អានតួអត្ថបទ
កម្ពុជា

តំណាងរាស្ត្រ​​បក្ស​ប្រឆាំង​៥៥​នាក់​​បាន​​ស្បថ​​ចូលកាន់​​តំណែង​​ជា​​ផ្លូវការ

តំណាងរាស្ត្រ​ គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៥៥នាក់​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​​លោក កឹម សុខា បានធ្វើ​សច្ចាប្រណិធាន​រួចរាល់​ហើយ ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ ​ដើម្បី​ក្លាយជា ​អ្នកតំណាងរាស្ត្រ​ពេញសិទ្ធិ ​នៅក្នុង​រដ្ឋសភា។ ពិធី​សច្ចាប្រណិធាន​ ធ្វើឡើង​​នៅក្នុង​ព្រះ​បរ​ម​រាជវាំង ​នៅ​ចំពោះ​ ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ និង​ដោយមាន​វត្តមាន​​លោក ហេង សំរិន ប្រធានរដ្ឋសភា​ផង។ ​តំណាងរាស្ត្រ​បក្សប្រឆាំង​ទាំង ៥៥នាក់ ​គ្រោង​ចូលទៅ​​ធ្វើការ​ក្នុង​រដ្ឋសភា​នៅ ​ថ្ងៃទី៨សីហា​ខាងមុខ។

តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិទាំង៥៥រូបចូលស្បថនៅព្រះបរមរាជវាំងថ្ងៃទី០៥ខែសីហាឆ្នាំ២០១៤
តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិទាំង៥៥រូបចូលស្បថនៅព្រះបរមរាជវាំងថ្ងៃទី០៥ខែសីហាឆ្នាំ២០១៤ rfi/siv channa
ផ្សាយពាណិជ្ជកម្ម

ក្នុង​សម្លៀកបំពាក់​ពិធីការ អាវ​ស​ដៃ​វែង និង​សំពត់​ពណ៌​ស្វាយ​ចងក្បិន តំណាងរាស្ត្រ​ជាប់​ឆ្នោត​​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៥៥ នាក់​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា បានមក​ជួបជុំគ្នា​នៅ​មន្ទីរ​រដ្ឋសភា​មុននឹង​ចេញដំណើរ​រួមគ្នា​ទៅកាន់​ព្រះបរមរាជវាំង។

ពិធី​សច្ចាប្រណិធាន​ដើម្បី​ចូលកាន់​តំណែង​ជា​តំណាងរាស្ត្រ​ពេញសិទ្ធិ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង៤រសៀល​នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី។ លោក ហេង សំរិន ប្រធានរដ្ឋសភា​ក៏មាន​វត្តមាន​នៅក្នុង​ពិធី​នោះដែរ។

ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើឡើង​រយៈពេល​ពីរ​សប្តាហ៍​បន្ទាប់ពី​គណបក្សប្រឆាំង​និង​បក្ស​កាន់អំណាច​បាន​រកឃើញ​កិច្ច​ព្រម​ព្រៀង​​បញ្ចប់​វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត​ដែល​បានអូសបន្លាយ​រយៈពេល​ពេញ​មួយឆ្នាំ។

កិច្ចព្រមព្រៀង​ដំណោះស្រាយ​នយោបាយ​កាលពី​ថ្ងៃទី២២កក្កដា​បានធ្វើ​ឲ្យ​ស្ថានការណ៍​ដ៏​តានតឹង​វិល​ទៅរក​ភាព​ធូរស្រាល​ឡើងវិញ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ៧នាក់​និង​សកម្មជន​គណបក្ស​ម្នាក់ទៀត​ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់​ដាក់ពន្ធនាគារ​ពីបទ​ញុះ​ញង់​​ឲ្យ​កើត​អំពើហិង្សា​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ។

ព្រឹត្តិការណ៍​នេះ​បានទទួល​ការ​សាទរ​ពី​សហគមន៍ជាតិ​និង​អន្តរជាតិ​យ៉ាង​កងរំពង។ ប៉ុន្តែ វា​ក៏​ជា​ប្រធានបទ​នៃ​ការរិះគន់​និង​ការខឹង​សម្បារ​ពី​សំណាក់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​​ដែរ។ អ្នក​រិះគន់​និង​អ្នក​ខឹងសម្បារ​បាន​ហៅ​កិច្ចព្រមព្រៀង​ដំណោះស្រាយ​នយោបាយ​នោះ​ថា​បានធ្វើ​ឡើង​ក្រោម​គំនាប​របស់​គណបក្សកាន់អំណាច។

យ៉ាងណាក៏ដោយ កំណែទម្រង់ គ.ជ.ប និង​រដ្ឋសភា​ត្រូវបាន​គណបក្ស​ទាំងពីរ​ជជែក​គ្នា​យ៉ាង​សកម្ម​និង​បានទទួល​លទ្ធផល​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់។ ប៉ុន្តែ នៅមាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​គណបក្ស​ទាំងពីរ​បន្ត​ពិភាក្សា​បន្ទាប់ពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​អង្គុយ​ក្នុង​រដ្ឋសភា។ ថ្លែងប្រាប់​ក្រុមអ្នកកាសែត​នៅពេល​ចេញពី​ព្រះបរមរាជវាំង លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​បានបញ្ជាក់​ដោយ​ខ្លី​ថា ក្រុម​របស់លោក​នឹង​បន្ត​ការតស៊ូ​ក្នុង​​រដ្ឋសភា​ស្របតាម​លទ្ធិប្រជាធិបតេយ្យ​ដើម្បី​ការពារ​ផលប្រយោជន៍​ប្រជាជន។

តំណាងរាស្ត្រ​ទាំង ៥៥ នាក់​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​នឹង​ចូលទៅ​ធ្វើការ​ក្នុង​រដ្ឋសភា​នៅ​ថ្ងៃ​ទៅ​ទី៨សីហា​ខាងមុខនេះ។ នេះ​បើតាម​លោក សុន ឆ័យ ដែល​បាន​ប្រាប់​ឲ្យ​ដឹង​នៅមុន​ពិធី​​សច្ចាប្រណិធាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ