អានតួអត្ថបទ
កម្ពុជា

អង្គការ​​សង្គម​​ស៊ីវិល និង​​បក្ស​ប្រឆាំង ស្នើ​សុំ​​ជា​ថ្មី​​ឲ្យ​​ធ្វើ​​វិសោធន​កម្ម​​ច្បាប់​៣​ជា​បន្ទាន់

មិនមែនជា​លើក​ទី១ទេ ដែល អង្គការ​សង្គម​ស៊ីវិល​មួយចំនួន និង​បក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់៣ ដែល​រដ្ឋសភាជាតិ​បានអនុម័ត​កាលពីពេល​កន្លងទៅនេះ។ តំណាងរាស្ត្រ​បក្សប្រឆាំង ថា​នឹង​គៀងគរ​សំឡេង​ក្នុង​រដ្ឋសភា ដើម្បី​កែប្រែ​ច្បាប់​ទាំង៣នេះ ហើយ​ខាង​សង្គម​ស៊ីវិល ថា ច្បាប់​ទាំងបី​នេះ ធ្វើ​ឲ្យ​ប្រព័ន្ធតុលាការ​កាន់តែ​ទន់ខ្សោយ និង​គ្មាន​ឯករាជ្យ​ពិតប្រាកដ។

លោកស្រី មូរ សុខហួរ ផ្តល់​បទ​សម្ភាស​ដល់​អ្នក​កាសែត ក្រោយ​ពិធី​ផ្សព្វផ្សាយ​របាយ​ការណ៍ ស្តីពីការ​វាយ​តម្លៃ​ប្រព័ន្ធ​សុចរិត​ភាព​ជាតិ ឆ្នាំ​២០១៤​
លោកស្រី មូរ សុខហួរ ផ្តល់​បទ​សម្ភាស​ដល់​អ្នក​កាសែត ក្រោយ​ពិធី​ផ្សព្វផ្សាយ​របាយ​ការណ៍ ស្តីពីការ​វាយ​តម្លៃ​ប្រព័ន្ធ​សុចរិត​ភាព​ជាតិ ឆ្នាំ​២០១៤​
ផ្សាយពាណិជ្ជកម្ម

លោកស្រី មូរ សុខ​ហួរ បាន​និយាយថា លោកស្រី​នឹង​តស៊ូ​មតិ គៀងគរ​សំឡេង​តំណាងរាស្ត្រ នៅក្នុង​រដ្ឋសភាជាតិ​ក​ម្ពុ​ជា ដើម្បី​ធ្វើ​វិសោធនកម្ម ច្បាប់​ស្តីពី ការរៀបចំ​អង្គការ​តុលាការ ច្បាប់​លក្ខន្តិកៈ​ចៅក្រម​និង​ព្រះរាជអាជ្ញា និង ច្បាប់​ស្តីពី ការ​រ​រៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​​នៃ​អង្គចៅក្រម ដែល​រដ្ឋសភា​បានអនុម័ត​នៅ​ថ្ងៃទី១២ មិថុនា ២០១៤ ។

ច្បាប់​ទាំងបី​ត្រូវបាន តំណាងរាស្ត្រ​របស់​បក្ស​ប្រឆាំង​រូបនេះ ពិពណ៌នា​ថា ជា​ច្បាប់​ដែល​បាន​អនុ​ម័ត​​ដោយ​សភា​ឯក​បក្ស និង​មាន​ភាពមិន​គ្រប់​ជ្រុងជ្រោយ។ លោកស្រី មូរ សុខ​ហួរ បន្ថែម​ថា ច្បាប់​នេះ គឺ​បង្កឱ្យមាន​វិបត្តិ​សង្គម និង​បង្ក​ឱ្យអំណាច​ប្រមូលផ្តុំ នៅក្នុង​កណ្តាប់ដៃ របស់​​រដ្ឋមន្ត្រីក្រសួង​យុត្ត​ធម៌។

នេះ​ជាការ​ថ្លែង​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍ ស្តីពី “ការវាយតម្លៃ​ប្រព័ន្ធ​សុចរិត​ភាព​   ជា​តិ ឆ្នាំ២០១៤” របស់ អង្គការ​តម្លាភាព​កម្ពុ​ជា នៅ​សណ្ឋាគារ ឡឺ​រ៉ុ​យ៉ា​ល់ (Le Royal) នា​ព្រឹក​ថ្ងៃ​អង្គារ ទី៩កញ្ញា​នេះ។

នៅក្នុង​កម្មវិធី​ផ្សព្វផ្សាយ​របាយការណ៍​នេះ  អង្គការ​តម្លាភាព​កម្ពុ​ជា ក៏បាន​បញ្ជាក់ដែរថា ច្បាប់​ចម្រូងចម្រាស់​ទាំងបី​នេះ មិនបាន​កែតម្រូវ​ចំណុចខ្សោយ​នៃ​ប្រព័ន្ធតុលាការ​នោះទេ ព្រោះ​ច្បាប់​ទាំងនេះ មិនបាន​ធានាឱ្យមាន​ឯករាជ្យ​ពិតប្រាកដ នៅក្នុង​វិស័យ​តុលាការ។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក៏​បានចេញ​សេចក្តី វិភាគ ស្តីពី​ច្បាប់​ទាំងបី​ខាងលើនេះ កាលពី​ខែឧសភា​កន្លងទៅ។ ឯកសារ​កម្រាស់២២ទំព័រ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សង្កាត់​ធ្ងន់​ថា ច្បាប់​ទាំងបី​នេះ ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​គោលការណ៍​ឯករាជ្យ​របស់​តុលាការ ដោយសារតែ​អនុញ្ញាត​ឲ្យ​អង្គនីតិប្រតិបត្តិ ពោលគឺ​ក្រសួងយុត្តិធម៌ មានអំណាច​លូកដៃ​ក្នុង​ប្រព័ន្ធតុលាការ។

លោក សន សោភ័ណ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ឆ្លើយតប​ថា បើ​តំណាងរាស្ត្រ លោកស្រី មូរ សុខ​ហួរ ចង់​ឲ្យ​មាន​វិ​សោធ​កម្ម​ច្បាប់​ទាំងបី​នោះ លោកស្រី​អាច​តស៊ូ​មតិ​នៅក្នុង​សភា​បាន ព្រោះ​លោកស្រី​ជា​អ្នកតំណាងរាស្ត្រ និង​តំណាង​ឆន្ទៈ​ប្រជាពលរដ្ឋ។ ប៉ុន្តែ​លោក​បដិសេធ​ដោយ​លើកឡើងថា គ្មាន​មាត្រា​ណាមួយ​នៃ​ច្បាប់​ទាំងបី​នេះ ដែល​ចែក​ពី​ការជ្រៀតជ្រែក ឬ​លូកដៃ​របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ក្នុង​ប្រព័ន្ធតុលាការ​នោះទេ។ អ្នកនាំពាក្យ​រូបនេះ បន្ថែមថា សេចក្តីសម្រេច​របស់​អង្គ​តុលាការ ជា​ឆន្ទា​នុ​សិទ្ធ​របស់​ចៅក្រម និង​សាលាជម្រះក្តី។ 

ទោះយ៉ាងណា​ក្តី ថ្លែង​នៅ​ថ្ងៃទី៩កញ្ញា​នេះ លោកស្រី មូរ សុខ​ហួរ សង្ឃឹមថា ខ្លួន​អាចមាន​សង្ឃឹម​គៀងគរ​តំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំងពីរ​បក្ស ដើម្បី​មាន​សំឡេង​គ្រប់គ្រាន់​ក្នុង​ការធ្វើ​វិសោធនកម្ម​ច្បាប់​ដ៏​ចម្រូងចម្រាស់​ទាំងបី​នេះ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ