អានតួអត្ថបទ
កម្ពុជា

គ​.ជ​.ប​ បន្ត​ដំណើរ​​ការ​ធ្វើ​​ប​ច្ចប្ប​ន្ន​ភាព​​បញ្ជី​​ឈ្មោះ​​បោះឆ្នោត ​ឆ្នាំ​២០១៤

ទោះបីជា​​គណបក្ស​​ប្រជាជន​​កម្ពុជា ​និង​​គណបក្ស​​សង្គ្រោះ​ជាតិ ​បាន​​ព្រមព្រៀង​​ជា​គោលការណ៍​រួចហើយ​​ថា ​នឹង​​ជ្រើសរើស​​គ​.ជ.​ប​ថ្មី ​ហើយ​​ធ្វើ​បញ្ជី​​ឈ្មោះ​​អ្នក​បោះឆ្នោត​​ថ្មី​​ក៏ដោយ ​ប៉ុន្តែ​មក​ដល់​ពេលនេះ​ គ.ជ.​ប​​ដឹកនាំ​ដោយ​​លោក​​អ៊ឹម ​សួស្តី ​ដែល​​រង​​ការរិះគន់​ នៅតែ​​បន្ត​ដំណើរ​ការ​ធ្វើ​​បច្ចុប្បន្ន​ភាព​​បញ្ជី​​ឈ្មោះ​​បោះឆ្នោត​​ប្រចាំ​ឆ្នាំ​​ ដដែល​។ ដំណើរការ​​ពិនិត្យ​​បញ្ជី​​ឈ្មោះ​ និង​​ចុះឈ្មោះ​​បោះឆ្នោត​ ឆ្នាំ​២០១៤ ​នឹង​​ចាប់ផ្តើម ​ចាប់ពី​​ថ្ងៃ​ទី​១៦​ ខែ​កញ្ញា ​​តទៅ​។

ប្រជាពលរដ្ឋ​នាំគ្នា​មើលបញ្ជីឈ្មោះ នៅ​មុខ​ការិយាល័យ​បោះឆ្នោត ថ្ងៃអាទិត្យ ២៨​ កក្កដា ២០១៣
ប្រជាពលរដ្ឋ​នាំគ្នា​មើលបញ្ជីឈ្មោះ នៅ​មុខ​ការិយាល័យ​បោះឆ្នោត ថ្ងៃអាទិត្យ ២៨​ កក្កដា ២០១៣
ផ្សាយពាណិជ្ជកម្ម

ប្រតិទិន​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ២០១៤ របស់​គជប បង្ហាញថា ដំណើរ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ប្រចាំ​ឆ្នាំនេះ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៦​កញ្ញា​ ដែលជា​ការចុះឈ្មោះ​អ្នកសង្កេតការណ៍។ ចំណែក​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត នៅតាម​ឃុំ​សង្កាត់ ធ្វើឡើង​ចាប់ពី​ថ្ងៃទី១ ខែតុលា ដល់​ថ្ងៃទី២០ ខែតុលា។

ចំណែក​ការផ្តល់​សុពលភាព និង​ប្រកាស​ផ្សាយ​បញ្ជី​បោះឆ្នោត ឆ្នាំ២០១៤ នឹងត្រូវ​គជប ប្រកាស​​នៅ​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១។តារាង​​ស្ថិតិ​​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន សម្រាប់​ការពិនិត្យ​បញ្ជី​​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ២០១៤ របស់​គជប បង្ហាញថា អ្នកបោះឆ្នោត​ថ្មី នៅ​ឆ្នាំ២​០១៤ ចាប់ពី​អាយុ ១៨ ឆ្នាំ​ឡើង ដែលមាន​សិទ្ធិ​បោះឆ្នោត មាន​ចំនួន ៩.៩៥១.៩១៥ នាក់​។ ក្នុងនោះ អ្នក​មិនទាន់​ចុះឈ្មោះ​បោះឆ្នោត និង​ផ្លាស់​ចូល មាន​ចំនួន ៣១២.៨២២ នាក់ អ្នក​ផ្លាស់ចេញ ៦១.៥១៦ នាក់ អ្នក​ដកសិទ្ធិ និង​ឈ្មោះ​ស្ទួន ១០.៧២១ នាក់ និង​ស្លាប់ ២៩.១០៦ នាក់។ រីឯ​ចំនួន​អ្នកបោះឆ្នោត ក្នុង​បញ្ជី​ឆ្នាំ២០១៣ មាន​ចំនួន ៩.៧៣២.៥៣១ នាក់។

ក៏ប៉ុន្តែ​តំណាង​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​សង្គ្រោះ​ជាតិ យល់ឃើញថា គជប សព្វថ្ងៃ គួរតែ​ព្យួរ ឬ​ផ្អាក​ការងារ មិនចាំបាច់​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត​ប្រចាំ​ឆ្នាំនេះ​ទេ ព្រោះថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមព្រៀងគ្នា​ហើយ ក្នុងការ​ជ្រើសរើស​គជ​ប​ថ្មី និង​ធ្វើបញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី។ ដំណើរការ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​​អ្នកបោះឆ្នោត​ប្រចាំឆ្នាំ ត្រូវបាន​សង្គម​ស៊ីវិល​លើកឡើងថា ចំណាយ​យ៉ាង​ហោច​ណាស់​​ ១ លាន​ដុល្លារ។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើងថា ពេលនេះ គជប គួរតែ​ធ្វើជា​គជប​ចាំផ្ទះ ហើយ​ផ្អាក​សកម្មភាព​សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ២០១៤ ដែល​តាម​លោក​យ៉ែម​បុញ្ញឫទ្ធិ ជាការ​ងារ​ចំណាយ​ថវិកាជាតិ​ដោយ​ឥតប្រយោជន៍ ព្រោះថា គជប​ថ្មី និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី នឹងត្រូវ​គណបក្ស​ទាំងពីរ បង្កើត​ក្នុងពេលឆាប់ៗខាងមុខ។

លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត នី​ក​ហ្វិ​ក ក៏បាន​យល់ស្រប ហើយ​ថា មិនគួរ​គជប ធ្វើបញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​នៅ​ឆ្នាំនេះ​ទេ ព្រោះ​នៅ​ឆ្នាំក្រោយ ឆ្នាំ​២០១៥ មិនមែនជា​ឆ្នាំ​បោះឆ្នោត​ទេ។ តាម​លោក​ហង្ស​ពុទ្ធា គជប នៅមាន​ពេលវេលា​ច្រើន សម្រាប់​រៀបចំ​ចុះឈ្មោះ​អ្នកបោះឆ្នោត សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ឆ្នាំ២០១៧ និង​ការបោះឆ្នោតជាតិ នៅ​ឆ្នាំ២០១។

ប៉ុន្តែ​លោក ឈាង វុន អ្នកតំណាងរាស្ត្រ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា លើកឡើងថា ការងារ​របស់​គជប ដែលជា​ស្ថាប័នរដ្ឋ មិនអាច​ឈប់​ស្ងៀម​បានទេ។ តាម​លោក ឈាង វុន គជប​ត្រូវ​ធ្វើការ​ជាប្រចាំ ហើយ​បន្តការងារ​របស់ខ្លួន រហូតដល់​មាន​អ្នកថ្មី មក​ជំនួស ស្របតាម​កិច្ច​
ព្រម​ព្រៀង​​​រវាង​គណ​បក្ស​ទាំងពីរ និង​ច្បាប់​ជា​ធរមាន។

តាម​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ការចរចា​រវាង​ក្រុមការងារ​គណបក្ស​ទាំងពីរ លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ការរៀបចំ​ច្បាប់​បង្កើត​គជប​ថ្មី និង​វិសោធនកម្ម​ច្បាប់បោះឆ្នោត នឹង​ចប់សព្វគ្រប់ ហើយ​រដ្ឋសភា ប្រជុំ​បោះឆ្នោត នៅពេល​រដ្ឋសភា​ចូល​កង​វិញ នា​ដើមខែ​តុលា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ