អានតួអត្ថបទ
កម្ពុជា

ក្រុម​​ហ៊ុន​ អា​​កាស​​ចរណ៍​​កម្ពុ​ជា​​គ្រោង​​ព​​ង្រីក​​ជើង​​ហោះ​​ហើរ​​ទៅ​​កាន់​​ប្រ​​ទេស​​ជ​​ប៉ុន​​នៅ​​ចុង​​ឆ្នាំ​​

ក្រោយ​ការ​បង្កើត​អស់​រយៈ​ពេល​៥​ឆ្នាំ ​ក្រុម​ហ៊ុន​អា​កាស​ចរណ៍​ជាតិ​កម្ពុជា​អង្គរ​អ៊ែរ​ ដែល​មាន​កម្ពុ​ជា​គ្រប់​គ្រង​ភាគ​ហ៊ុន​ជា​មួយ​ភា​គី​វៀត​ណាម​ គ្រោង​នឹង​ពង្រីង​ជើង​ហោះ​ហើរ​ទៅ​កាន់​ប្រ​ទេស​ជប៉ុន​នៅ​ចុង​ឆ្នាំ​២០១៤​ ។

យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍មួយនៅកម្ពុជា។
យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍មួយនៅកម្ពុជា។ REUTERS/Luke MacGregor
ផ្សាយពាណិជ្ជកម្ម

ក្រុម​ហ៊ុន​អា​កាស​ចរណ៍​ជាតិ​កម្ពុជា​ខេម​បូ​ឌា​អង្គរ​អ៊ែរ​ នឹង​ផ្តើម​ការ​ហោះ​ហើរ​ជា​លើក​ទី​១​ទៅ​ទី​ក្រុង​តូ​ក្យូ​ប្រ​ទេស​ជ​ប៉ុន​នៅ​ចុង​ឆ្នាំ​២០១៤​នេះ​។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ តឹក​រ៉េក​ សំ​រេច​ ប្រ​ធាន​ក្រុម​ប្រឹ​ក្សា​ភិ​បាល​ក្រុម​ហ៊ុន​អា​កាស​ចរណ៍​ជាតិ​អង្គរ​អ៊ែរ​ដែល​បាន​ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌​មាន​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្បតិ៍​ទី​២១​ សី​ហា​នេះ​។

លោក​ តឹក​រ៉េក​ សំ​រេច​ បាន​បញ្ជាក់​ការ​ស​ម្រេច​ព​ង្រីក​ជើង​ហោះ​ហើរ​យ៉ាង​ដូច​នេះ​ គឺ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក​សុខ​ អាន​ ឧប​នា​យក​រដ្ឋ​មន្ត្រី ​បាន​ជួប​ពិ​ភា​ក្សា​ជា​មួយ​រដ្ឋ​មន្ត្រី​ក្រ​សួង​ដឹក​ជញ្ជូន​នៃ​ប្រ​ទេស​វៀត​ណាម​លោក​ Ding La Thung​(ឌិញ ឡា​ថាំង​)​នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​កម្ពុជា​ស្តី​ពី​បញ្ហា​អា​កាស​ចរណ៍​ស៊ី​វិល​។​ វិ​ស័យ​អា​កាស​ចរណ៍​កម្ពុជា​ដែល​លោក​ តឹក​រ៉េក ​សំ​រេច​ បាន​អះ​អាង​ថា ​គឺ​ជា​វិ​ស័យ​សំ​ខាន់​ដែល​សេដ្ឋ​កិច្ច​កម្ពុ​ជា​បាន​ពឹង​ពាក់​តាម​រ​យៈ​ភ្ញៀវ​ទេស​ចរណ៍​។​
 
ការ​ពង្រីក​ជើង​ហោះ​ហើរ​នៅ​ចុង​ឆ្នាំ​២០១៤​នេះ​ ក៏​ជា​ជំ​ហ៊ាន​ដំ​បូង​មុន​នៃ​ការ​ពង្រីក​ទៅ​កាន់​ទី​ក្រុង​សេ​អ៊ូល​ នៃ​ប្រ​ទេស​កូ​រ៉េ​ខាង​ត្បូង​ និង​ទី​ក្រុង​ប៉េ​កាំង​ប្រ​ទេស​ចិន​ជា​បន្ត​បន្ទាប់​។ ​បើ​តាម​លោក​ តឹក​រ៉េក​ សំ​រេច​ដ​ដែល​ ការ​ពង្រីក​ជើង​ហោះ​ហើរ​ទៅ​កាន់​ប្រ​ទេស​ជប៉ុន​នេះ​គឺ​ជា​ការ​ពង្រឹង​ទុក​នៃ​ភ្ញៀវ​ទេស​ចរណ៍​ជប៉ុន​ដែល​តែង​តែ​ធ្វើ​ដំ​ណើរ​មក​កាន់​កម្ពុជា​។​ ជន​ជាតិ​ជ​ប៉ុន​ប្រ​មាណ​ជាង​ ២​សែន​នាក់​ បាន​មក​ទស្ស​នា​ប្រ​សាទ​អង្គរ​វត្ត​កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ​។​
 
សូម​បញ្ជាក់​ថា​ ក្រុម​ហ៊ុន​អា​កាស​ចរណ៍​កម្ពុជា​អង្គរ​អ៊ែរ​ គឺ​ជា​ក្រុម​ហ៊ុន​ជាតិ​ដែល​រដ្ឋ​កម្ពុជា​គ្រប់​គ្រង់​ភាគ​ហ៊ុន​ចំ​នួន​៥១​ភាគ​រយ​ និង​ភា​គី​វៀត​ណាម​អ៊ែរ​ឡាញ​ចំ​នួន​៤៩%​។ ​ក្រុម​ហ៊ុន​ភា​គី​រួម​គ្នា​ជា​មួយ​ប្រ​ទេស​វៀត​ណាម​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០៩​ជា​ការ​ហោះ​ហើរ​ក្នុង​ស្រុក​ និង​បណ្តា​ប្រ​ទេស​ជិត​ខាង​ដូច​ជា​ហូ​ជី​មីញ​ ប្រ​ទេស​វៀត​ណាម​ និង​បាង​កក​ប្រ​ទេស​ថៃ ​រួម​ទាំង​ទី​ក្រុង​សៀង​ហៃ​ប្រ​ទេស​ចិន​ផង​ដែរ​។ ​ហើយ​បច្ចុ​ប្បន្ន​ក្រុម​ហ៊ុន​កូន​កាត់​នេះ​ មាន​យន្ត​ហោះ​ប្រ​ភេទ​ATR​ចំ​នួន​៣​គ្រឿង​ និង​យន្ត​ហោះ​ប្រ​ភេទ​Air​ Bus​ 320​ចំ​នួន​៦​គ្រឿង​ផង​ដែរ​។
 
ប្រ​ធាន​ក្រុម​ប្រឹ​ក្សា​ភិ​បាល​ក្រុម​ហ៊ុន​កម្ពុជា​អង្គរ​អ៊ែរ​លោក​ តឹក​រ៉េក សំ​រេច​ បាន​លើក​ឡើង​ថា ​ការ​ពង្រីក​ជើង​ហោះ​ហើ​ទៅ​កាន់​តំ​បន់​ និង​ពិ​ភព​លោក​នេះ​ គឺ​ជា​ការ​បង្ហាញ​អត្ត​សញ្ញាណ​ជាតិ​លើ​ឆាក​អន្តរ​ជាតិ​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ