កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 05 មេសា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 05 មេសា 2012

អាជ្ញាធរ​បារាំង៖​ បុរស​និង​កូន​៤​នាក់​ដែល​ស្លាប់​ក្នុង​ត្រពាំង គឺជា​​គ្រួសាររបស់​​លោក​វ៉ាលីយ៉េ​

កូនតូចៗប្រុសស្រី៤នាក់របស់​លោក​​ឡូរ៉ង់​ វ៉ាលីយ៉េ​ជន​ជាតិ​បារាំង​
កូនតូចៗប្រុសស្រី៤នាក់របស់​លោក​​ឡូរ៉ង់​ វ៉ាលីយ៉េ​ជន​ជាតិ​បារាំង​
RFI/Leang Delux

ដោយ លាង ដឺលុច

ស្ថានទូត​​បារាំង​​ប្រចាំ​​កម្ពុជា ​​បាន​​ចេញ​​ផ្សាយ​​សេចក្តី​ប្រកាស​​ព័ត៌មាន​​​មួយ​​នៅ​​ថ្ងៃ​​នេះ​ដើម្បី​​បញ្ជាក់​​ថា ​បុរស​​ម្នាក់​​និង​​កូន​​តូចៗ​​ប្រុស​ស្រី​​៤​​នាក់​​ដែល​​ស្លាប់​​យ៉ាង​​អាថ៌​កំបាំង​​នៅ​​ក្រោយ​​ផ្ទះ​​របស់​​ខ្លួន​​នោះ ​គឺ​​ពិត​​ជា​​លោក​​ឡូរ៉ង់​ វ៉ាលីយ៉េ​ ​ជនជាតិ​​បារាំង​​ពិត​​ប្រាកដ​​មែន។​ ការ​​បញ្ជាក់​​នេះ​​ត្រូវ​​បាន​​ធ្វើ​​តាម​​រយៈ​​ការ​​ធ្វើ​​កោសល្យ​វិច័យ​​លើ ​​DNA​ ​​របស់​​ជន​​រងគ្រោះ​​ទាំង​​នេះ។

សេចក្តីរាយការណ៍​របស់ លាង​​ ដឺលុច ពីទីក្រុងភ្នំពេញ
 

05/04/2012 by លាង ដឺលុច

នៅ​ក្នុង​អំឡុង​ខែ​កញ្ញា​ឆ្នាំ​២០១១​កន្លងទៅ លោក​ឡូរ៉ង់ វ៉ាលីយេ និង​កូន​ប្រុស​ស្រី​៤​នាក់​ស្រាប់​តែ​បាត់​ខ្លួន​គ្មាន​ដំណឹង​ទាល់​តែ​សោះ។ ស្ថានទូ​បារាំង​ប្រចាំ​កម្ពុជា​ក៏​បាន​ជូន​ដំណឹង​អំពី​ការ​បាត់​ខ្លួន​របស់​ក្រុម​គ្រួសារ​លោក​វ៉ាលីយេ​នេះ​ទៅ​អាជ្ញាធរ​កម្ពុជា​ដែរ។
 

RFI/Leang Delux

នៅ​ថ្ងៃ​ទី​១៤​មករា ពោល​គឺ​៤​ខែ​ក្រោយ​មក ស្ថានទូត​បារាំង​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​សរសេរ​ថា អាជ្ញាធរ​កម្ពុជា​បាន​រកឃើញ​រថយន្ត​មួយ​ដែល​បាន​លិច​កប់​ក្នុង​ទឹកស្រះ​ក្រោយ​ផ្ទះ​របស់​លោក​វ៉ាលីយេ​នៅ​ក្នុង​ច្បារមន​ខេត្ត​កំពង់ស្ពឺ​នោះ។ រឿង​ដ៏​គួរ​សោក​សង្រេង​នោះ​ គឺ​គេ​បាន​រក​ឃើញ​គ្រោង​ឆ្អឹង​ជា​ច្រើន​នៅ​ក្នុង​រថយន្ត​នោះ ហើយ​សមត្ថកិច្ច និង​ស្ថានទូត​បារាំង​សង្ស័យ​ថា អាច​ជា​សាកសព​របស់​ក្រុម​គ្រួសារ​របស់​លោក​វ៉ាលីយេ​នោះ។ ប៉ុន្តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់លាស់​នោះ​ឡើយ។
 
ទើប​តែ​នៅ​ថ្ងៃ​៥​មេសា​នេះ ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​បាន​ប្រកាស​ផ្លូវការ​បញ្ជាក់​ថា តាម​រយៈ​ការធ្វើ​កោសល្យវិច័យ​DNA សាកសព​នៅ​ក្នុង​រថយន្ត​ដែល​លិច​ក្នុង​ទឹក​ស្រះ​នោះ គឺ​ជា​សាកសព​របស់​ក្រុម​គ្រួសារ​របស់​លោក​ឡូរ៉ង់ វ៉ាលីយេ​មែន។ ហើយ​ថា លទ្ធផល​កោសល្យ​វិច័យ​ដែល​ធ្វើ​ដោយនគរបាល​របស់​បារាំង​នេះ​ត្រូវ​បាន​ប្រគល់​អោយ​អាជ្ញាធរ​កម្ពុជា​ហើយ​ដែរ។
 
សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង​បាន​សរសេរ​បន្ថែម​ថា ការ​ស៊ើបអង្កេត​មួយ​ដោយ​ចៅក្រម​ស៊ើបសួរ​របស់​បារាំង​ក៏​បាន​ប្រព្រឹត្តិទៅ​ដូច​គ្នា នឹង​តុលាការ​ខេត្ត​កំពង់ស្ពឺ​របស់​ប្រទេស​កម្ពុជា​ដែរ។ ហើយ​ចៅស៊ើបអង្កេត​របស់​បារាំង​ក៏​បាន​ចេញ​ដីកា​អន្តរជាតិ​មួយ ដើម្បី​ស្នើ​សុំ​អោយ​បញ្ជូន​គ្រោង​ឆ្អឹង​របស់​ក្រុម​គ្រសារ​លោក​វ៉ាលីយេ​ទៅ​ប្រទេស​បារាំង​ដើម្បី​ការ​ស៊ើបអង្កេត​បន្ថែម។
 
គួរ​បញ្ជាក់​ថា លោក​ឡូរ៉ង់ វ៉ាលីយេ​បាន​ចូល​មក​រស់​នៅ​កម្ពុជា​រយៈ​ជាង​១២​ឆ្នាំ​ហើយ។ ប្រពន្ធ​លោក​វ៉ាលីយេ​ជា​ជន​ជាតិ​ខ្មែរ​បាន​ស្លាប់​នៅ​ក្រោយ​ពេល​សំរាល​កូនទី​៤​ហើយ។ ការ​ស្លាប់​របស់​លោក​វ៉ាលីយេ និង​កូនប្រុសស្រី​យ៉ាង​អាណោចអាធម​នៅ​តែ​ស្ថិត​នៅ​ក្នុង​អាថ៌កំបាំង​ដដែល៕

 

tags: កម្ពុជា - បារាំង
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close