អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​វិបត្តិ​រ៉ាំ​រ៉ៃ​នៃ​សង្គម​ខ្មែរ​ដែល​ត្រូវ​គាស់​រំ​លើង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រៅ​ពី​ភាព​ក្រីក្រ​ដែល​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​គឺ​ជា​វិបត្តិ​ដ៏​រ៉ាំរ៉ៃ​មួយ​ទៀត​ដែល​បាន​និង​កំពុង​ញាំញី​សង្គម​គ្រួសារ​ខ្មែរ​ជា​ច្រើន​ឲ្យ​ប្រេះឆា​ជា​រៀង​រាល់​ថ្ងៃ។ការ​វាយ​ដំ​ធ្វើ​បាបលើ​រាង​កាយ​និង​ផ្លូវ​ចិត្ត​រហូត​ដល់​ការ​កាប់​សម្លាប់​គ្នា​រវាង​ប្តី​ប្រពន្ធ​គឺ​ជា​សោកនាដកម្ម​ដែល​នៅ​តែ​ជា​បច្ចុប្បន្ន​ភាព​នៅ​ឡើយ។ អ្នក​រង​គ្រោះ​ខ្លាំង​ជាង​គេ​ក្នុង​អំពើ​ហិង្សា​គឺ​ជា​ស្ត្រី ​និង​កុមារ។ ក្នុង​ន័យ​លុប​បំបាត់​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី យុទ្ធនា​ការ​បំពាក់​បូ​ណ៌​ពណ៌​ស​ដល់​បុរស​កំពុង​បើក​ធ្វើ​នៅ​ទូ​ទាំង​ប្រទេស។ តើ​គេ​គួរ​ធ្វើ​ដូច​ម្តេច​ដើម្បី​គាស់​រំលើង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ចេញ​ពី​សង្គម​ខ្មែរ​?  

អ្នកស្រី​​កាន់ ចរីយា​ជនរង​គ្រោះ​ដោយ​អំពើ​ហឹង្សា​​គ្រួសារ​ក្នុង​ខេ្តត​ព្រះ​សីហនុ
អ្នកស្រី​​កាន់ ចរីយា​ជនរង​គ្រោះ​ដោយ​អំពើ​ហឹង្សា​​គ្រួសារ​ក្នុង​ខេ្តត​ព្រះ​សីហនុ ©លីដា/RFI
ផ្សាយពាណិជ្ជកម្ម

ជា​រៀង​រាល់​ថ្ងៃ ព័ត៌មាន​ស្តី​ពី​អំពើ​ហិង្សា​គ្រប់​បែប​យ៉ាង ជា​ពិសេស​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​តែ​លេច​ឡើង​ក្នុង​ទំព័រ​សារព័ត៌មាន​មិន​សូវ​ជា​លស់​ពេល​ឡើយ។ ឈុត​ឆាក​ដ៏​គួរ​ឲ្យ​រន្ធត់​ជា​ច្រើន​បាន​កើត​ឡើង​ដោយ​ភ្នែក​ស្រស់​គឺ​មិន​មែន​ជា​រឿង​ល្ខោន​ទេ។ សោក​នាដ​កម្ម​ដែល​មិន​គួរ​ឲ្យ​ជឿ​តែ​ជា​រឿង​ពិត​ទាំង​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​បញ្ហា​ចាក់​ស្រេះ​ក្នុង​សង្គម​ខ្មែរ។

 
បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​គ្រួសារ​ខ្មែរ​ជា​ច្រើន​ជួប​នឹង​សោក​នាដកម្ម​និរាស​ព្រាត់​ប្រាស់​ដែល​ពេល​ខ្លះ ម្តាយ​ស្លាប់ ឪពុក​ជាប់​គុក បន្សល់​ទុក​កូន​គ្មាន​ទី​ពឹង។ ក្នុង​ទិស​ដៅ​លុប​បំបាត់​អំពើ​ហិង្សា​ដែល​ជា​ទូទៅ ស្ត្រី​គឺ​ជា​ជន​រង​គ្រោះ យុទ្ធនាការ​បំពាក់​បូណ៌​ពណ៌​ស​ដល់​បុរស​កំពុង​បើក​ធ្វើ​ជា​ថ្មី​ទៀត​នៅ​ទូ​ទាំង​ប្រទេស។ យុទ្ធនាការ​នេះ​មាន​ន័យ​សុំ​ចិត្ត​បុរស​ឲ្យ​បញ្ឈប់​អំពើ​ហិង្សា​គ្រប់​រូបភាព​ទៅ​លើ​ស្ត្រី​ដែល​ជា​ប្រពន្ធ​និង​កូន​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។

ជា​ការ​ពិត​ណាស់ អំពើ​ហិង្សា​ក្នុង​គ្រួសារ​គឺ​ជា​ប្រធាន​បទ​ក្តៅ​គគុក​មួយ​ដែល​ទាំង​រដ្ឋាភិបាល ទាំង​សង្គម​ស៊ីវិល​បាន​និង​កំពុង​ធ្វើ​សង្គ្រាម​ប្រយុទ្ធ​តតាំង​ជាមួយ​វា។ ការ​អនុម័ត​ច្បាប់​ប្រឆាំង​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​កិច្ច​ការពារ​ជន​រង​គ្រោះ​ដោយ​រដ្ឋសភាជាតិ​កាល​ពី​ឆ្នាំ​២០០៥​គឺ​ជា​ឧទាហរណ៍​មួយ។ ប៉ុន្តែ ច្បាប់​នេះ​មិន​មែន​ជា​ដំបង​ទិព្វ​សម្រាប់​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ឯ​ណា។ គ្រួសារ​ខ្មែរ​ជា​ច្រើន​នៅ​តែ​ញាំញី​ដោយ​អំពើ​ហិង្សា​ជា​រៀង​រាល់​ថ្ងៃ។
មាន​មូល​ហេតុ​ជា​ច្រើន​ដែល​បង្កើត​ជា​បន្ទុះ​អំពើ​ហិង្សា​ក្នុង​នោះ​មាន​មូល​ហេតុ​ចម្បង​មួយ​ចំនួន​ដូច​ត​ទៅ៖
 
មូលហេតុ​ទី១៖ គូ​ស្វាមី​ភរិយា​ខ្មែរ​ជា​ច្រើន​ជា​ពិសេស​ក្នុង​ចំណោម​អ្នក​ដែល​មាន​កម្រិត​ការ​អប់រំ​ទាប​ច្រើន​តែ​ប្រកាន់​ទស្សនៈ​អាត្មា​និយម ពោល​គឺ​ឲ្យ​តែ​ខ្លួន​ចង់​ធ្វើ​អ្វី​មួយ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ដោយ​មិន​ខ្ចី​អើពើ​ពី​អារម្មណ៍​របស់​ដៃ​គូ​ឡើយ។ ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា​ភាព​មិន​ចុះ​សម្រុង​ផ្លូវភេទ​គឺ​ជា​បញ្ហា​ចម្បង​មួយ​ដែល​នាំ​ដល់​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

មូលហេតុ​ទី២៖ បុរស​ខ្មែរ​ជា​ច្រើន​នៅ​តែ​ប្រកាន់​ទស្សនៈ​ជា​អ្នក​មាន​ឥទ្ធិពល​លើ​គ្រួសារ​ពោល​គឺ​គ្រួសារ​ទាំង​មូល​រាប់​ទាំង​ប្រពន្ធ​របស់​ខ្លួន​ផង​គឺ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ដែល​ខ្លួន​អាច​ធ្វើ​អ្វី​ក៏​បាន​រាប់​ទាំង​ការ​វាយ​ដំ​ផង។ ទស្សនៈ​ចាស់​គំរឹល​នេះ​នៅ​តែ​បន្ត​មាន​អត្ថិភាព​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន។ អ៊ី​ចឹង​ហើយ​បាន​ជា​អំពើ​ហិង្សា​ភាគ​ច្រើន​ផ្តើម​ចេញ​ពី​បុរស ហើយ​ស្ត្រី​ជា​ប្រពន្ធ​គឺ​ជា​ជន​រង​គ្រោះ។

មូលហេតុ​ទី៣៖ ក្នុង​សង្គម​ខ្មែរ មនុស្ស​តែង​គិត​ថា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​គឺ​ជា​រឿង​ផ្ទៃ​ក្នុង​របស់​គ្រួសារ​គេ​ដែល​អ្នក​ផ្សេង​មិន​ចាំ​បាច់​លូក​លាន់​ឡើយ។ ទស្សនៈ​នេះ​បាន​បង្ខំ​ឲ្យ​សង្គម​បិទ​ភ្នែក​មិន​អន្តរាគមន៍​ចំពោះ​អំពើ​ហិង្សា​ហើយ​ដែល​ជា​ញឹកញយ​វា​បាន​ជំរុញ​ឲ្យ​ជន​បង្ក​ហេតុ​បាន​ដៃ​និង​បន្ត​សកម្មភាព​តាម​ទំនើង​ចិត្ត។

ក្រៅ​ពី​នោះ នៅ​មាន​គ្រឿង​ស្រវឹង ល្បែង​ស៊ី​សង ភាព​ក្រី​ក្រ ការ​អប់រំ​ដែល​មាន​កម្រិត​ទាប និង​ទំនៀម​ទម្លាប់​ចាស់​គំរឹល​មួយ​ចំនួន​ក៏​មាន​ចំណែក​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដែរ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ដែរ​នោះ​គឺ អំពើ​ហិង្សា​(​ទាំង​លើ​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​) ក៏​កើត​មាន​ផង​ដែរ​ក្នុង​គ្រួសារ​អ្នក​មាន​ជីវភាព​ធូរធា និង​អ្នក​មាន​ការ​អប់រំ​ខ្ពស់​មួយ​ចំនួន​ដែរ។
សរុប​មក​វិញ នៅ​កម្ពុជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​បញ្ហា​ធ្ងន់​ធ្ងរ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ហើយ​ផល​វិបាក​របស់​វា​ជា​បន្ទុក​ដ៏​ធំ​សម្រាប់​សង្គម​ទាំងមូល។ ប៉ុន្តែ ​ដោយ​ក្រឡេកមើល​មូល​ហេតុ​ដូច​បាន​រៀប​រាប់​ខាង​លើ ដំណោះស្រាយ​មិន​ជា​ការ​ងាយ​ឡើយ។ ដើម្បី​ព្យាបាល​ជំងឺ​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ វា​ចាំ​បាច់​ណាស់​ដែល​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​ត្រូវ​ផ្លាស់​ប្តូរ​ទស្សនៈ​ចាស់​គំរឹល​មួយ​ចំនួន​ចោល ហើយ​ខិត​ខំ​ស្វែង​យល់​អំពី​ជីវិត​ជា​ដៃគូ​ឲ្យ​បាន​ច្រើន​ជាង​នេះ ពោល​គឺ​ប្តី​ប្រពន្ធ​ត្រូវ​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​បាន​ច្រើន​បំផុត។

ទន្ទឹម​គ្នា​នោះ ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ឲ្យ​បាន​ទូ​លំ​ទូ​លាយ​ដល់​មូលដ្ឋាន​និង​ការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​គឺ​ជា​បេសកកម្ម​ចាំ​បាច់​របស់​រដ្ឋាភិបាល។ ការ​ផ្សព្វផ្សាយ​ច្បាប់​គឺ​ដើម្បី​ឲ្យ​មនុស្ស​គ្រប់​គ្នា​យល់​ថា អំពើ​ហិង្សា​ណា​ក៏​ដោយ​គឺ​ជា​រឿង​ខុស​ច្បាប់។ អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​នឹង​ត្រូវ​ផ្តន្ទា​ទោស​ដោយ​គ្មាន​លើក​លែង។ នេះ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ឈាន​ទៅ​កាត់​បន្ថយ ឬ​គាស់​រំលើង​ទាំង​ស្រុង​នូវ​វប្បធម៌​ហិង្សា​ពី​ក្នុង​សង្គម​ខ្មែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ