អានតួអត្ថបទ
កម្ពុជា

អ្នកភូមិ​បឹងកក់​ធ្វើ​សន្និសីទ​កាសែត​ទាមទារ​ដោះលែង​មនុស្ស

អ្នកភូមិបឹងកក់​ ដែល​មាន​គ្នា​ប្រមាណ​ជាង៥០នាក់ បាន​ប្រមូល​ផ្តុំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​បឹងកក់​ លោក ចាន់ ពុទ្ធិស័ក្តិ ប្រធាន​សមាគមន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ៉ន ពៅ លោក ថេង សាវឿន ប្រធាន​បណ្តាញ​កសិករ​​កម្ពុជា និង​កម្មករ​រោងចក្រ២០​រូប​ផ្សេង​ទៀត។ សន្និសីទ​កាសែត ដែល​មាន​ព្រះសង្ឈ​ចូល​រួម​ប្រមាណ​ជាង​១០អង្គ​ដែរនោះ​ បាន​ប្រកាស​ធ្វើ​បាតុកម្ម​តវ៉ា​ប្រសិន​បើ​គ្មាន​ការ​ដោះលែង។​

អ្នកភូមិ​បឹងកក់​បន្ត​ការតវ៉ា តែ​អាជ្ញាធរ​បំបែក និង​ចាប់ខ្លួន​តំណាងអ្នកភូមិ។
អ្នកភូមិ​បឹងកក់​បន្ត​ការតវ៉ា តែ​អាជ្ញាធរ​បំបែក និង​ចាប់ខ្លួន​តំណាងអ្នកភូមិ។ ©ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

សម្រែក​នៃ​ការទាមទារ​ដោះលែង​លោក ចាន់ ពុទ្ធិស័ក្ត លោក វ៉ន ពៅ និង​លោក ថេង​ សាវឿន និង​កម្មករ២០នាក់​ផ្សេង​ទៀត ​បាន​បន្លឺ​ឡើង​ជា​បន្ត​បន្ទាប់ ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ឃុំ​ខ្លួន​មនុស្ស២៣នាក់ ក្រោយ​បាតុកម្ម​អហិង្សា​ កាល​ពី​ថ្ងៃ​ទី២ និង​ទី៣ មករា។

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី១២ មករា​នេះ អ្នក​ភូមិ​បឹង​កក់​ប្រមាណ​ជា​៥០នាក់ រួម​ទាំង​ព្រះសង្ឃ​ជាង១០ព្រះអង្គ​ផង បាន​ប្រកាស​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​មនុស្ស២៣រូប ដែល​ពួកគេ​អះអាង​គ្មាន​កំហុស​ និង​មិន​បាន​ប្រើប្រាស់​អំពើ​ហិង្សា​អ្វី​នោះ​ទេ។

នេះ​ជា​សន្និសីទ​សារព័ត៌មាន​ដែល​ធ្វើ​ឡើង​នៅ​លើ​ផ្លូវ​រទេះ​ភ្លើង​ នៅ​ខាង​មុខ​ផ្ទះ​លោក ចាន់ ពុទ្ធស័ក្តិ ក្នុង​ភូមិ​មួយ នៃ​សង្កាត់​បឹង​កក់។ អ្នក​ចូល​រួម ដែល​មាន​បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ និង​សមាគន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​របស់​លោក វ៉ន ពៅ ផង​បាន​ប្រកាស​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​មាន​ការដោះលែង ​ដោយ​មិន​បាន​កំណត់​ថ្ងៃនៅឡើយ។ ភរិយា​​លោក ចាន់ ពុទ្ធិស័ក្តិ លោក វ៉ន ពៅ និង លោក ថេង សាវឿន ម្នាក់​ស្ថិត​ក្នុង​ទឹក​មុខ​ក្រៀម​ក្រំ និង​ទ្រ​ហោ​យំ បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ប្តី​របស់​គាត់ និង​មនុស្ស​ផ្សេងៗ​ទៀត។

អ្នក​ស្រី​ញុង​ សុហៀង ភរិយា​នៃ​លោក ថេង សាវឿន បាន​បញ្ជាក់​ថា​ ទាំង​ស្វាមី​នៃ​អ្នក​ស្រី និង​អ្នក​ផ្សេងៗ​ទៀត មាន​សភាព​ស្លេក​ស្លាំង និង​សុខភាព​ទន់​ខ្សោយ។ ទន់​ខ្សោយ​ព្រោះ​ថា​បន្ទប់​ឃុំ​ឃាំង​មួយ​បន្ទប់​ ត្រូវ​ដាក់​មនុស្ស​ជាប់​ឃុំ​រហូត​ដល់៩៨នាក់។

សូម​បញ្ជាក់​ឱ្យ​ដឹង​ថា ការ​ធ្វើ​សន្និ​សីទ​សារព័ត៌មាន​​ទាមទារ​ឱ្យ​ដោះលែង​មនុស្ស​នេះ គឺ​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ម៉ោង​ មុនអ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ លោក សូរិយា ប្រាសាទ​ ស៊ូ​ប៊ែ​ឌី ចាប់​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា និងមុន​​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​នាយក​រដ្ឋមន្ត្រី​​វៀតណាម ង្វៀន ​តាន់​យ៉ុង នៅ​កម្ពុជា​ផង​ដែរ។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក​ អ៊ុំ សំអាត ដែល​បាន​ចូល​រួម​ក្នុង​សន្និសីទ​កាសែត​ដែរ​នោះ បាន​ថ្លែង​ថា រដ្ឋាភិបាល​គួរ​តែ​ដោះ​លែង​មនុស្ស​ទាំង២៣នាក់​នេះ ដោយសារ​តែ​ការ​ចូលរួម​​តវ៉ា​នោះ គឺ​ជា​ការសម្តែង​មតិ និង​មិន​បាន​ប្រើប្រាស់​អំពើ​ហិង្សា​នោះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ