អានតួអត្ថបទ
កម្ពុជា

មេ​ដឹក​នាំ​សហជីព​នឹង​ទៅ​បង់​ប្រាក់​តម្កល់​នៅ​ថ្ងៃ​ចន្ទ​បើ​ទោះ​ជា​មិន​ពេញ​ចិត្ត​នឹង​ការ​​បង្គាប់​របស់​តុលាការ​ក៏​ដោយ​

លោក ​អាត់​ ធន់ ​ប្រធាន​​សហជីព​ ស៊ី​ខៅ​ឌូ ​ប្រកាស​ថា​​លោក​ នឹង​​ទៅ​​បង់​ប្រាក់​​តម្កល់​​ចំនួន​២៥​​.០០០​ ដុល្លារ​ នៅ​​សាលា​ដំបូង​​រាជធានី​​ភ្នំពេញ​​នៅ​​ថ្ងៃ​​ចន្ទ​​ស្អែក​​ដើម្បី​​បាន​​នៅ​ក្រៅ​​ឃុំ​។​ មេ​ដឹក​នាំ​​សហជីព​​រូប​នេះ ​ឲ្យ​​ដឹង​ថា​​ថវិកា​ដែល​​ប្រមូល​បាន​​ពី​ស​ប្បរ​សជន ​និង​​កម្មករ​​បាន​​ជិត​​គ្រប់​ចំនួន​​ហើយ​​គិត​​មក​​ត្រឹម​​ថ្ងៃ​​សៅរ៍​​ម្សិល​មិញ។​

លោក អាត់ ធន់ ប្រធានសម្ពន័សហជីព ស៊ីខៅឌូ ។
លោក អាត់ ធន់ ប្រធានសម្ពន័សហជីព ស៊ីខៅឌូ ។ RFI-ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ថវិកាដែល​ប្រមូល​ពី​កម្មករ​តាម​បណ្តារ​រោងចក្រ​នានា និង​សប្ប​រស​ជនជាតិ​និង​អន្តរជាតិ​បាន​ជិត​គ្រប់​ចំនួន​ប្រាក់​តម្កល់​ដែល​ត្រូវ​បង់​ឲ្យ​តុលាការ​ហើយ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​មេដឹកនាំសម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ហៅ​កាត់​ថា​ស៊ីខៅឌូ។ហើយ​ថវិកា​ដែល​ប្រមូលបាន​ទាំងអស់​នឹងត្រូវ​យកទៅ​បង់​ឲ្យ​តុលា​ការ​ទុកជា​ប្រាក់​តម្កល់​នៅ​រសៀល​ថ្ងៃទី១២ខែឧសភា ស្អែក​នេះ មួយ​សប្តាហ៍​មុន​កាលកំណត់​ចុងក្រោយ​របស់​តុលាការ​នៅ​ថ្ងៃទី១៩ឧសភា។

លោក អាត់ ធន់ ប្រធាន​សហជីព ស៊ីខៅឌូ ដែល​រង​នូវ​ពាក្យបណ្តឹង​ពី​ថៅកែ​រោងចក្របោ​ក​គក់ សម្លៀក​ប​ពាក់ SL បាន​ថ្លែងថា លោក​ប្រមូល​ថវិកា​បាន ៩០ ភាគរយ​ហើយ ក្នុងចំណោម​ថវិកាសរុប ដែល​ត្រូវ​តម្កល់​នៅ​តុលាការ​ចំនួន ២៥.០០០ ដុល្លារ។ ក្នុងនោះដែរថ​វិកា​​ដែល​បាន​ពី​ការ​រៃអង្គាស​ពី​កម្មករ​កាត់ដេរ​មាន​ប្រមាណ​ជិត​មួយ​ម៉ឺន​ដុល្លារ ។ក្រៅពីនោះក៏មាន​ថវិកា​របស់​សហជីព​បរទេស​នានា​ពី​បរទេស​ដែរ។

ការដែល​ចាំបាច់​ត្រូវតែ​ដាក់​លុយ​តម្កល់​នេះ ត្រូវ​លោក អាត់ ធន់ ឲ្យ​ដឹងថា​គឺ​ដើម្បី​ចៀសវាង​ពី
ការឃុំខ្លួន​ដោយ​តុលាការ ទាក់ទង​ទៅនឹង​បណ្តឹង​មួយចំនួន​ពី​ថៅកែ​រោងចក្រ​SL ហើយ​ដែល​ត្រូវ​ចោទប្រកាន់​ដោយ​តុលាការ​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​អំពើ​ហិង្សា​នៅក្នុង​ការតវ៉ា​របស់​ក​ម្មករ​​រោងចក្រ​SL កន្លងមក។ ក៏ប៉ុន្តែ​មេដឹកនាំ​សហជីព​ដែល​រង​នូវ​បណ្តឹង​ញាំញី​រូបនេះ​បដិ​សេធ​។លោក អាត់ ធន់ ថា​អង្គហេតុ​នៃ​ការចោទប្រកាន់​មិន​ត្រឹមត្រូវ ហើយ​ថែមទាំង​បង្គាប់​ឲ្យ​មានការបង់ប្រាក់​តម្កល់​ហួស​ពី​សមត្ថភាព​ទៀត។

ទោះយ៉ាងណា ​លោក អាត់ ធន់ ចាំបាច់​ត្រូវតែមាន​ការតម្កល់​ប្រាក់​ដើម្បី​បាន​នៅក្រៅ​ឃុំ ចៀស​​វាង​ការចោទប្រកាន់​បន្ថែមទៀត​ថា​មិន​គោរព​ការសម្រេច​របស់​តុលាការ។ ក្រៅពីនេះ​តុលាការ​ក៏បាន​បង្គាប់​ឲ្យ​លោក អាត់ ធន់ ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ ដោយ​ឲ្យ​ដកហូត​សិទ្ធិ​សហជីព សិទ្ធិ​ជួបជុំ​ជាមួយ​កម្មករ​ដូច​សព្វមួយដង​ជាដើម។

សូមបញ្ជាក់ថា សហជីព​ស៊ី​ខៅ​ឌូ និង​រោងចក្រ SL បាន​ចុះ​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ៣ ខែធ្នូ ឆ្នាំ២០១៣ ថា​មិន​មានការ​គុំ​គួរ ឬ​រើសអើង​សហជីព និង​មិន​ប្តឹង​តំណាង​សហជីព​ទៅ​តុលា​ការ​​ទេ។ក៏ប៉ុន្តែ​ក្រោយមក​ថៅកែ​រោងចក្រ SL បាន​សើរើ​រឿងនេះ​មកប្តឹង​ឡើងវិញ ដែល​សហជីព​និយាយថា ជាការ​រំលោភ​លើ​កិច្ចព្រមព្រៀង។

ទាក់ទង​ទៅនឹង​បណ្តឹង​ប្រឆាំង​មេ​សហជីព​នេះដែរ សហជីព​អន្តរជាតិ​បាន​សម្តែង​នូវ​ប្រតិកម្ម​ជា​បន្តបន្ទាប់។ កាលពី​ថ្ងៃទី ២៥ខែមេសា​កន្លងទៅនេះ សហជីព Industri All ជា​សហជីព​អន្តរជាតិ តំណាង​កម្មករ​ជាង៥០លាន​នាក់ មាន​សមាជិក១៤០ប្រទេស​នៅ​ពេញ​ពិភពលោក បាន​ផ្ញើលិខិត​ទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​សម្តែង​ពី​ការបិទ​សិទ្ធិសេរីភាព​សហជីព រំលោភសិទ្ធិ​កម្មករ​ជាដើម។ សហជីព​អន្តរជាតិ​បានលើកឡើង​ជាក់ស្តែង​ក​រ​ណី​រោងចក្រ SL បាន​ប្តឹង លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ស៊ី​ខៅ​ឌូ ទៅ​តុលាការ​រាជធានី​ភ្នំពេញ និង​បិទ​សិទ្ធិសេរីភាព មិនមាន​ការជួបជុំ ឬ​ដឹកនាំ​កម្មករ​បានទេ ជាពិសេស​បង្គាប់​បង់់ប្រាក់២៥.០០០ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ