កម្ពុជានិងឥណ្ឌូណេស៊ីស្វែងរកការឯកភាពក្នុងអាស៊ាន លើបញ្ហាជម្លោះសមុទ្រចិនខាងត្បូង

លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បានព្រមព្រៀងគ្នា ស្វែងរកការឯកភាពក្នុងអាស៊ាន លើបញ្ហាជម្លោះសមុទ្រចិនខាងត្បូង។ ប្រមុខការទូតទាំងពីរ បានសម្រេចដាក់ចេញនូវគោលការណ៍មួយចំនួន ទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង ដើម្បីឈានទៅរកការឯកភាពគ្នា ដើម្បីចេញសេចក្តីថ្លែងការណ៍រួម រវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន។
លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានជួបលោក ម៉ាទី ណាតាឡេហ្គាវ៉ា រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ដោយពិភាក្សាបិទទ្វារប្រហែល ១ ម៉ោង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ កិច្ចពិភាក្សារវាងប្រមុខការទូតទាំងពីរ ដើម្បីរក្សាការឯកភាពក្នុងអាស៊ាន ទាំង ១០ ប្រទេស ពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បូង។
ក្នុងសន្និសីទកាសែត បន្ទាប់ពីកិច្ចប្រជុំ លោក ហោ ណាំហុង បានលើកឡើងថា លោកបានឯកភាពជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លើចំណុចជាគោលការណ៍មួយចំនួន របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង។
ចំណុចនៃគោលការណ៍ទាំងនោះ មិនត្រូវបាន លោកហោ ណាំហុង ប្រកាសឲ្យដឹងទេ។ ក៏ប៉ុន្តែ លោកនឹងបញ្ជូនទៅកាន់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បីសុំការយល់ព្រមលើចំណុចនៃគោលការណ៍ទាំងនោះ។
លោកហោ ណាំហុង សង្ឃឹមថា នៅព្រឹកស្អែក លោកនឹងទទួលបាននូវការបញ្ជាក់យល់ព្រមពីរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ ដើម្បីចេញផ្សាយនូវចំណុចជាគោលការណ៍ទាំងនោះ ក្នុងសន្និសីទកាសែត នៅរសៀលម៉ោង ៣កន្លះ ថ្ងៃស្អែក។
ចំណែកលោក ម៉ាទី ណាតាឡេហ្គាវ៉ា រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បានលើកឡើងថា ឥណ្ឌូណេស៊ី បានប្រឹងប្រែងធ្វើការទូតរយៈពេល ៣៦ ម៉ោង កន្លងមក ដើម្បីឲ្យមានការឯកភាពរួម ក្នុងអាស៊ាន លើគោលការណ៍មួយ ដែលផ្តោតសំខាន់លើបញ្ហាជម្លោះសមុទ្រចិនខាងត្បូង។ គោលការណ៍នោះ គឺអាស៊ានបន្ត និងនៅតែរួបរួម ស្អិតល្មួត នៅលើរាល់បញ្ហាទាំងអស់ ពិសេសទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង។
មុននឹងមកដល់កម្ពុជា នៅថ្ងៃនេះ លោក ម៉ាទី បានជួបរួចហើយជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាស៊ានផ្សេងទៀត ដោយផ្ទាល់ និងតាមទូរស័ព្ទ ពិសេសជួបជាមួយហ្វីលីពីន និងវៀតណាម ដែលមានជម្លោះខ្លាំងក្លាជាមួយចិន ក្នុងរឿងសមុទ្រចិនខាងត្បូង ហើយរដ្ឋមន្ត្រីការបរទេសទាំងនោះ បានគាំទ្រលើកិច្ចប្រឹងប្រែងរបស់ឥណ្ឌូណេស៊ី ដើម្បីឈានទៅឯកភាព លើគោលការណ៍ ស្តីពីបញ្ហាសមុទ្រចិនខាងត្បូង។
បញ្ហាសមុទ្រចិនខាងត្បូងបានរារាំងមិនឲ្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៤៥ ដែលបានបិទបញ្ចប់ កាលពីថ្ងៃទី១៣កក្កដា ឆ្នាំ២០១២ នៅទីក្រុងភ្នំពេញ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន មិនអាចចេញសេចក្តីថ្លែងការណ៍រួមបានឡើយ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ