អានតួអត្ថបទ
កម្ពុជា

លោក​អាត់​ ធន់ ​ត្រូវ​​តុលា​ការ​ដាក់​​ឲ្យ​​ស្ថិត​ក្រោម​​ការ​ត្រួត​ពិនិត្យ​​ដូច​​មេ​​សហជីព​​ពីរ​រូប​​ទៀត​

មិន​​ខុស​ពី​​មេ​​សហជីព​​ពីរ​រូប​​ផ្សេង​ទៀត​​ដែរ​ បន្ទាប់​​ធ្វើ​ការ​​សាក​សួរ​​ពេញ​​មួយ​​ព្រឹក​​នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ​ ចៅ​ក្រម​​តុលាការ​​សាលា​ដំបូង​​រាជ​ធានី​​ភ្នំ​ពេញ ​បាន​សម្រេច​​ដាក់​​ឲ្យ​​លោក​​អាត់​ ធន់​ ប្រធាន​​សម្ព័ន្ធ​​សហជីព​​ប្រជា​ធិបតេយ្យ​​កម្មករ​​កាត់​​ដេរ​​កម្ពុជា​​ហៅ​​កាត់ ​ស៊ី​​ខៅ​​ឌូ​ ស្ថិត​ក្រោម​​ការ​ត្រួត​ពិនិត្យ​​តាម​ផ្លូវ​​តុលាការ​​ដោយ​​ភ្ជាប់​​នូវ​​លក្ខខណ្ឌ​។​  

លោកអាត់ ​ធន់​(ពាក់មួកស)​មុន​ពេល​ចូល​ទៅ​តុលាការ​សាលា​ដំបូង​រាជធានីភ្នំពេញ​ ​នៅ​ព្រឹក​ថ្ងៃ​ទី ​១៨​ ខែ​កញ្ញា​ ឆ្នាំ​ ២០១៤​
លោកអាត់ ​ធន់​(ពាក់មួកស)​មុន​ពេល​ចូល​ទៅ​តុលាការ​សាលា​ដំបូង​រាជធានីភ្នំពេញ​ ​នៅ​ព្រឹក​ថ្ងៃ​ទី ​១៨​ ខែ​កញ្ញា​ ឆ្នាំ​ ២០១៤​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក អាត់ ធន់ គឺជា​មេ​សហជីព​កម្មករ​ទី​បី​ហើយ​ដែល​ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កម្រិត​សិទ្ធ​សេរីភាព ព្រោះតែ​ពាក់ព័ន្ធ​រឿងរ៉ាវ​ហិង្សា​នៅលើ​ផ្លូវ​វេ​ង​ស្រេង កាលពីដើមឆ្នាំ២០១៤នេះ។

តុលាការ​បាន​ចោទប្រកាន់​លោក អាត់ ធន់ បួន​ករណី រួមមាន ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស កម្រាម​កំហែង​ថា​នឹងធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វីមួយ និង ប្រើ​មធ្យោបាយ​ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ។ ប្រឈម​នឹង​បទ​ចោទ​នេះ  តុលាការ​បានកំណត់​មិន​ឲ្យ លោក​អាត់ ធន់ ប្តូរ​លំនៅស្ថាន ត្រូវ​ចូលមក​កាន់​តុលាការ​តាម​ការកោះហៅ ត្រូវ​ចូលទៅ​បង្ហាញខ្លួន​នៅ​សាលាសង្កាត់​បឹងទំពន់​មួយខែ​ម្តង មិន​ឲ្យ​ទៅកាន់​ចំណុច​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា និង មិន​ឲ្យ​ជួប​ជាមួយ​កម្មករ​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​នៅ​ផ្លូវ​វេ​ង​ស្រេង​ជាដើម។

លោក អាត់ ធន់ បាន​ហៅ​ការសម្រេច​របស់​តុលាការ​នេះ​ថា មាន​ចេតនា​បិទ​សិ​ទ្ធ​សេរី​ភាពមិន​ឲ្យ​លោក ដែលជា​មេ​សហជីព​មួយរូប​ធ្វើ​សកម្មភាព​នានា​ដើម្បី​ជួយ​ដល់ក​ម្មករ រួមទាំង​ការចរចា​ដំឡើង​ប្រាក់​ឈ្នួល​ដល់ក​ម្មករ​ផងដែរ។ យ៉ាងណាក៏ដោយ ប្រធាន​សហជីព​ស៊ី​ខៅ​ឌូ រូបនេះ បានប្រកាស​ជំហរ​ថា នឹងមិន​គោរព​តាម​ការសម្រេច​របស់​តុលាការ​ទាំងស្រុង​នោះទេ គឺ នៅតែ​ធ្វើ​សកម្មភាព​ជួយ​ដល់​កម្មករ​ដដែល​តាម​ដែល​អាចធ្វើ​ទៅបាន។

សូមបញ្ជាក់ថា កន្លងមក​សាលាដំបូង​រាជធានី​ភ្នំពេញ​បានដាក់​ឲ្យ​មេ​សហជីព​ពីរ​នាក់​រួច​មកហើយ​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការដោយ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ។ នោះ​គឺ លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ និង លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ស្រដៀង​គ្នា​នេះដែរ ។ ដោយឡែក មេ​សហជីព​កម្មករ​ផ្សេងទៀត ដែល​រូ​ម​មាន លោកស្រី​ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​កាត់ដេរ​កម្ពុជា លោកស្រី​យ៉ាង សុ​ភ័​ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា និង លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ក៏ត្រូវ​បាន​តុលា​ការកោះហៅ​ឲ្យ​ចូល​បំភ្លឺ​ជា​បន្តបន្ទាប់​នៅពេល​ខាងមុខ​ផងដែរ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ