អានតួអត្ថបទ
កម្ពុជា

បញ្ហា​​ប្រាសាទ​ព្រះ​វិហារ​ មិន​ត្រូវ​​បាន​លើក​ឡើង​​នៅ​ក្នុង​​ជំនួប​​រដ្ឋ​មន្ត្រី​ការ​បរទេស​​កម្ពុជា​-ថៃ​

រដ្ឋ​មន្ត្រី​ការ​បរទេស​​កម្ពុជា​-ថៃ ​បាន​​ជួប​​ពិភាក្សា​គ្នា​​នៅ​ថ្ងៃ​នេះ ​ដោយ​បាន​​ផ្តោត​ជា​សំ​ខាន់​​ទៅ​លើ ​ការ​ព​ង្រឹង​​កិច្ច​សហ​ប្រតិបត្តិការ​ និង​​ទំនាក់​ទំនង​​ល្អ​​រវាង​​ប្រទេស​​ទាំង​ពីរ​ ក៏​​ប៉ុន្តែ​​បញ្ហា​​ប្រាសាទ​ព្រះ​វិហារ​​មិន​ត្រូវ​​បាន​លើក​ឡើង​​នោះ​ទេ​។

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ហោ ​ណាំហុង​ ជួប​ពិភាក្សា​គ្នា​ជាមួយ​រដ្ឋ​មន្ត្រី​ការបរទេស​ថៃ ​នៅ​ព្រឹក​ថ្ងៃទី​ ៣០ ​ខែ​តុលា ​ឆ្នាំ ​២០១៤​
លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ហោ ​ណាំហុង​ ជួប​ពិភាក្សា​គ្នា​ជាមួយ​រដ្ឋ​មន្ត្រី​ការបរទេស​ថៃ ​នៅ​ព្រឹក​ថ្ងៃទី​ ៣០ ​ខែ​តុលា ​ឆ្នាំ ​២០១៤​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា-ថៃ បានធ្វើ​ឡើង​នៅឯ​ទីស្តីការ​ក្រសួងការបរទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី៣០តុលា​នេះ ដោយ​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សម​ភាគី​ថៃ ដឹកនាំ​ដោយ​លោក ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ការបរទេស​ថៃ ថា​ណៈ​សាក់ ប៉ា​ទិ​ម៉ា​ប្រា​កន (Tanasak PATIMAPRAGORN) ។

នៅក្នុង​ជំនួប​រយៈពេល​ជិត២ម៉ោង​នេះ ភាគី​ទាំងពីរ មិនបាន​លើកឡើង​ពី​បញ្ហា​ប្រាសាទព្រះវិហារ និង​បញ្ហា​ការអនុវត្ត​សាលដីការ​របស់​តុលាការ​ក្រុងឡាអេ​នោះទេ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា។ បញ្ហា​ប្រាសាទព្រះវិហារ និង​ការអនុវត្ត​សាលដីកា​របស់​តុលាកា​ក្រុងឡាអេ ត្រូវបាន​ជាប់គាំង ចាប់តាំងពី​ប្រទេស​ថៃ​បាន​ធ្លាក់​ទៅក្នុង​ជម្លោះផ្ទៃក្នុង រហូតដល់​មាន​ការធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់​របស់លោក​ស្រី យី​ង​ឡាក់​ស៊ីណា​វ៉ា​ត់​ត្រា នាពេល​កន្លងមក។

ពាក់ព័ន្ធ​នឹង​ប្រាសាទព្រះវិហារ​នេះដែរ លោក កុយ គួ​ង បាន​បញ្ជាក់ថា កម្ពុជា​ទំនងជា​មិន​បើក​ច្រកព្រំដែន​ត្រង់នេះ​ឡើងវិញ​ទេ ពីព្រោះថា កម្ពុជា​មិនចាំបាច់​ឲ្យ​ភ្ញៀវ​ទេសចរណ៍​បរទេស​ឆ្លងកាត់​ប្រទេស​ថៃ​មក​ទស្សនា​ប្រាសាទព្រះវិហារ​ទៀត​នោះទេ ព្រោះ​កម្ពុជា​ក៏មាន​ផ្លូវ​ឡើងទៅ​ភ្នំ​ប្រាសាទព្រះវិហារ​នេះដែរ។

ទោះជា​បញ្ហា​ប្រាសាទព្រះវិហារ​មិនត្រូវ​បានលើកឡើង​នៅក្នុង​ជំនួប​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​នេះ​ក្តី ប៉ុន្តែ​យ៉ាងហោចណាស់ ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ថា នឹង​បន្ត​បើក​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក (JBC)  នៅ​ដើមឆ្នាំ២០១៥ខាងមុខនេះ​ឡើងវិញ រួមទាំង​កិច្ចប្រជុំ​ចំនួន២ទៀត ដែល​ត្រូវធ្វើ​នៅ​ដើមឆ្នាំ២០១៥ខាងមុខនេះ។         

ក្រៅពីនេះ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សាគ្នា​ផងដែរ លើ​ការជំរុញឲ្យ​បន្ត​បើក​ច្រកព្រំដែន​ចំនួន៤ទៀត គឺ​ច្រក​អានសេះ​ស្ថិតក្នុង​ខេត្តព្រះវិហារ​ឈម​ខេត្ត​អ៊ូ​ប៊ុន​ថា​នី ប្រទេស​ថៃ, ច្រក​ថ្មដា ខេត្តពោធិសាត់ ឈម​ខេត្ត​ត្រាត​ប្រទេស​ថៃ, ច្រក​ភ្នំ​ដី​ខេត្តបាត់ដំបង​ឈម​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ និង​ច្រក​ជប់​គគី ឧ​ត្ត​រ​មានជ័យ ឈម​ខេត្ត​បូរី​រ៉ាំ ប្រទេស​ថៃ ដែល​ធ្វើឲ្យ​ច្រកព្រំដែន​អន្តរជាតិ​រវាង​ប្រទេស​ទាំងពីរ​កើន​ដល់​ចំនួន១០។

ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​ផងដែរ ពី​បញ្ហា​ពលករ​ខ្មែរ​ខុសច្បាប់ បញ្ហា​ពលរដ្ឋ​កម្ពុជា​ឆ្លងដែន​ទៅ​កាប់​ឈើ​នៅ​ប្រទេស​ថៃ បញ្ហា​ការលក់​កសិផល​ខ្មែរ​នៅតាម​ព្រំដែន បញ្ហា​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្ត​ត្រាត និង​ខេត្ត​ស្រះកែវ ជាប់​ខេត្តបន្ទាយមានជ័យ​ជាដើម​។ ជាង​នេះទៅទៀត ភាគី​ទាំងពីរ​ក៏បាន​សម្រេច​ប​ង្កើ​ត​ប្រព័ន្ធ​ទូរស័ព្ទ Hotline មួយ​នៅក្នុង​កម្រិត​ថ្នាក់​រដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី, ថ្នាក់​រដ្ឋលេខាធិការ​និង​រដ្ឋលេខា​ទៅតាម​ជំនាញ ប្រសិនបើ​មានរឿង​បន្ទាន់​ណាមួយ។

សូមបញ្ជាក់ថា ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា-ថៃ​នេះ បានធ្វើ​ឡើង ស្រប​ពេលដែល​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា បានមក​បំពេញ​ទស្សនកិច្ច រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា ចាប់ពី ថ្ងៃទី៣០-៣១ខែតុលា​ឆ្នាំ២០១៤នេះ៕  
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ