អានតួអត្ថបទ
កម្ពុជា

កម្ពុជា ​និង​អូស្ត្រាលី​នៅ​តែ​អនុវត្ត​កិច្ច​ព្រមព្រៀង​បញ្ជូន​ជន​ភៀស​ខ្លួន​ ទោះ​បី​ម្ចាស់​ស្រុក​ខ្លះ​ជំទាស់

រដ្ឋាភិបាល​កម្ពុជា​ និង​អូស្ត្រាលី​នៅ​តែ​ឯកភាព​គ្នា​អនុវត្ត​កិច្ច​ព្រមព្រៀង​បញ្ជូន​ជនភៀស​ខ្លួន​ពី​អូស្ត្រាលី​មក​កាន់​កម្ពុជា​ដដែល​ បើ​ទោះ​បី​កិច្ច​ព្រម​ព្រៀង​នេះ​ធ្វើ​ឡើង​ក្រោម​សម្រែក​តវ៉ា​មិន​សុខ​ចិត្ត​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​ជា​ម្ចាស់​ស្រុក​ក៏​ដោយ។  ​ការ​ឯកភាព​គ្នា​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ពី ​លោក​ កៅ ​គឹមហួន​ រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ បន្ទាប់​ពី​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​វិល​ត្រឡប់​ពី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ អាស៊ី-​អឺរ៉ុប​វិញ។

កិច្ចព្រមព្រៀងលើការទទួលយកជនភៀសខ្លួនពីអូស្រ្តាលី មកកម្ពុជា កាលពីថ្ងៃទី២៦ ខែកញ្ញា។
កិច្ចព្រមព្រៀងលើការទទួលយកជនភៀសខ្លួនពីអូស្រ្តាលី មកកម្ពុជា កាលពីថ្ងៃទី២៦ ខែកញ្ញា។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ការឯកភាព​គ្នា​នោះ បាន​ធ្វើឡើង​ក្នុងជំនួប​ទ្វេភាគី​រវាង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​លោក​ ហ៊ុន សែន និង ប្រមុខ​ការបរទេស​អូស្ត្រាលី លោក​ស្រី ​ជូលី​ ប៊ីសប់ ​​នៅក្នុង​កិច្ចប្រជុំ​កំពូល អាស៊ី-អឺរ៉ុប លើក​ទី១០ កាលពី​ថ្ងៃទី១៦ និង ទី​១៧ តុលា​កន្លងទៅ។ កិច្ចប្រជុំ​ដែល​ធ្វើឡើង​រយៈពេល​ពីរ​ថ្ងៃ​នៅក្នុង​ទីក្រុង​មី​ឡង់ ប្រទេស​អ៊ីតាលី។

នៅក្នុង​សន្និសីទកាសែត​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នោះ លោក កៅ គឹមហួន បាន​លើកឡើងថា ទោះបី​មានការ​ឯកភាពគ្នា​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ក៏ដោយ ក៏ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានបញ្ជាក់​ទៅកាន់​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​ថា ត្រូវធ្វើឡើង​តាម​គោលការណ៍​ស្ម័គ្រចិត្ត​របស់​ជនភៀសខ្លួន​ទាំងនោះ។ សូមបញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា និង អូស្ត្រាលី បាន​ចុះ​កិច្ចព្រមព្រៀង​បញ្ជូន និង​ទទួលយក​ជនភៀសខ្លួន​ទាំងនោះ កាល​ថ្ងៃទី ២៦ កញ្ញា​កន្លងមក។ មន្ត្រី​រដ្ឋាភិបាល​បាន​ពន្យល់ថា ការបញ្ជូន​ជនភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី ឲ្យ​មក​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នេះ គឺធ្វើឡើង​តាម​កាតព្វកិច្ច ដែល​កំណត់​ក្នុង​អនុសញ្ញា​អន្តរជាតិ ព្រមទាំង​ស្របតាម​ច្បាប់​ជាតិ​កម្ពុជា​ផងដែរ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​ដែលជា​ម្ចាស់​ស្រុក​បានចេញ​តវ៉ា​ជា​បន្តបន្ទាប់​ប្រឆាំងនឹង​កិច្ចព្រមព្រៀង​ដ៏​ចម្រូង​សម្រាស​មួយ​នេះ។ អ្នក​តវ៉ា​លើកឡើងថា កម្ពុជា​មិនទាន់​អាច​ទទួលយក​ជនភៀសខ្លួន​ទាំងនោះ​បានទេ ព្រោះ​ពលរដ្ឋ​ខ្លួន​មិនទាន់​ទទួលបាន​ការរស់​នៅ​​ល្អប្រសើរ​នៅឡើយ។ បញ្ហា​ជម្លោះដីធ្លី​នៅតែ​កើតមាន ហើយ​ការគោរព​សិទ្ធិមនុស្ស​ទៀត​សោត​នៅតែមាន​កម្រិត នេះ​សុទ្ធតែជា​មូល​ហេតុដែល​ពលរដ្ឋ​ខ្មែរ​ខ្លះ​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​លុបចោល​កិច្ចព្រមព្រៀង​នោះ​វិញ។

ប្រឈម​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី ១៦ តុលា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​ជា​អ្នកចុះហត្ថលេខា​ទទួលយក​ជនភៀសខ្លួន​ពី​អូស្ត្រាលី​មកកាន់​កម្ពុជា បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយ​ខ្លាំងពេក​ពី​រឿង​ជនភៀសខ្លួន​នេះ។ លោក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា ការ​បញ្ជូន​ជន​ភៀស​ខ្លូន​គឺធ្វើឡើង​តាម​គោល​ការស្ម័គ្រចិត្ត​មិនមែន​ចាប់បង្ខំ​នោះទេ ហើយ​លោក​រំពឹងថា ជនភៀសខ្លួន​ទាំងនោះ​នឹងមិន​ស្ម័គ្រចិត្ត​មក​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​ទាំងអស់​នោះដែរ។

ដោយឡែក​ចំពោះ​ពេលវេលា​នៃ​ការបញ្ជូន​ជន​ភៀស​ទាំងនោះ​វិញ លោក​កៅ គឹមហួន បាន​បញ្ជាក់ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង​អូស្ត្រាលី​មិនទាន់​កំណត់​នៅឡើយ​ទេ​នៅក្នុង​ជំនួប​ទ្វេភាគី​នោះ។ ក៏ប៉ុន្តែ​លោក លោក ឡុង វិ​សា​លោ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​ជា​ប្រធាន​ក្រុមការងារ​របស់​រដ្ឋាភិបាលទទួលបន្ទុក​ជនភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី ធ្លាប់បាន​អះអាង​ប្រាប់​អ្នកកាសែត​នាពេល​កន្លងមក​ថា ជំហាន​ដំបូង ជនភៀសខ្លួន​ទាំងនោះ អាច​រស់នៅ​បណ្តោះអាសន្ន​នៅក្នុង​ទីក្រុង​ភ្នំពេញ មុននឹង​បញ្ជូន​ទៅកាន់​មណ្ឌល​រស់នៅ ក្រៅ​ក្រុង៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ