ​នេះ។​

យ៉ាងណា​ក៏​ដោយ​លោក​ផៃ ​ស៊ីផាន​ មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​បាន​អះអាង​ថា​ ការ​ចាប់​ខ្លួន​ជនល្មើស​មិន​ទាន់​បាន​មិនមែន​មាន​ន័យ​ថា​រដ្ឋាភិបាល​បោះបង់​ការ​ស៊ើប​អង្កេត​នោះ​ទេ។ ​លោក ​ផៃ ស៊ីផាន​ក៏​បាន​អំពាវនាវ​តប​វិញ​ថា ​សុំ​ឲ្យ​សង្គម​ស៊ីវិល​កុំ​ចាំ​តែ​បន្ទោស​តែ​ត្រូវ​ចូល​រួម​ចំណែក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ