អានតួអត្ថបទ
កម្ពុជា

តម្លៃ​ធ្វើ​ដំណើរ​នៅ​ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​នៅ​តែ​កើន​ខ្ពស់​បើ​ទោះ​បី​នាយក​រដ្ឋ​មន្ត្រី​អំពាវ​នាវ​ក៏​ដោយ​

ក្រុម​ហ៊ុន​​ដឹក​​អ្នក​ដំណើរ​ និង​ រថយន្ត​ឈ្នួល​​ឯកជន​​នៅ​តែ​​បន្ត​​ដំឡើង​ថ្លៃ​​ឈ្នួល​​ក្នុង​​ការ​ដឹក​​អ្នក​ដំណើរ​​ទៅ​កាន់​​ស្រុក​កំណើត​​ដើម្បី​​ចូល​រួម​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។​ក្រុមហ៊ុន​ និង​ រថយន្ត​ឈ្នួល​​មួយ​ចំនួន​​សុទ្ធ​តែ​​បាន​​ដំឡើង​ថ្លៃ​​ចាប់​ពី​​ប្រាំ​​ពាន់​​រៀល​​ឡើង​ទៅ​​បន្ថែម​​ពី​​លលើ​តម្លៃ​​ធម្មតា​។​យ៉ាង​ណា​ក៏​​​ដោយ​​ការ​ដំឡើង​ថ្លៃ​​នេះ​​ហាក់​​ផ្ទុយ​ទៅ​នឹង​​ការ​ប្រកាស​​របស់​​ប្រមុខ​​រាជ​រដ្ឋាភិបាល​​កម្ពុជា​​ដែល​​បាន​​អំពាវ​នាវ​​កុំ​​ឲ្យ​​មាន​ការ​​ឡើង​ថ្លៃ​​ខ្ពស់​​ពេក​។  

ប្រជាពលរដ្ឋសម្រុកធ្វើដំណើរទៅស្រុកកំណើត
ប្រជាពលរដ្ឋសម្រុកធ្វើដំណើរទៅស្រុកកំណើត RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ដឹក​អ្នកដំណើរ និង​រថយន្តឈ្នួល​ឯកជន​នៅតែ​បាន​ដំឡើងថ្លៃ​ឈ្នួល​ខ្ពស់​ក្នុងការ​ដឹកជញ្ជូន​អ្នកដំណើរ​ទៅ​ស្រុកកំណើត​ក្នុងអំឡុង​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នេះ។ក្រុមហ៊ុន​ដឹក​អ្នកដំណើរ និង​រថយន្តឈ្នួល​ឯកជន​មួយចំនួន​បាន​សារភាពថា​ខ្លួន​បាន​ដំឡើងថ្លៃ​ប្រមាណ​ចាប់ពី​ប្រាំ​ពាន់​រៀល​ឡើងទៅ​បន្ថែម​ពីលើ​តម្លៃ​ឈ្នួល​ធម្មតា។

ការដំឡើងថ្លៃ​នេះ​ហាក់​ផ្ទុយទៅនឹង​ការអំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា។សូម​ជំរាបជូន​ថា កាលពី​ថ្ងៃទី០៧មេសា​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​កុំ​ឲ្យ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ដំឡើងថ្លៃ​ឈ្នួល​ខ្ពស់​ពេក​ក្នុងអំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ។

ការដំឡើង​ថ្លៃឈ្នួល​បន្ថែ​ម​របស់​បណ្តា​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ និង រថយន្តឈ្នួល​បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ។កញ្ញា វណ្ណ នី​តា និស្សិត​ឆ្នាំ​ទី បួន​នៃ​សាកលវិទ្យាល័យ​ន័​រ​តុ​ន​ដែល​កំពុង​ឈ​ចាំ​រថយន្តឈ្នួល​នៅ​ម្តុំ​រង្វង់​មូល​ស្តា​ត ចាស់​បាន​ត្អូញត្អែរថា ការដំឡើងថ្លៃ​របស់រ​ថ​យន្ត​ឈ្មួ​ល​នេះ​បាន​ប៉ះពាល់​យ៉ាងខ្លាំង​ទាំង​កញ្ញា​ជា​និស្សិត និង​ប្រជាពលរដ្ឋ​ទូទៅ ពីព្រោះ​ត្រូវ​ចំណាយ​ច្រើន។និស្សិត​ស្រី​មាន​ស្រុកកំណើត​ក្នុង​ខេត្តកំពង់ចាម​រូបនេះ​បាន​ឲ្យ​ដឹង​ដែរ​ថា រថយន្តឈ្នួល​ខ្លះ​បាន​ដំឡើងថ្លៃ​ស្ទើរតែ​ពាក់ កណ្តាល ​បន្ថែម​ពីលើ​តម្លៃ​ធម្មតា។

ជុំវិញ​ការដំឡើងថ្លៃ​នេះ លោក ផាន់ សុផល​ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ភ្នំពេញ​សូរិយា​បាន​ឲ្យ​ដឹងថា​សម្រាប់​ឆ្នាំនេះ​ក៏​ដូច​រាល់​ឆ្នាំ​ដែរ ក្រុមហ៊ុន​របស់លោក​បាន​ដំឡើងថ្លៃ​ឈ្នួល​ចាប់ពី​ប្រាំ​ពាន់​រៀល​ទៅ​ប្រាំបី​ពាន់​រៀល​លើ​គ្រប់​ទិសដៅ​ទាំងអស់។ ប្រធាន​ប្រតិបត្តិ​រូបនេះ​បកស្រាយ​ថា មូលហេតុ​នៃ​ការឡើង​ថ្លៃ​នេះ គឺ​ដោយសារ​ត្រូវ​ចំណាយ​ច្រើន ហើយ​រថយន្ត​ដឹក​បានតែ​ភ្ញៀវ​ទៅ​តែប៉ុណ្ណោះ​ពេល​ត្រឡប់មកវិញ​មិនមាន​ភ្លៀវ​នោះទេ។

ទាក់ទង​នឹង​ការដំឡើង​ថ្លៃឈ្នួល​នេះដែរ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នកកាសែត​កាលពី​ថ្ងៃ សុក្រ ទី១១ មេសា ថា​លោក​មិនមាន​វិធានការ​ណាមួយ​ដើម្បី​ទប់ស្កាត់​ការ​ឡើងថ្លៃ​រថយន្តឈ្នួល​នោះទេ ដោយសារ​កន្លងមក​ការអំពាវនាវ​របស់​អា​ជ្ញា​ធរ​មិនមាន​ប្រសិទ្ធភាព​នោះឡើយ ហើយ​ការដំឡើង​ថ្លៃឈ្នួល​នេះ​ជា​រឿង​ឯកជន​មិន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋ​នោះទេ។

គួរ​កត់សម្គាល់ថា នៅ​ថ្ងៃ​សៅរ៍ ទី ១២ មេសា​នេះ ប្រជាពលរដ្ឋ សិស្ស និស្សិត កម្មករ កម្មការិនី​ បាន​សម្រុក​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​យ៉ាងច្រើន​កុះករ ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នៅ​ថ្ងៃ ទី ១៤ ១៥ ១៦ មេសា​ខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ