អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

សេចក្តី​សន្និដ្ឋាន​ទៅ​លើ​ភូមិសាស្ត្រ​នយោបាយ​អាស៊ី​អាគ្នេយ៍​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ ហ្ស​ង់-ហ្វ្រ​ង់​ស័​រ តាន់ សូម​ធ្វើការ​សន្និដ្ឋាន បិទ​បញ្ចប់​ការសិក្សា​ទៅលើ​ភូមិសាស្ត្រ​នយោបាយ​របស់​អាស៊ី​អាគ្នេយ៍។ និយាយ​រួម​ អាស៊ី​អាគ្នេយ៍​បាន​ឈាន​ជើង​ចេញរួច​ពី​ភាព​ប្រេះ​ឆារ និង​ដើរ​មក​ដល់​គោលដៅ​ឯកភាព​ក្រោម​ដំបូល​តែ​មួយ​របស់អាស៊ាន​ នៅ​ទីបំផុត​។​ ប៉ុន្តែ ​នេះ​មិន​មែន​បាន​ន័យ​ថា​ ភូមិភាគ​អាស៊ីអាគ្នេយ៍​នឹង​ច្បាស់​ជា​មាន​អនាគត​ភ្លឺ​ស្វាង​នោះ​ទេ​។​

បណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងដប់ក្រោមដំបូលអាស៊ានតែមួយនៅទីបំផុត។
បណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងដប់ក្រោមដំបូលអាស៊ានតែមួយនៅទីបំផុត។ RFI
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ទសវត្សរ៍​ទី៥០ សេដ្ឋវិទូ​មួយចំនួន​បាន​អះអាងថា អាស៊ីអាគ្នេយ៍​នឹងមិន​អាចឈាន​ជើង​ចេញរួច​ពី​ភាពក្រីក្រ​បានទេ។ ៦០ប្លាយ​ឆ្នាំ​ក្រោយមក ភូមិភាគ​មួយ​នេះ​កំពុង​ស្គាល់​សន្ទុះ​សេដ្ឋកិច្ច​ខ្លាំងក្លា ប្រមូលផ្តុំ​ទៅដោយ​នាគ​សេដ្ឋកិច្ច​ដូចជា​សិង្ហ​បុរី និង​ពួក​ខ្លា​សេដ្ឋកិច្ច រួមមាន​ជាអាទិ៍ ម៉ាឡេស៊ី ថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី ព្រមទាំង​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍ ដូចជា​វៀតណាម ភូមា កម្ពុជា និង​ឡាវ។

 ប៉ុន្តែ គេ​គួរ​ទទួលស្គាល់ថា អាស៊ីអាគ្នេយ៍​សម័យ​ចន្លោះ​ទសវត្សរ៍​ទី៥០និង​ចុង​ទសវត្សរ៍​ទី៨០ គឺ​ពិតជា​តំបន់​មួយ​ដែល​មិន​អំណោយផល​សោះឡើយ​សម្រាប់​ការអភិវឌ្ឍន៍ ដ្បិត​វា​ជា​សមរភូមិ​ក្តៅគគុក​ជាងគេ​មួយ​នៃ​សង្គ្រាមត្រជាក់ ដូច​មាន​សង្គ្រាម​នៅ​ឥណ្ឌូចិន​ក្នុង​ទសវត្សរ៍​ទី៦០ ៧០​និង៨០ ជា​ឧទាហរណ៍​ជាក់ស្តែង​ស្រាប់។

គឺ​នៅក្នុង​បរិបទ​បាក់បែក​ប្រេះឆារ​គ្នា​ខ្លាំង​ក្នុង​ទសវត្សរ៍​ទី៦០នោះ​ហើយ​ដែល​សមាគម​ប្រជា​ជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន​ត្រូវបាន​បង្កើតឡើង។ តាម​ការពិតអាស៊ាន​​​​ត្រូវបាន​បង្កើតឡើង​ដោយ​គ្មាន​ការគាំទ្រ​បន្តិច​សោះឡើយ​ពី​សំណាក់​អង្គការសហប្រជាជាតិ​និង​ពី​សំណាក់​មហាអំណាច​ដែល​កាលសម័យ​នោះ​កំពុង​ជាប់ដៃ​កកូរកកាយ​ឥណ្ឌូចិន និង​កំពុង​ប្រជែង​ឥទ្ធិពល​មនោគមវិជ្ជារ​វាង​គ្នា នៅ​អាស៊ីអាគ្នេយ៍​ទាំងមូល។

និយាយ​រួម គ្មាន​អ្នកណា​មាន​ជំនឿ​ទៅលើ​អនាគត​អាស៊ាន​ទេ កាលសម័យ​នោះ។ ម្យ៉ាង​គឺ​មកពី​បណ្តា​ប្រទេស​ស្ថាបនិក ថៃ ម៉ាឡេស៊ី សិង្ហ​បុរី ហ្វីលីពីន និង​ឥណ្ឌូណេស៊ីកាល​ណោះ សុទ្ធ​តែមាន​ជម្លោះទឹកដី​នឹង​គ្នា ។ ម្យ៉ាងទៀត កុំថាឡើយ​កាលសម័យ​ទសវត្សរ៍​ទី៦០ សូម្បីតែ​សព្វថ្ងៃ​ហ្នឹង ក៏​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​នៅតែមាន​លក្ខណៈខុស​គ្នាច្រើន​និង​ដូចគ្នា​តិច ប្រើ​ភាសាខុសៗគ្នា មាន​សាសនា វប្បធម៌ ទំនៀមទម្លាប់ និង​ប្រពៃណី​មិន​ដូចគ្នា។ ភាពមិន​ដូចគ្នា​ក៏មានដែរ នៅលើ​វិស័យ​របប​នយោបាយ និង​កម្រិត​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ហើយ​នេះ​មិន​ទាន់​និយាយ​ដល់​លក្ខណៈ​ភូមិសាស្ត្រផង។ អាស៊ីអាគ្នេយ៍​មិនមែនជា​ទ្វីប មិនមែនជា​ឧបទ្វីប តែ​​ជា​ភូមិភាគ​នៃ​ពិភព​ពីរ​ខុសគ្នា​ពិភព​ឥណ្ឌូចិន​ដែលជា​ដីគោក និង​ពិភព​ម៉ា​ឡេ​ដែលជា​ដី​កោះ។

តែ​យ៉ាងណាក៏ដោយ បន្តិចម្តងៗ និង​ជាពិសេស ក្រោយពី​សង្គ្រាមត្រជាក់​បាន​រលត់រលាយ​បាត់​នៅ​ដើម​ទសវត្សរ៍​ទី៩០ អាស៊ាន​ដ៏​តូច​ច្រ​ម៉ក់​និង​ដែល​គ្មាន​អ្នកណា​ឱ្យ​តម្លៃ​ចាប់ផ្តើម​រីក​ធំ មាន​ទឹកមាត់ប្រៃ រហូតដល់​ក្លាយជា​អង្គការ​តំបន់​មួយ​ដែល​គ្មាន​មហាអំណាច​ណាមួយ​អាច​មើលរំលង​បានទេ​ក្នុង​គ្រានេះ ដូច​មាន​ជំនួប​កំពូល​ប្រចាំឆ្នាំ​ដ៍​អធិកអធម​របស់​អង្គការ​មួយ​នេះ​បូករួម​និង​ជំនួប​កំពូល​ពាក់ព័ន្ធ​ដទៃ​ផ្សេង​ជា​ឧទាហរណ៍​ជាក់ស្តែង​ស្រាប់។

ប៉ុន្តែ ទន្ទឹមនេះ នៅពេលដែល​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​បាន​ចាក​ចេញរួច​ពី​ភាព​ប្រេះឆា​និ​ង​បាន​បង្រួបបង្រួម​គ្នា​ដើម្បី​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រោម​ដំបូល​តែមួយ​របស់​អាស៊ាន ស្រាប់​តែ​អង្គការ​​តំបន់​មួយ​នេះ​ហាក់ដូចជា​ដើរមក​ដល់​របត់​មួយ​ប្រកបទៅដោយ​គ្រោះថ្នាក់ ដោយ​ហេតុ​តែ​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ស្មុគស្មាញ​មួយចំនួន។

ក្នុងចំណោម​បញ្ហា​ទាំងនោះ មាន​ជាពិសេស​ទំនាស់​នៃ​ការដណ្តើម​គ្នា​ក្តោប​ក្តាប់​ទីប្រជុំ​កោះ​Paracel និង​Spratly នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​រវាង​បណ្តា​ប្រទេស​អាស៊ាន​មួយក្រុម និង​រវាង​បណ្តា​ប្រទេស​អាស៊ាន​ទាំងនេះ​និង​មហា​យក្ស​ចិន។

ត្រង់នេះ ម​ហិ​ច្ច​តា​កាន់តែ​ធំ​និង​ការស្រេកឃ្លាន​ទឹកដី​កាន់តែច្បាស់​របស់​ចិន​នៅក្នុងសមុទ្រ​​​ចិន​ខាងត្បូង​បាននិងកំពុង​បន្ត​បណ្តាលឱ្យ​ភាព​តានតឹង​កើតឡើងជារឿយៗ នៅក្នុង​ជំនួប​កំពូល​អាស៊ាន និង​នៅក្នុង​ជំនួប​កំពូល​អាស៊ី​បូព៌ា។ ការមើល​មុខ​គ្នា​មិន​ចំ កើតឡើង​ជាពិសេសរ​វា​ង​ចិន វៀតណាម​និង​ហ្វីលីពីន។

ធ្ងន់ធ្ងរ​ជាងនេះទៅទៀត គឺ​ស្ថានភាព​ទូទៅ​នៅ​អាស៊ីអាគ្នេយ៍​សព្វថ្ងៃ។ ពិតមែនតែសង្គ្រាម​ត្រជាក់​​បាន​រល​ត់រលាយ​បាត់ទៅ​អស់​រយៈពេល​ជាង២០ឆ្នាំកន្លងមក​ហើយ​ក្តី ក៏​ចម្បាំង​ត្រជាក់​មួយ​ហាក់ដូចជា​កំពុង​ផ្តើម​កើតឡើង​សារជាថ្មី​នៅក្នុង​ភូមិភាគ​នេះ រវាង​សហរដ្ឋអាមេរិក​និង​ចិន។

បញ្ហា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​រវាង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​និង​ចិន ជាឱកាស​មួយ​ដ៏​ល្អ​សម្រាប់​ទីក្រុង​វ៉ាស៊ីនតោន ក្នុងការ​លូកដៃ​ចូលមកក្នុង​អាស៊ីអាគ្នេយ៍។ គឺ​នៅក្នុង​បរិបទ​បែបនេះហើយ​ដែល​តាំងពី​ឆ្នាំ២០០៩មក អាមេរិក​និងអាស៊ាន​បាន​បើកដៃ​រកគ្នា តាមរយៈ​ជំនួប​​កំពូល​អាស៊ាន-អាមេរិក​មួយឆ្នាំ​ម្តង​តាំងពី​ឆ្នាំ២០០៩មក ហើយ​នៅ​ឆ្នាំ២០១១ អាមេរិក​ក៏​ដូច​រុស្ស៊ី​ដែរ​បាន​ក្លាយជា​សមាជិក​ផ្លូវការ​នៃ​ជំនួប​កំពូល​អាស៊ី​បូព៌ា។

ដោយឡែក ពី​ពេលនេះ​តទៅ បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ទាំង១០ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ស្មុគស្មាញ​ដែល​ហូរ​ចេញពី​អភិក្រម​នៃ​ការធ្វើឱ្យ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​អាស៊ាន​ក្លាយ​ជា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នា​ដំណាច់ឆ្នាំ២០១៥ខាងមុខ។ បានន័យថា វា​គឺជា​ការធ្វើ​សមា​ហ​រ័​ណ​កម្ម​ទាំងស្រុង​មួយ ដែល​មិន​ត្រឹម​តែមាន​ចរាចរណ៍​ទំនិញ​ដោយ​សេរី​ប៉ុណ្ណោះ​ទេ តែ​ក៏​នឹងត្រូវ​មាន​ដែរ​ចរាចរណ៍​មូលធន​និង​ចរាចរណ៍​ប្រជាជន​ដោយ​សេរី នៅក្នុង​លំហ​ដែនដី​នៃ​អាស៊ាន​ទាំងមូល។

ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នាពេល​ខាងមុខនេះ មិនមែនជា​ការងាយស្រួល​ទេ ប៉ុន្តែ​ជា​គោលដៅ​មួយ​ចាំបាច់។ ពីព្រោះ ពេលចេញ​ជា​រូបរាង និង​ពេល​មានដំណើរ​ការ​រលូន​ល្អ​ហើយ នៅពេលនោះ​អាស៊ីអាគ្នេយ៍ នឹង​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ទី៩នៅក្នុង​ពិភពលោក ក្លាយទៅជា​ទីផ្សារ​មួយ​ដ៏​ធំ​ដែលមាន​ប្រជាជន​រហូតដល់​ទៅជិត៦០០លាន​នាក់់។ ប៉ុន្តែ ដើម្បី​សម្រេចបាន​ជោគជ័យ​នៃ​ការធ្វើ​សមា​ហ​រ័​ណ​កម្ម​ទាំងស្រុង វា​ទាល់តែ​ពលរដ្ឋ ថ្នាក់ដឹកនាំ​និង​អ្នកនយោបាយ​ជាទូទៅ​នៃ​ប្រទេស​សមាជិក​អាស៊ាននីមួយៗ ចេះ​សម្លឹងមើល​ឆ្ងាយ ឆ្ងាយ​ហួស​ពី​ព្រំដែន​របស់​ប្រទេស​ខ្លួន និង​ឆ្ងាយ​ហួស​ពី​ចក្ខុនិមិត្ត​ជាតិនិយម​ឬ​ជាតិនិយម​ជ្រុល ដើម្បី​ឱបក្រសោប​យក​ព្រំដែន​និង​ផលប្រយោជន៍​តំបន់។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ