អានតួអត្ថបទ
កម្ពុជា

ប្រ​ធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​ ស្នើរ​ដ្ឋ​មន្ត្រី​ក្រ​សួង​ម​ហា​ផ្ទៃ​ អ​នុ​វត្ត​ច្បាប់​បាតុ​កម្ម​

ប្រ​ធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​ស្នើ​ដល់​លោក​ ស​ ខេង​ រដ្ឋ​មន្ត្រី​ក្រ​សួង​មហា​ផ្ទៃ​ ឲ្យ​អ​នុវត្ត​ច្បាប់​បាតុ​កម្ម ដោយ​ជំ​រុញ​ឲ្យ​អា​ជ្ញា​ធរ​មូល​ដ្ឋាន​ បញ្ឈប់​លក្ខ​ខណ្ឌ​ត​ម្រូវ​ឲ្យ​សុំ​ការអនុ​ញ្ញាត​ ចំ​ពោះ​ការ​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​ និង​ព្រឹត្តិ​ការណ៍​ជួប​ជុំ​នា​នា​ស្រ​ដៀង​គ្នា​។ ​តាម​ប្រ​ធា​ន​អង្គ​ការ​សង្គម​ស៊ី​វិល​ ការ​រៀប​ចំ​ធ្វើ​បាតុ​កម្ម​ដោយ​សន្តិ​វិ​ធី​ ឬ​ការ​ជួប​ជុំ ​នៅ​ទី​កន្លែង​សា​ធា​រ​ណៈ​ណា​មួយ​ គ្រាន់​តែ​ជា​ការ​ជូន​ដំ​ណឹង ​មិន​មែន​ត្រូវ​សុំ​ច្បាប់​ដូច​កន្លង​មក​នោះ​ទេ​។

​ការដើរដង្ហែក្បួន​បាតុកម្ម ទ្រងទ្រាយធំនៅរាជធានីភ្នំពេញ។
​ការដើរដង្ហែក្បួន​បាតុកម្ម ទ្រងទ្រាយធំនៅរាជធានីភ្នំពេញ។ ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ស​ម្តែង​ក្តី​បា​រម្ភ​ទាក់​ទិន​ទៅ​នឹង​ការ​អនុ​វត្ត​ច្បាប់​ស្តី​ពី​ការ​ធ្វើ​បាតុ​កម្ម​ដោយ​សន្តិ​វិ​ធី​។ ​ក្តី​បា​រម្ភ​នោះ ​ត្រូវ​បាន​លោក​ស្រី​ ចក់​ សុ​ភាព​ នា​យិ​កា​ប្រ​តិ​បត្តិ​មជ្ឈម​ណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ យោង​លើ​ព្រឹត្តិ​ការណ៍ ​កាល​ពី​ថ្ងៃ​អា​ទិត្យ ​ទី​១៧​សី​ហា ​ដែល​ប៉ូ​លិស​ និង​អា​ជ្ញា​ធរ​រាជ​ធា​នី​ភ្នំ​ពេញ​ បាន​រា​រាំង​គម្រោង​ជិះ​កង់​ ដើ​ម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ពី​បរិ​ស្ថាន និង​ប្រ​ឆាំង​ផែន​ការ​សាង​សង់​ទំ​នប់​វា​រី​អគ្គិ​សនី ​ស្ទឹង​អា​រ៉ែង នៅ​ខេត្ត​កោះ​កុង​។

តាម​លិ​ខិត​ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ក៏​ធ្លាប់​ជួប​ប្រ​ទះ​បញ្ហា​លំ​បាក​ជា​មួយ​អា​ជ្ញា​ធរ​មូល​ដ្ឋាន​ នា​ពេល​កន្លង​ទៅ​។​ អា​ជ្ញា​ធរ​ បាន​ប្រាប់​មជ្ឈម​ណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ថា​ចាំ​បាច់​ត្រូវ​មាន​ការ​សុំ​អនុ​ញ្ញាត​ច្បាប់​ចំ​ពោះ​អង្គ​ការ​ទាំង​ឡាយ​ណា ​ដែល​មាន​បំ​ណង​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​ និង​ព្រឹ​ត្តិ​ការណ៍​នា​នា​ស្រ​ដៀង​គ្នា​នេះ​។

លោក​ស្រី​ ចក់​ សុ​ភាព​ នា​យិ​កា​ប្រ​តិ​បត្តិ​មជ្ឈម​ណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ លើក​ឡើង​ថា ​មា​ត្រា​ ៥​ នៃ​ច្បាប់​ស្តី​ពី​ការ​ធ្វើ​បាតុ​កម្ម​ដោយ​សន្តិ​វិ​ធី​ចែង​ថា ​“ក្រុម​បុគ្គល​ណា ​ដែល​មាន​បំ​ណង​រៀប​ចំ​ធ្វើ​បាតុ​កម្ម​ដោយ​សន្តិ​វិ​ធី ​នៅ​ទី​កន្លែង​សា​ធា​រណៈ​ណា​មួយ ​ត្រូវ​ជូន​ដំ​ណឹង​ជា​លាយ​លក្ខ ណ៍​អក្សរ​ ទៅ​អា​ជ្ញា​ធរ​ដែន​ដី​រាជ​ធា​នី ​ឬ​ខេត្ត​មាន​ស​មត្ថ​កិច្ច​គ្រប់​គ្រង​ទី​កន្លែង​នោះ​។​ រី​ឯ​មា​ត្រា​ ១០ ​ចែង​ថា​ “ប្រ​សិន​បើ​អា​ជ្ញា​ធរ​ដែន​ដី​រាជ​ធា​នី ឬ​ខេត្ត​មាន​សមត្ថ​កិច្ច​ខក​ខាន​មិន​បាន​ឆ្លើយ​តប​ រហូត​ដល់​ពេល​កំ​ណត់​ដែល​នឹង​ត្រូវ​ធ្វើ​បាតុ​កម្ម​ដោយ​សន្តិ​វិ​ធី​ មាន​ន័យ​ថា​ អា​ជ្ញា​ធរ​ដែន​ដី​រាជ​ធា​នី ឬ​ខេត្ត​មាន​ស​មត្ថ​កិច្ច​បាន​ព្រម​ព្រៀង​ហើយ​។​

លោក​ស្រី​ ចក់​ សុ​ភាព​ គូស​បញ្ជាក់​ថា​ ច្បាប់​បាតុ​កម្ម​ មិន​បាន​ត​ម្រូវ​ឲ្យ​បាតុ​ករ​សុំ​ការ​អ​នុ​ញ្ញាត​ពី​សំ​ណាក់​អា​ជ្ញា​ធរ​មូល​ដ្ឋាន​នោះ​ទេ​។ ​ច្បាប់​នេះ​ គ្រាន់​តែ​ត​ម្រូវ​ឲ្យ​បាតុ​ករ​ជូន​ដំ​ណឹង​ទៅ​អា​ជ្ញា​ធរ​ពាក់​ព័ន្ធ​នា​នា​តែ​ប៉ុ​ណ្ណោះ​។

មិន​ទាន់​មាន​ការ​ឆ្លើយ​តប​បែប​ណា​ពី​លោក​ ស​ ខេង​ ឧប​នា​យក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រ​សួង​មហា​ផ្ទៃ​ ជុំ​វិញ​ការ​លើក​ឡើង​ខាង​លើ​នៅ​ឡើយ​ទេ​។ ​ប៉ុ​ន្តែ​លោក​ឡុង​ឌី​ម៉​ង់ អ្នក​នាំ​ពាក្យ​សា​លា​រាជ​ធា​នី​ភ្នំ​ពេញ ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រ​សួង​មហា​ផ្ទៃ ​បាន​លើក​ឡើង​ថា​ អា​ជ្ញា​ធរ​មូល​ដ្ឋាន​ បាន​គោ​រព​តាម​មា​ត្រា​កំ​ណត់​ក្នុង​ច្បាប់​បាតុ​កម្ម​។ ​តែ​ការ​ជួប​ជុំ​រៀប​ចំ​ព្រឹត្តិ​ការណ៍​ជិះ​កង់​ផ្សព្វ​ផ្សាយ​តាម​ផ្លូវ​ មិន​មែន​ជា​បាតុ​កម្ម​ទេ​។​ ដូ​ច្នេះ​ត្រូវ​សុំ​ច្បាប់​ ប៉ុ​ន្តែ​ចំ​ពោះ​ការ​ជួប​ជុំ​ធ្វើ​បាតុ​កម្ម​ គឺ​អា​ជ្ញា​ធរ​មិន​បាន​ត​ម្រូវ​ឲ្យ​សុំ​ច្បាប់​ទេ​។

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ គឺ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៤​ សិទ្ធិ​ជួប​ប្រ​ជុំ​ដោយ​ស​ន្តិ​វិ​ធី ​និង​ការ​ធ្វើ​បាតុ​កម្ម​ ត្រូវ​បាន​រឹត​បន្តឹង​។ ​រហូត​ដល់​ដើម​ខែ​សី​ហា ​ទើប​ទី​លាន​ប្រ​ជា​ធិប​តេយ្យ ​បើក​ឡើង​វិញ ​ហើយ​អា​ជ្ញា​ធរ​បាន​ដក​បម្រាម​ជួប​ប្រ​ជុំ​នា​នា​។

ប្រ​ធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ស្នើ​ដល់​លោក​រដ្ឋ​មន្ត្រី​ក្រ​សួង​មហា​ផ្ទៃ ​ជំ​រុញ​ក្រ​សួង​ពាក់​ព័ន្ធ​ និង​អា​ជ្ញា​ធរ​មូល​ដ្ឋាន​នា​នា ​ឲ្យ​បញ្ឈប់​លក្ខ​ខណ្ឌ​តម្រូវ​ឲ្យ​សុំ​ការ​អនុ​ញ្ញាត​ ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​កម្ពុជា​ ចំ​ពោះ​ការ​រៀប​ចំ​បាតុ​កម្ម​ដោយ​សន្តិ​វិ​ធី​នា​នា​។ ក្នុង​នោះ ​លោក​ស្រី​នា​យិ​កា​ ក៏​បាន​ស្នើ​សូម​លោក​រដ្ឋ​មន្ត្រី ​មេ​ត្តា​ធា​នា​ថា ​រដ្ឋា​ភិ​បាល​កម្ពុជា​ស្តារ​ឡើង​វិញ​នូវ​សិទ្ធិ​ជួប​ប្រ​ជុំ​ដោយ​សន្តិ​វិ​ធី​របស់​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ ជា​ពិ​សេស​ធា​នា​ថា​ គ្មាន​ការ​ប្រើ​កំ​លាំង​ដ៏​ហួស​ហេតុ​ទៅ​លើ​ការ​ត​វ៉ា​សន្តិ​វិ​ធី​នា​នា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ