អានតួអត្ថបទ
កម្ពុជា

ក្រសួង​មហា​ផ្ទៃ​បង្ហាញ​ពី​ការ​ខូចខាត​បណ្តាល​មក​ពី​បាតុកម្ម​ជិត​ ១០០​លាន​ដុល្លារ​

បន្ទាប់ពី​​មាន​ កូដកម្ម​ បាតុកម្ម​ ក្រោយ​​ការ​បោះ​ឆ្នោត​​កាល​ពី​​ថ្ងៃ​ទី​ ២៨​ខែ​កក្កដា​​មក​ ក្រសួង​​មហា​ផ្ទៃ​​នៅ​ថ្ងៃនេះ​ បាន​ចេញ​​របាយការណ៍​ ស្តី​ពី​​ការ​ខូចខាត​ សរុប​​ទាំង​​ទ្រព្យ​សម្បត្តិ​​សាធា​រណៈ ​របស់​​រដ្ឋ ​និង ​ឯកជន​ ដែល​មាន​​ប្រមាណ​​ជិត​​មួយ​រយ​​លាន​​ដុល្លារ​។​ ក៏ប៉ុន្តែ​​ថ្នាក់​​ដឹកនាំ​​គណបក្សប្រឆាំង​ មិន​សូវ​​ចាប់​អារម្មណ៍​​ចំពោះ​​ការ​លើកឡើង​ នៅ​ក្នុង​​របាយការណ៍​រ​បស់​​ក្រសួង​មហាផ្ទៃ​​នា​ពេល​នេះ​ឡើយ​។​ 

ក្បូនដង្ហែរបស់គណបក្សសង្គ្រោះជាតិនៅលើផ្លូវមុនីវង្ស ថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០១៣
ក្បូនដង្ហែរបស់គណបក្សសង្គ្រោះជាតិនៅលើផ្លូវមុនីវង្ស ថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០១៣ RFI
ផ្សាយពាណិជ្ជកម្ម

 ក្រ​សូង​មហាផ្ទៃ​នៅ​ថ្ងៃទី២៧មីនា​នេះ បានបង្ហាញ​នូវ​របាយការណ៍​មួយ​ស្តីពី​ការខូចខាត​ដែល
បណ្តាលមកពី​បាតុកម្ម​ជាច្រើន​ចាប់តាំងពី​មានការ​បោះឆ្នោត​នីតិកាល​ទី៥ កាលពី​ថ្ងៃទី​២៨​ខែ​កក្កដា​កន្លងមក។នៅក្នុង​របាយការណ៍​ចំនួន៧ទំព័រ ដែល​ដាក់ថា សេចក្តី​សំរង់​របកគំហើញ​រប​ស់​​គណៈកម្មការ​វាយតម្លៃ​ការខូចខាត​ដែល​បង្កឡើង​ដោយ​បាតុកម្ម​ខុសច្បាប់​ដឹកនាំ​ដោយ​គណ​បក្ស​សង្គ្រោះ​ជាតិ បង្ហាញថា​ការ​ខូច​ច​ខាត​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​ទ្រព្យ​សម្បត្តិ​របស់​ឯកជ​ន​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​ជាង ២៤៦លាន​រៀល និង​ជាង ២១៤ ០០០ដុល្លារ។

 
ចំពោះ​ការខូចខាត​ទ្រព្យ​សម្ភារៈ​របស់​រោងចក្រ​នានា យោងតាម​គេហទំព័រ​អគ្គស្នងការ​នគរ​បាល​​​ជាតិ ក្រសួងមហាផ្ទៃ​បាន​លើកយក​របាយការណ៍រ​បស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា(GMAC) ដែល​បានផ្តល់​ទៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​គឺមាន​ចំនួន៩៥រោងចក្រ ទទួល​រង​នូវ​ការខូចខាត ដែលមាន​ទឹកប្រាក់​ប៉ាន់ស្មាន​សរុប​ប្រមាណ​ជាង ៧២លាន​ដុល្លារ។ ការ​ខូចខាត​នេះ​ត្រូវបាន​បែងចែក​ដោយ​លម្អិត គឺ​ខូចខាត​ទ្រព្យសម្បត្តិ ខូចខាត​សង្វាក់​ផលិតកម្ម និង​ការខូចខាតផ្សេងៗទៀត នេះ​ចំពោះតែ​ក្របខ័ណ្ឌ​រាជធានី​ភ្នំពេញ។

ដោយឡែក​ចំពោះ​ការខូចខាត​នៅតាម​បណ្តារ​ខេត្ត​វិញ ក៏មាន​នៅក្នុង​របាយការណ៍​ដែរ គឺ​ប៉ះ​ពាល់​ទៅដល់​រោងចក្រ​កាត់ដេរ​មួយចំនួន​នៅ​ខេត្តស្វាយរៀង, កំពង់ឆ្នាំង និង​ខេត្តកណ្តាល​ដែល​មាន​តម្លៃ​រាប់ម៉ឺន​ដុល្លារ​ដែរ។

ប្រតិកម្ម​ទៅនឹង​របាយការណ៍​រប​ស់​ក្រសួងមហាផ្ទៃ​នេះដែរ លោក សម រង្សី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI ថា លោក​ពុំមាន​ការចាប់អារម្មណ៍​ចំពោះ​ការលើកឡើង​ទាំង​នេះឡើយ។លោក​ថា ស្រេច​តែ​គេ​ចុះ មិន​ពាក់ពាន់​ទៅនឹង​គណបក្ស
សង្គ្រោះ​​​ជាតិ​ឡើយ ដោយ​គណបក្ស​ង្គ្រោះ​ជាតិ​តែង​ប្រកាន់​ជំហរ​អហឹ​ង្សា​រ​ជានិច្ច។
 

សូម​បញ្ជក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​បានចាប់ផ្តើម​ធ្វើបាតុកម្ម​ជា​បន្តបន្ទាប់​ចាប់តាំងពី​មាន​ការ​​បោះឆ្នោត កាលពី​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣មក ដោយ​គណបក្សប្រឆាំង​នេះ​បដិសេធ​នូវ​លទ្ធផល​ឆ្នោត ដែល​ប្រកាសឡើង​ដោយ​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប។ ជាមួយគ្នា​នោះដែរ​ក្រុម​អង្គការ សមាគម សហជីព ក៏បាន​ធ្វើបាតុកម្ម លាយឡំ​គ្នា​នោះដែរ ជា​ពិសេស​ការទាមទារ​របស់​សហជីព​ដើម្បី​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា១៦០ដុល្លារ​ក្នុង​មួយ​ខែ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ