អានតួអត្ថបទ
អាល់ហ្សេរី

បំណែក​យន្តហោះ​អាល់ហ្សេរី​ដែល​បាត់​ការ​ទាក់​ទង​ ត្រូវ​គេ​រក​ឃើញ​នៅ​ប្រទេស​ម៉ាលី​

យន្តហោះ​​អាល់​ហ្សេ​​រី​ ជើង​ហោះ​ហើរ​ AH 5017 ​ដែល​​បាន​​បាត់​​ការ​ទាក់​ទង​​នោះ ​ត្រូវ​បាន​​គេ​​រក​ឃើញ ​នៅ​​ថ្ងៃ​សុក្រ​​នេះ​។​​ គឺ​​រក​ឃើញ​​នៅ​ក្នុង​​តំបន់​​ហ្គូ​ស៊ី ​ប្រទេស​​ម៉ាលី ​ចម្ងាយ​​ប្រមាណ​៥០​គីឡូ​​ម៉ែត្រ ពី​​ព្រំ​ដែន​​ភាគ​​ខាង​ជើង​​នៃ​​ប្រទេស​​ប៊ូ​​គី​​ណា​ ហ្វា​​សូ​។ ​យ៉ាង​ណា​ក៏​ដោយ ​មូល​​ហេតុ​ដែល​​បណ្ដាល​​ឲ្យ​​យន្ត​ហោះ​​អាល់​ហ្សេ​រី​​នេះ​​ធ្លាក់​ មិន​ទាន់​​ត្រូវ​បាន​​បង្ហើប​​ឲ្យ​​ដឹង​​នៅ​ឡើយ​​ទេ ​រហូត​មក​ទល់​​ពេល​នេះ​។​

avion swiftair espagnol loué par la compagnie algérienne
avion swiftair espagnol loué par la compagnie algérienne ©REUTERS/Xavier Larrosa
ផ្សាយពាណិជ្ជកម្ម

បំណែក​យន្តហោះ​អាល់​ហ្សេ​រី​ដែល​បាត់​ការទាក់ទង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ជាមួយ​អ្នកដំណើរ​ចំនួន១១៦នាក់​នោះ ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ប្រទេស​ម៉ាលី ក្បែរ​ព្រំដែន​ប្រទេស​ប៊ូ​គី​ណា ហ្វា​សូ។ មេបញ្ជាការ​យោធា​នៃ​ប្រទេស​ប៊ូ​គី​ណា ហ្វា​សូ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ខ្លួន​បាន​រកឃើញ​បំណែក​យន្តហោះ​អាល់​ហ្សេ​រី​នេះ នៅក្នុង​តំបន់​ហ្គូ​ស៊ី ចម្ងាយ៥០គីឡូម៉ែត្រ ពី​ព្រំដែន​ភាគ​ខាងជើង​នៃ​ប្រទេស​ប៊ូ​គី​ណា ហ្វា​សូ។

មូលហេតុ​នៃ​ការធ្លាក់​យន្តហោះ​នេះ នៅ​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ។ បើតាម​មេបញ្ជាការ​យោធា​នៃ​ប្រទេស​ប៊ូ​គី​ណា ហ្វា​សូ គេ​នៅ​មិនទាន់​ដឹង​ពី​ជោគវាសនា​របស់​អ្នកដំណើរ​ទាំង១១៦នាក់​នៅឡើយ​ទេ។ ហើយ​ថា ក្រុម​យោធា និង​ក្រុម​សង្គ្រោះ​កំពុងតែធ្វើការ​ងារ​យ៉ាង​សស្រាក់សស្រាំ ពាក់ព័ន្ធ​នឹង​ការស្វែងរក​នេះ។

យន្តហោះ​អាល់​ហ្សេ​រី ជើងហោះហើរ AH 5017 ធ្វើដំណើរ​ពី​ប្រទេស ប៊ួ​គី​ណា​ហ្វា​សូ ទៅ​ប្រទេស​អាល់​ហ្សេ​រី បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ តាម​អាជ្ញាធរ​អាល​ហ្សេ​រី យន្តហោះ​នេះ​ដឹក​អ្នកដំណើរ១១៦នាក់ ដែល​នៅ​ក្នុងនោះ មាន​ជនជាតិ​បារាំង ចំនួន៥១នាក់ និង​លី​បង់២០នាក់ បាន​បាត់​ខ្លួន នៅលើ​ភាគ​ខាងជើង​ប្រទេស​ម៉ាលី។

លោក​ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស័​រ ហូ​ឡង់ បាន​សម្ដែង​ការ​កាន់ទុក្ខ​ជាមួយនឹង​ក្រុមគ្រួសារ​ជនរងគ្រោះ។ ដោយឡែក ខុទ្ទកាល័យ​ប្រធានាធិបតី​បារាំង ក៏បាន​បញ្ជូន​កងកម្លាំង​យោធា​បារាំង ទៅកាន់​កន្លែងកើតហេតុ ដើម្បី​ការពារ និង​ប្រមូល​ភស្តុតាង​ផងដែរ។

យន្តហោះ AH 5017របស់​ក្រុមហ៊ុន​អាកាសចរណ៍​អាល់​ហ្សេ​រី​បាន​ចាក​ចេញពី​ទឹកដី ប៊ួ​គី​ណា​ហ្វា​សូ នៅ​ម៉ោង ១ និង១៧ព្រឹក ម៉ោង​សកល ដើម្បី​ទៅ​ចុះចត​នៅ​ប្រទេស​អាល់​ហ្សេ​រី នៅ​ម៉ោង​ប្រាំ​ម៉ោង​ក្រោយ។ ប៉ុន្តែ នៅ​ដើម​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ក្រុមហ៊ុន​អាល់​ហ្សេ​រី​បានប្រកាសថា គេ​បាន​បាត់​សញ្ញា មិនអាច​ទាក់ទង​យន្តហោះ នៅ​ម៉ោង១ និង៥៥នាទី គឺ​មួយ​ម៉ោង​ក្រោយ​យន្តហោះ​ចាកចេញ​ពី​ព្រលានយន្តហោះ​របស់ ប៊ួ​គី​ណា​ហ្វា​សូ។

តាម​អាជ្ញាធរ អាល់​ហ្សេ​រី គេ​ចាប់​សញ្ញា​ចុងក្រោយ​របស់​យន្តហោះ នៅពេល​យន្តហោះ​ហោះ​នៅលើ​ទឹកដី​ភាគ​ជើង​របស់​ប្រទេស​ម៉ាលី ក្បែរ​ព្រំដែន​ប្រទេស​អាល់​ហ្សេ​រី។ គេ​បាត់​សញ្ញា​របស់​យន្តហោះ បន្ទាប់ពី​គេ​បាន​ប្រាប់​ឲ្យ​អ្នកបើកបរ​ផ្លាស់ប្តូរ​ផ្លូវ​ហោះហើរ ដើម្បី​ជៀសវាង​ខ្យល់ព្យុះ នៅក្នុង​ប្រទេស​ម៉ាលី និង​ដើម្បី​កុំ​ឲ្យ​ជល់​គ្នា​នឹង​យន្តហោះ​ផ្សេង​ដែល​ត្រូវធ្វើ​ដំណើរ ពី​អាល់​ហ្សេ​រី​ទៅ​បា​ម៉ា​កូ៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ