អានតួអត្ថបទ
កម្ពុជា

សិស្ស​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ​ជាប់​ត្រឹម​តែ​ជាង​ ២៥​ ភាគ​រយ​ប៉ុណ្ណោះ​

លទ្ធផល​​ប្រឡង​​បាក់​​ឌុប​​ដែល​​សិស្ស​​ថ្នាក់​​ទី១​២ ​បាន​​រង់​ចាំ​​យ៉ាង​​អន្ទះ​សា​​នោះ ​​បាន​ចេញ​​ជា​ផ្លូវ​ការ​​ហើយ នៅ​ថ្ងៃ​នេះ ​គឺ ​​មាន​​​​សិស្ស​​ជាប់​​ត្រឹម​​តែ​​ ២៥.៧២​ភាគរយ​ ប៉ុណ្ណោះ​។ ​នេះ​​បើ​​យោង​តាម​​សេចក្តី​ប្រកាស​​ព័ត៌មាន​​របស់​​ក្រសួង​​អប់រំ ​យុវជន ​និង ​កីឡា នៅ​​រសៀល​​ថ្ងៃ​សុក្រ​ ទី​២៩​ សីហា​​នេះ​។ ​ក្នុង​នោះ​​បេក្ខជន​​ជាប់​​និ​ទេ្ទ​ស​ A​ មាន​​ចំនួន​ ១១​ នាក់​។​ 

សិស្សា​នុសិស្ស​កំពុង​មើល​លទ្ធផល​ប្រឡង​បាក់​ឌុប​ឆ្នាំ ​២០១៤​
សិស្សា​នុសិស្ស​កំពុង​មើល​លទ្ធផល​ប្រឡង​បាក់​ឌុប​ឆ្នាំ ​២០១៤​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្នុងចំណោម​បេក្ខជន​មក​ប្រឡង​សរុប​ជិត៩ម៉ឺន​នាក់( ៨៩៩៣៧ នាក់) មាន​បេក្ខជន​ត្រឹមតែ ជាង២ ម៉ឺន​នាក់(២៣១២៦នាក់) ឫ ២៥.៧២ ភាគរយ​ប៉ុណ្ណោះ​ដែល​បាន​ប្រឡង​ជាប់​បាក់​ឌុប​ក្នុង​ឆ្នាំ ២០១៤នេះ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​សុក្រ ទី ២៩ សីហា។

លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​បន្ថែម​ពីលើ​សេចក្តីប្រកាស​ព័ត៌មាន​ថា ក្នុងចំណោម​សិស្ស​ជាប់​ដ៏​តិចតួច​នេះ ក៏មាន​ផងដែរ​សិស្ស​ប្រឡង​ជាប់​និទ្ទេស​A មាន​ចំនួន ១១ នាក់ ក្នុងនោះ​សិស្សស្រី​មាន​ចំនួន៥ នាក់។ លោក រដ្ឋមន្ត្រី បាន​បន្តថា ខេត្ត​ក្រុង​ដែលមាន​អត្រា​ជាប់​ច្រើនជាងគេ រួមមាន ខេត្ត ព្រះវិហារ ប៉ៃលិន ភ្នំពេញ និង ខេត្តក្រចេះ។

លោក សុខ ទូច សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ខេមរៈ បានចាត់ទុក​លទ្ធផល​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​ថា គឺជា​ការបង្ហាញ​ពី​ភាព​ពិត​នៃ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ពោល គឺជា​ការ​វាស់​គុណភាព​របស់​សិស្សា​នុ​សិស្ស តែ​មិនមែន​បង្ហាញ​ពី​គុណភាព​នោះទេ។ សម្រាប់ លោក សុខ ទូច ទោះបី​កំណែទម្រង់​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ មាន​ភាព​លឿន​ពេក និង មាន​ផលប៉ះពាល់​ខ្លះ​ក៏ដោយ ក៏ប៉ុន្តែ​វា​នឹងធ្វើ​ឲ្យ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ​នៅពេល​អនាគត។

បើតាម​ក្រសួង​អប់រំ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ លទ្ធផល​ប្រឡង​បាក់​ឌុប​នឹង​ប្រកាស​តាម​មណ្ឌលនីមួយៗក្នុង​រាជធានី​ភ្នំពេញ និង នៅ​ខេត្តកណ្តាល។ ចំណែក​នៅ​ថ្ងៃ ទី ៣០ សីហា លទ្ធផល​ប្រឡង​នឹង​ប្រកាស​នៅតាម​បណ្តា​ខេត្តផ្សេងៗទៀត​នៅ​ទូទាំងប្រទេស​កម្ពុជា។

សូមបញ្ជាក់ថា ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី ៤ ទី ៥ សីហា ដោយមាន​មណ្ឌល​ប្រឡង ១៥៤ មណ្ឌល បន្ទប់​ប្រឡង​ជាង៣ពាន់​បន្ទប់(៣៦៨៣ បន្ទប់) និង មាន​បេក្ខជន​មក​ប្រឡង​ចំនួន​ជិត៩ម៉ឺន​នាក់( ៨៩៩៣៧នាក់)។ ចំពោះ​លទ្ធផល​ធ្លាក់​យ៉ាងគំហុក​នេះ គឺ​ដោយសារ​ការ​រឹតបន្តឹង​ពុំ​ធ្លាប់មាន​ក្រោម​កំណែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ​ថ្មី លោក ហង់ ជួនណា​រ៉ុ​ន។

យ៉ាងណាក៏ដោយ ក្រសួង​អប់រំ បានសម្រេច​រៀបចំ​ការ​ប្រឡង​បាក់​ឌុប​លើក​ទី​ពីរ ដើម្បី​បង្កើន​ចំនួន​សិស្ស​ជាប់​ឡើងវិញ​នៅ​ថ្ងៃទី ១៣ និង ១៤ តុលា ខាងមុខនេះ។ លោក ហង់ ជួនណា​រ៉ុ​ន បាន​សង្កត់ធ្ងន់ថា ទោះបី​មានការ​ប្រឡង​ឡើងវិញ​ក៏ដោយ ប៉ុន្តែ​ការ​រឹតបន្តឹង​នៅតែ​ធ្វើ​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ