អានតួអត្ថបទ
កម្ពុជា

គណៈ​មេធាវី​បារាំង រៀបចំ​ជំនួប​ប្រជុំ​អន្ដរជាតិ​អាស៊ី​៣​ថ្ងៃ​ នៅ​ទីក្រុង​ភ្នំពេញ

ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៨​កុម្ភៈ មេធាវី​ជនជាតិ​បារាំង​ជាង​១០០​នាក់ និង​សមាជិក​គណៈមេធាវី​កម្ពុជា​ជាង​២០​នាក់ ត្រូវ​ជួប​ជុំ​គ្នា នៅ​ក្នុង​ជំនួប​ប្រជុំ​អន្ដរជាតិ​អាស៊ី​លើក​ទី​២ នៅ​ទីក្រុង​ភ្នំពេញ។ ជា​កិច្ច​ប្រជុំ ដែល​អនុញ្ញាត​ឲ្យ​មេធាវី​បារាំង និង​ខ្មែរ ពិភាក្សា ស្វែង​យល់ និង​ផ្លាស់​ប្ដូរ​យោបល់​គ្នា អំពី​តម្រូវ​ការ និង​ការ​ប្រឈម​នានា ជុំ​វិញ​វិស័យ​គតិយុត្តិ​នៃ​ធុរកិច្ច នៅ​កម្ពុជា និង​អាស៊ាន។

សមាជិក​គណៈមេធាវី​បារាំង និង​សមាជិក​គណៈមេធាវី​កម្ពុជា សរុប​ជាង​១០០​នាក់ នៅ​ក្នុងជំនួប​ប្រជុំ​អន្ដរជាតិ​អាស៊ី​លើក​ទី​២ ឆ្នាំ​២០១៤
សមាជិក​គណៈមេធាវី​បារាំង និង​សមាជិក​គណៈមេធាវី​កម្ពុជា សរុប​ជាង​១០០​នាក់ នៅ​ក្នុងជំនួប​ប្រជុំ​អន្ដរជាតិ​អាស៊ី​លើក​ទី​២ ឆ្នាំ​២០១៤ RFI/Im Rachna
ផ្សាយពាណិជ្ជកម្ម

គណៈ​មេធាវី​បារាំង រៀប​ចំ​ជំនួប​ប្រជុំ​អន្ដរជាតិ​អាស៊ី លើក​ទី​ពីរ នៅ​ទីក្រុង​ភ្នំពេញ។ កម្មវិធី​​នេះ ​មាន​ការ​ចូល​រួម​ពី​មេធាវី​បារាំង​ជាង​១០០​នាក់ និង​មេធាវី​ខ្មែរ​ប្រមាណ​២០​នាក់។ នៅ​ក្នុង​កិច្ច​ប្រជុំ ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៨​កុម្ភៈ មេធាវី​ទាំង​ជាង​១០០​នាក់​នេះ នឹង​ពិភាក្សា ស្វែង​យល់ និង​ផ្លាស់​ប្ដូរ​យោបល់​គ្នា អំពី​បរិយាកាស​គតិយុត្តិ​នៃ​ធុរកិច្ច​នៅ​កម្ពុជា និង​អាស៊ាន ការ​ប្រកប​អាជីព​មេធាវី​នៅ​បរទេស ក៏​ដូច​ជា​តម្រូវ​ការ​របស់​សហគ្រាស និង​វិនិយោគិន​បរទេស ក្នុង​ផ្នែក​ការ​ផ្ដល់​ប្រឹក្សា​ច្បាប់។

 
កិច្ច​សហការ​យ៉ាង​សម្បូរ​បែប​រវាង​បារាំង និង​កម្ពុជា ក្នុង​វិស័យ​គតិយុត្តិ បាន​ធ្វើ​ឲ្យ​គណៈមេធាវី​បារាំង សម្រេច​ចិត្ត​ប្រារព្ធ​ធ្វើ​កិច្ច​ប្រជុំ​ឆ្នាំ​នេះ​នៅ​កម្ពុជា។ នេះ​បើ​តាម​លោក Pierre-Olivier Sur ប្រធាន​គណៈមេធាវី​បារាំង។

លោក Pierre-Olivier Sur ដែល​ធ្លាប់​​ធ្វើ​ជា​សហមេធាវី​ការពារក្ដី​ក្នុង​សំណុំ​រឿង​០០១ នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ក​ម្ពុជា បាន​ឲ្យ​ដឹង​ផង​ដែរ​ថា កម្ពុជា ​ជា​ប្រទេស​ដែល​អនុវត្ត​ប្រព័ន្ធ​ច្បាប់ Civil Law និង​ជា​ប្រទេស​ដែល​ស្ថិត​នៅ​ត្រង់​ចំណុច​កណ្ដាល​នៃ​ទ្វីប​អាស៊ី។ កត្តា​ទាំង​នេះ អនុគ្រោះ​ច្រើន​ណាស់ ដល់​ការ​ជួប​ជុំ របស់​​មេធាវី​បារាំង ដែល​កំពុង​តែ​ធ្វើ​ការ​នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​ផ្សេង​ៗ​គ្នា នៅ​អាស៊ី។

​នៅ​ក្នុង​ជំនួប​ប្រជុំ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​នេះ ប្រធាន​គណៈមេធាវី​បារាំង លោក Pierre-Oliver Sur សម្ដែង​សុទិដ្ឋិនិយម​ថា សមាជិក​របស់​ខ្លួន ដែល​ជា​មេធាវី​បារាំង ប្រាកដ​ជា​ទទួល​បាន​បទពិសោធ​ល្អ​ៗ​ជា​ច្រើន ពាក់ព័ន្ធ​នឹង​បរិយាកាស​គតិយុត្តិ​នៅ​កម្ពុជា និង​អាស៊ាន ដើម្បី​ជា​ទុន​ក្នុង​ការ​បង្កើត​បណ្ដាញ​ការងារ​នៅ​ទី​នេះ។

សូម​ជម្រាប​ជូន​ថា គណៈមេធាវី​បារាំង ធ្លាប់​រៀបចំ​កម្មវិធី​ជំនួប​ប្រជុំ​អន្ដរជាតិ​អាស៊ី​នេះ ​នៅ​ប្រទេស​វៀតណាម​ម្ដង​ហើយ កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ