អានតួអត្ថបទ
កម្ពុជា

សារជូនពរ​ឆ្នាំថ្មី៖​ មេ​ដឹក​នាំ​រដ្ឋាភិបាល​​​លើក​​ឡើង​​ពី​​សមិទ្ធផល​​ឆ្នាំ​​ចាស់​​​​និង​​លើក​​ទិស​​ដៅ​​ឆ្នាំ​​ថ្មី​​ រី​​ឯ​បក្ស​ប្រឆាំង​​ឧទ្ទិស​ឲ្យ​សម្រេច​គោលដៅ​ផ្លាស់ប្តូរ​

ក្នុង​ឱកាស​​ឆ្នាំ​​ថ្មី​ ឆ្នាំ​មមី ​ចូល​មក​​ដល់​ នា​​ថ្ងៃ​​ចន្ទ​ ទី១​៤​មេសា​​នេះ​ លោក​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​​ផ្ញើ​​សារ​លិខិត​ជូន​​ជន​រួម​ជាតិ​ ដោយ​​លើក​ឡើង​​នូវ​​សមិទ្ធ​ផល​​ជា​ច្រើនទាំង​​ផ្នែក​​សង្គម និង​ទាំង​ផ្នែក​សេដ្ឋកិច្ច ដែល​រដ្ឋា​ភិបាល​សម្រេច​បានក្នុង​ឆ្នាំ​ចាស់។ ចំណែក​​មេដឹកនាំ​គណបក្សប្រឆាំង ក្រៅពី​ជូនពរ​ឆ្នាំថ្មី​ដល់​ជនរួមជាតិ លោក​ សម រង្ស៊ី បាន​បួងសួងឧទ្ទិស​ឲ្យ​គោលដៅ​របស់​គណបក្ស​ប្រឆាំង សម្រេច​ឲ្យ​បាន​នូវ​ការផ្លាស់ប្តូរ​ថ្មីក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី។

ទេវតា​ឆ្នាំថ្មី ឆ្នាំ​​មមី​
ទេវតា​ឆ្នាំថ្មី ឆ្នាំ​​មមី​ RFI
ផ្សាយពាណិជ្ជកម្ម

ដើម្បី​សាទរ​ឆ្នាំ​ថ្មី ប្រពៃណីជាតិ ដែល​បាន​ចូលមក​ដល់នា​ថ្ងៃ​ចន្ទ ទី១៤ មេសា​នេះ លោកនា​យក​​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារលិខិត​ជូន​ជនរួមជាតិកម្រាស់ ៤ ទំព័រ។ ក្នុង​សារលិខិត ក្រៅពី​ចូលរួម​សាទរ និង​ជូនពរ​ឆ្នាំ​ថ្មី លោកនាយក​រដ្ឋមន្ត្រី បាន​លើក​បង្ហាញ​ជនរួមជាតិនូវ​មូល​ដ្ឋានគ្រឹះ​នៃ​កំណើន និង​ជា​សសរទ្រូង​ដ៏​សំខាន់ នៃ​សេដ្ឋកិច្ចកម្ពុជា រួមមាន វិស័យ​កសិ​កម្ម​​ស្រូវ​អង្ករ ផ្នែក​ឧស្សាហកម្ម​កាត់ដេរ ផ្នែក​សេវា​ទេសចរណ៍ និង​សំណង់ ព្រមទាំង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ និង​ស្ពាន ជាដើម ដែល​រដ្ឋាភិបាល សម្រេចបាន​ក្នុង​ឆ្នាំ​ចាស់​ឆ្នាំម្សាញ់​។

សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំមមី លោកនាយក​រដ្ឋមន្ត្រី បានប្រកាស​ពី​ការតាំង​ចិត្ត​របស់​រដ្ឋា​ភិ​បាល នឹង​បន្ត​ថែរក្សា​ការពារ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ឲ្យ​កាន់តែ​រឹងមាំ ដើម្បី​ធានាបាន​នូវ​បរិស្ថាន​អនុគ្រោះ សម្រាប់​ការអភិវឌ្ឍ​ប្រទេស។ 

 មុនពេល​ចាកចេញ​ពី​មាតុប្រទេសទៅ​ក្រៅប្រទេស កាលពី​ថ្ងៃទី១២ មេសា មេដឹកនាំ​គណ​បក្ស​​សង្គ្រោះ​ជាតិ លោក ​សម រង្ស៊ី ក៏បាន​ផ្ញើ​សារ​ផ្ទាល់មាត់ជូន​ជនរួមជាតិ។ ក្នុង​ខ្សែអាត់​វី​ដេ​អូ រយៈពេល​ជាង ២ នាទី នៅមុខ​ប្រាសាទអង្គរវត្ត លោក ​សម រង្ស៊ី បាន​ថ្លែង​ជូនពរ​ដល់​ជន​រួមជាតិ បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី នាំមក​នូវ​សុខសន្តិភាព​សម្រាប់​ប្រទេស​កម្ពុជា។

ក្នុង​សារ​ផ្ទាល់មាត់​ដដែល លោក ​សម រង្ស៊ី មិន​ភ្លេច​លើកឡើងអំពី​កិច្ចប្រឹងប្រែង​របស់​គណ​បក្សប្រឆាំងនៅក្នុង​ឆ្នាំ​ថ្មី ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ​តាម​ឆ​ន្ទៈរបស់​ប្រជាពលរដ្ឋ ដែល​លោក​សម រង្ស៊ី អះអាងថា មាន​ចំនួន​ច្រើន​លើសលប់ ចង់ឃើញ​ការផ្លាស់ប្តូរនៅ​កម្ពុជា។

លោក សម រង្ស៊ី បានបញ្ជាក់​បន្ថែមថា “យើង​នឹង​ខិតខំ​ទាំងអស់គ្នាសម្រេច​ឲ្យ​បាន​នូវ​គោល​ដៅ​​របស់​យើង គឺ​ការពារ​ទឹកដីឲ្យ​បាន​គង់វង្ស បំបាត់​អំពើពុករលួយ ការពារ​ព្រៃឈើ ផ្តល់​យុត្តិធម៌ជូន​ប្រជារាស្ត្រ ជាពិសេស​អ្នករងគ្រោះ ដែល​បាត់បង់​ដីធ្លី ផ្ទះសម្បែង ស្រែចំការ រង​គ្រោះ​ដោយ​អំពើ​អយុត្តិធម៌​គ្រប់បែបយ៉ាង។

ក្រៅពី​សារលិខិត និង​សារ​ផ្ទាល់មាត់​ជូនពរ​ឆ្នាំ​ថ្មី ដល់​ជនរួមជាតិ មេដឹកនាំ​គណបក្ស​ជាប់​ឆ្នោតគឺ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ផ្ញើ​សារលិខិត​ដាច់​ដោយ​ឡែក ថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មីផងដែរ។

សារលិខិត​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហេង សំរិន ប្រធានរដ្ឋសភា បាន​​រំលេច​ឡើង​នូវ​ព្រះរាជហឫទ័យ និង​ព្រះរាជ​សកម្មភាព​របស់​ព្រះមហាក្សត្រ  ក្នុង​វិស័យ​សិ​ល្បះ វប្បធម៌ សង្គមកិច្ច និង​សុខ​មាល​ភាព ដើម្បី​បុព្វហេតុ ជូន​ដល់​ប្រជានុរាស្ត្រ និង​មាតុភូមិ រួមចំណែក​ក្នុងការ​ជំរុញ​សេដ្ឋកិច្ចសង្គម ឆ្ពោះទៅកាន់​ភាព​ចម្រុងចម្រើន។

សម្រាប់​លោក ​សម រង្ស៊ី ព្រះករុណា សម្តេចព្រះ នរោត្តម សីហមុនី ទ្រង់​បាន​បំពេញ​ព្រះ​រាជ​កិច្ច​ដ៏​ឧត្តុង្គឧត្តម ជា​ព្រះមហាក្សត្រ និង​ជា​ព្រះប្រមុខរដ្ឋ​ដ៏​ឆ្នើម នៃ​កម្ពុជា ដើម្បី​ដឹកនាំ​ប្រទេស​ជាតិ ឆ្ពោះទៅរក​ភាពសុខសាន្ត រុងរឿង​ថ្កុំថ្កើង សម្បូ​ណ៍ស​ប្បាយ សម​ដូច​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​​របស់​ប្រជារាស្ត្រ​ខ្មែរ​របស់​ព្រះអង្គ​នៅ​ទូទាំងប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ