អានតួអត្ថបទ
កម្ពុជា

រដ្ឋ​សភា​​ព្រ​មាន​​ចាត់​​វិធាន​ការ​​តាម​ច្បាប់​បោះ​ឆ្នោត​ លើ​គណ​បក្ស​សង្គ្រោះ​ជាតិ​

ព្រឹត្តិ​ការណ៍​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ កើត​មាន​អំ​ពើ​ហិ​ង្សា​លើក​ង​កម្លាំង​សន្តិ​សុខ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥​កក្កដា​ ត្រូវ​បាន​រដ្ឋ​សភា​ ថ្លែង​ការណ៍​ថ្កោល​ទោស​ ដោយ​ចាត់​ទុក​ជា​អំ​ពើ​ហិ​ង្សា​ដ៏​ឃោ​ឃៅ​ព្រៃ​ផ្សៃ​ អ​មនុស្ស​ធម៌​ និង​រំ​លោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​។ អំ​ពើ​ហិ​ង្សា​ ក្នុង​បាតុ​កម្ម​នោះ​ ត្រូវ​បាន​រដ្ឋ​សភា​ ដែល​សព្វ​ថ្ងៃ​មាន​តែ​សមា​ជិក​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ លើក​ឡើង​ថា ​បង្ក​ឡើង​ដោយ​ជន​អនា​ធិប​តេយ្យ​ មានការចាត់តាំង ដឹកនាំ​ដោយ​ឈ្មោះ មូរសុខហួរ ហូរវ៉ាន់ ម៉ែនសុថាវរិន្ទ្រ​ កែវ​ ភារ​ម្យ​ រៀល​ខេម​រិន្ទ្រ​ និង​បក្ខ​ពួក។​ លោក​ ឈាង​ វុន​ សមា​ជិក​គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋ​ស​ភា​ ក៏​បាន​ព្រ​មាន​ក្នុង​ស​ន្និ​សីទ​កា​សែត​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា ​រដ្ឋ​សភា​ នឹង​អនុវត្ត​ច្បាប់​បោះ​ឆ្នោត​ ខណៈ​ដែល​គណ​បក្ស​ស​ង្គ្រោះ​ជាតិ​ បោះ​បង់​ចោ​ល​​អា​ស​នៈ​រដ្ឋ​សភា​ រយៈ​ពេល​ជិត​ ១​ ឆ្នាំ​មក​ហើយ​ គិត​ចាប់​ពី​ការ​បោះ​ឆ្នោត​។ ​ 

លោក​ ឈាង​ វុន​ ធ្វើ​សន្និ​សិទ​កា​សែត​ នៅ​ថ្ងៃ​ទី​១​៨​ ខែ​ក​ក្ដដា​ ២០១៤​។​
លោក​ ឈាង​ វុន​ ធ្វើ​សន្និ​សិទ​កា​សែត​ នៅ​ថ្ងៃ​ទី​១​៨​ ខែ​ក​ក្ដដា​ ២០១៤​។​ RFI
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្មរបស់រដ្ឋសភា ទើបតែធ្លាក់មក នៅថ្ងៃ១៧កក្កដានេះ តាមរយៈសេចក្តីថ្លែងការណ៍ និង​សម្តីផ្ទាល់មាត់របស់សមាជិកគណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈ​កម្មការ​កិច្ច​ការបរទេស និងព័ត៌មាន របស់រដ្ឋសភា លោកតំណាងរាស្ត្រ ឈាង វុន។

ក្នុងសន្និសីទកាសែត នៅរដ្ឋសភា នាព្រឹកនេះ លោក ឈាង វុន ដែលអះអាងថា នៅថ្ងៃ១៥​កក្កដា​ លោកស្ថិតនៅក្នុងសិក្ខាសាលាមួយ នៅខេត្តសៀមរាប បានរៀបរាប់ អមដោយ​រូបភាព​វិដេអូ នៃការប៉ះទង្គិចរវាងបាតុករ និងក្រុមសន្តិសុខ នៅជិតទីលានប្រជាធិបតេយ្យ កាលពីថ្ងៃ​១៥កក្កដា។ ក្រុមសន្តិសុខខណ្ឌដូនពេញ ដែលធ្លាប់​តែវាយបង្ក្រាបដោយ​ដំបងយ៉ាងឃោរ​ឃៅ​​ គ្មានរើសមុខលើអ្នកតវ៉ា និងអ្នកកាសែត នាពេលកន្លងមក រាប់ភ្លេចនោះ។

ប៉ុន្តែអំពើហិង្សា រវាងបាតុករ និងកងសន្តិសុខ កាលពីថ្ងៃ១៥កក្កដា ត្រូវបានរដ្ឋសភា និងលោក ឈាង វុន អះអាងថា ជាអំពើហិង្សា បង្កឡើងដោយជនអនាធិបតេយ្យ មានការចាត់តាំង ដឹកនាំដោយបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រច្រើនរូម រួមទាំងលោកស្រី មួរ សុខហួរ និងបក្ខពួក។ អំពើហិង្សានោះ បានធ្វើឲ្យមានចលាចល ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រជាពលរដ្ឋ ដែលកំពុងរស់នៅយ៉ាងសុខសាន្ត មានការភ័យខ្លាច ហើយទ្រព្យសម្បត្តិសាធារណៈ និងឯកជន ត្រូវបានបំផ្លិចបំផ្លាញ។

ក្រៅពីថ្កោលទោស និងចាត់ទុកបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ថាជា​ជនអនាធិបតេយ្យពេញទី ហើយស័ក្តិសមនឹងត្រូវចាប់ខ្លួន ដោយវ៉ៃខ្នោះដៃស្លាបសេកនោះ លោក ឈាង វុន ក៏បានព្រមានថា រដ្ឋសភា នឹងអនុវត្តនូវច្បាប់បោះឆ្នោត ចំពោះគណបក្ស​សង្គ្រោះជាតិ ដែលបោះបង់អាសនៈ និងការមិនគោរពតាមសេចក្តី​សម្រេចរបស់ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ជាដើម។

តាមលោកឈាងវុន បន្ទាប់ពីការបោះឆ្នោតជិត ១ឆ្នាំ គិតរហូតដល់ពេលនេះ គឺដល់ពេល​ដែល​រដ្ឋាភិបាល និងរដ្ឋសភា ត្រូវអនុវត្តវិធានការច្បាប់ ដើម្បីកុំឲ្យប្រទេសកម្ពុជា ធ្លាក់ចូល​សភាព​ការណ៍ ដូចឆ្នាំ១៩៧។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹមសុវណ្ណ អះអាងថា មិនខ្វល់នឹងប្រតិកម្ម​របស់​រដ្ឋសភា និងអ្នកតំណាងរាស្ត្រ នៅពេលនេះទេ ព្រោះប្រតិកម្មនោះ ជាជំហររបស់គណបក្ស​ប្រជាជនកម្ពុជា។ ផ្ទុយទៅវិញ លោក យឹម សុវណ្ណ កត់សម្គាល់ថា ហេតុការណ៍បង្ក្រាប​បាតុ​កម្ម​ នាំឲ្យរបួស និងស្លាប់ ចាប់តាំងពីការបោះឆ្នោត បែរជារដ្ឋសភានៅស្ងៀម។

គណបក្សប្រឆាំង ក៏មិនខ្វល់នឹងការព្រមានដកហូតអាសនៈរដ្ឋសភា របស់គណបក្ស​សង្គ្រោះ​ជាតិនោះទេ ព្រោះលោក យឹមសុវណ្ណ លើកឡើងថា ពេលនេះ គណបក្សប្រជាជនកម្ពុជា បា​ន​ធ្វើតាមអំពើចិត្ត ដើម្បីសម្លាប់ប្រជាធិបតេយ្យ នៅកម្ពុជា។

យ៉ាងណាក៏ដោយ ទាំងលោក ឈាង វុន និងទាំងលោក យឹម សុវណ្ណ បានអះអាងថា គណ​បក្ស​ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅតែបើកចំហរ និងរង់ចាំជានិច្ច ដើម្បីចូល​រួម​តុចរចាឡើងវិញ។ ប៉ុន្តែគ្រាន់តែថា មកដល់ថ្ងៃនេះ គណបក្សទាំងពីរ មិនបាន​ទាក់ទង​គ្នា​ទេ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ