អានតួអត្ថបទ
កម្ពុជា

តំ​​ណាង​​រាស្ត្រ​ ១២០ រូប លើក​​ដៃ ​អនុម័ត​​ជា​​ឯក​ច្ឆ័ន្ទ​​លើ​​ការ​​កែ​​ប្រែ​​រដ្ឋ​​ធម្មនុញ្ញ ​ពាក់​​ព័ន្ធ​​នឹង​​គជប​

សេចក្តី​ស្នើ​ច្បាប់​ធម្មនុញ្ញ ស្តីពី វិសោធន​កម្ម មាត្រា ៧៦ និង​មាត្រា​ទាំង​ឡាយ​ពី​ជំពូក​ទី​១៥​ថ្មី ដល់​ជំពូក​ទី​១៦​ថ្មី នៃ​រដ្ឋ​ធម្មនុញ្ញ កំណត់​ពី​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត គជប ត្រូវ​បាន​អ្នក​តំណាង​រាស្ត្រ ១២០ រូប ដែល​បាន​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃ​ទី​១​តុលា​នេះ បាន​លើក​ដៃ អនុម័ត​ជា​ឯក​ច្ឆ័ន្ទ។ វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ នា​ពេល​នេះ ដើម្បី​អ្វី​ដែល​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង អះ​អាង​ថា នឹង​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត លើក​ក្រោយ​ៗ ប្រកប​ដោយ​យុត្តិធម៌ សេរី និង​ត្រឹម​ត្រូវ ពិសេស​កុំ​ឲ្យ​មាន​ការ​ជាប់​គាំង​នយោបាយ​ត​ទៅ​ទៀត។

រដ្ឋសភាបើកសម័យប្រជុំនៅថ្ងៃទី ០១ តុលា ឆ្នាំ ២០១៤។
រដ្ឋសភាបើកសម័យប្រជុំនៅថ្ងៃទី ០១ តុលា ឆ្នាំ ២០១៤។ @RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ស្នើ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ ស្តីពី វិសោធន​កម្ម​មាត្រា ៧៦ ថ្មី និង​ការ​បង្កើត​ជំពូក ១៥​ថ្មី ទាក់​ទង​នឹង​អង្គ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត គជប មាន​ពីរ​មាត្រា និយាយ​ពី​គជប ត្រូវ​ជា​អង្គ​ការ​ឯករាជ្យ អព្យា​ក្រឹត្យ គជប​មាន​សមាជិក ៩ រូប មាន​អាណត្តិ ៥ ឆ្នាំ តួនាទី​គជប ត្រូវ​រៀប​ចំ​ការ​បោះ​ឆ្នោត ជាដើម។ ក្នុង​នោះ ជំពូក ១៥ ថ្មី នៃ​រដ្ឋ​ធម្មនុញ្ញ ក៏បាន​កំណត់​ថា ករណី​ដែល​ខកខាន មិនបាន​រៀបចំ​សមាសភាព​គជប​ថ្មី​បានទេ គឺ​គជប​ចាស់ ត្រូវ​ដំណើរការ​របស់​ខ្លួន។

ក្នុង​សេចក្តី​ស្នើច្បាប់​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​នោះ មិន​បាន​កំណត់​ថា សមាជិក​គជប ទាំង ៩ រូប ត្រូវមាន​អភ័យ​ឯក​សិទ្ធិ ដូច​តំណាង​រាស្ត្រ ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន ដូច​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ និង​សង្គម​ស៊ីវិល ចង់​បាន​នោះ​ទេ។ ពោល​គឺ​សេចក្តី​ស្នើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ ដែល​រដ្ឋសភា​បាន​អនុម័ត នៅ​ថ្ងៃ​នេះ គឺ​ជា​សេច​ក្តី​ព្រាង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ពេល​ចរចា​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ កាល​ពី​ថ្ងៃ​ទី​១​សីហា​។សេចក្តី​ស្នើ​ច្បាប់ ដើម្បី​ដាក់​គជប ជា​ស្ថាប័ន​ធម្មនុញ្ញ ដែល​រដ្ឋ​សភា​ប្រជុំ​អនុម័ត នា​ព្រឹក​ថ្ងៃ​ទី​១​តុលា​នេះ គឺ​មិន​មាន​កិច្ច​ពិភាក្សា ឬ​អ្នក​តំណាង​រាស្ត្រ​ណា​ម្នាក់ ឡើង​បញ្ចេញ​យោបល់​នោះ​ទេ​។  

លោក អេង ឆៃអ៊ាង ប្រធាន​គណៈ​កម្មការ​ទី​១​រដ្ឋ​សភា ដែល​តំណាង​ឲ្យ​អ្នក​តំណាង​រាស្ត្រ​ឡើង​ការពារ​សេចក្តី​ស្នើ​ច្បាប់ បាន​ថ្លែង​បញ្ជាក់​ក្នុង​អង្គ​ប្រជុំ​រដ្ឋ​សភា​ថា ការ​មិន​មាន​ការ​ពិភាក្សា​លើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ នាពេល​នេះ ដោយ​សារ​តែ​សេចក្តី​ស្នើ​ច្បាប់​នេះ មាន​អ្នក​តំណាង​រាស្ត្រ ៨៥ រូប ( មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះ​ជាតិ ) បាន​ចុះហត្ថ​លេខា ស្នើ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​នេះ​។

ជាការ​កត់​សម្គាល់ កិច្ច​ប្រជុំ​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃ​ទី​១​តុលា​នេះ មាន​វត្ត​មាន​របស់​ប្រមុខ​ដឹក​នាំ​​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុនសែន  លោក​សមរង្ស៊ី លោក​កឹម​សុខា ព្រម​ទាំង​អង្គ​ទូត​ជា​ច្រើន​ផ្សេង​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ