អានតួអត្ថបទ
កម្ពុជា

ប៉ូលិស​កំពុង​បន្ត​ស៊ើប​អង្កេត​​ការ​ចូល​លួច​​កោដ្ឋ​​ដ៏​ធំ​មួយ​​នៅ​លើ​កំពូល​ភ្នំ​ឧត្តុង្គ

កោដ្ឋ​ព្រះ​បរម​សារីរិកធាតុ និង​វត្ថុ​មាន​តំលៃ ត្រូវបាន​ចោរលួច ចេញពី​ព្រះ​សក្យមុនីចេតិយ កាលពី​ច័ន្ទ។ នគរបាលជាតិ នៃ​ក្រសួងមហាផ្ទៃ បាន​ទទួលស្គាល់ថា មាន​អំពើចោរកម្ម យ៉ាង​ដូច្នេះ​មែន។ ហើយ​បច្ចុប្បន្ន ប៉ូលិស កំពុងបើក​ការស៊ើបអង្កេត​មួយ យ៉ាង​ក្តៅគគុក។

ព្រះសក្យមុនីចេតិយ នៅភ្ពំឧត្តុង្គ
ព្រះសក្យមុនីចេតិយ នៅភ្ពំឧត្តុង្គ RFI-ចាន់ណា
ផ្សាយពាណិជ្ជកម្ម

មន្ត្រីជាន់ខ្ពស់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា​ ពិតជា​មាន​អំពើ ចោរកម្ម​​ដែល​បាន​ប្រ​ព្រឹត្ត​ឡើង​ដោយ​ជន​មិន​ស្គាល់មុខ​ នៅលើ​កំពូលភ្នំ​ព្រះរាជ​ទ្រព្យ ឬ​ភ្នំ​ឧ​ត្តុ​ង្គ​ប្រាកដ​មែន។ 

លោក​ឧ​ត្ត​ម​សេនីយ​ឯក គៀត ចាន់ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ក្រសួង​មហាផ្ទៃ​ ​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង RFI នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ប៉ូលិសកំពុង​ស៊ើបអង្កេត​ករណីនេះ​ជា​បន្ត បន្ទាប់ពី​មានការ​កត់ត្រា និង​ប្រមែប្រមូល​វត្ថុតាង​ពី​កន្លែងកើតហេតុ​នៅពេល​ដែល​​សមត្ថកិច្ច​បា​ន​ទទួលដំណឹង​នេះភ្លាមៗ កាលពី​ថ្ងៃ​ច័ន្ទ។

ទោះជា​យ៉ាងនេះ​ក្តី​ ការវាយតម្លៃ​ណាមួយ​នៅ​មិនទាន់​បានធ្វើ​នៅឡើយ​ទេ ខណៈដែល​ការស៊ើបអង្កេត​កំពុងតែបន្ត និង​មាន​ភាព​ប្រ​ញាប់​ប្រ​ញា​ល់, នេះ​បើតាម​លោក គៀត ច័ន្ទ​ថា​រិទ្ធ។ ក៏ប៉ុន្តែ​ជា​ជំ​ហ៊ាន​ដំបូង ​កោដ្ឋ​ដ៏​មាន​តំលៃ​​សម្រាប់​ដាក់​ព្រះ​បរម​សារីរិកធាតុ របស់​ព្រះពុទ្ធ​សមន​គោត្ត​ម បាន​បាត់​ហើយ។

សូមបញ្ជាក់ថា ដំណឹង​នៃ​ការសង្ស័យថា​មាន​ចោរ​ចូល​លួច​កោដ្ឋ​ព្រះ​បរម​សារីរិកធាតុ ​និង​វត្ថុ​មានតម្លៃ​មួយចំនួន​នៅក្នុង​សក្យមុនីចេតិយ​ ភ្នំ​ឧ​ត្តុ​ង្គ​ ស្ថិតនៅក្នុង​ខេត្តកណ្តាល​នោះ បាន​កើតឡើង​កាលពី​ពេល​​ទៀបភ្លឺ​ ថ្ងៃទី១០ខែធ្នូ​មកម្ល៉េះ។

បើទោះជា​គេ​មិនទាន់​ដឹងថា មាន​វត្ថុ​មានតម្លៃ​អ្វីខ្លះ​ក្រៅពី​កោ​ដ្ឋិ​តម្កល់​ព្រះ​សារីរិកធាតុ ត្រូវបាន​ចោ​រ​លួច​ទៅ​បាត់​នោះ​នៅពេលនេះ​ក៏ដោយ ក៏ប៉ុន្តែ​ មន្ត្រី​មួយចំនួន​ដែល​ស្និទ្ធ​នឹង​ការងារ​នេះ បាន​និយាយប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​នៅ​ព្រឹក​នេះដែរ​ថា វត្ថុ​ដ៏​មានតម្លៃ​ដែល​ពួកចោរ​ទមិឡ​ចូល​លួច​នោះ គឺជា​កោដ្ឋ​ដែល​ធ្វើ​ពី​មាស​សុទ្ធ​ទំងន់១០គីឡូក្រាម និង​មាន​ដាំ​ត្បូង​ពេជ្រ​មានតម្លៃ​ជាច្រើន សរុប​ទាំងអស់​ប្រហាក់ប្រហែល​មួយ​លាន​ដុល្លារ។

ហើយ​កន្លងមក​ ក៏ដូចជា​បច្ចុប្បន្ន​ដែរ តំបន់ភ្នំ​ឧ​ត្តុ​ង្គ​ត្រូវបាន​គ្រប់គ្រង​ដោយ មន្ទី​វប្បធម៌​ខេត្តកណ្តាល ដែលមាន​ឆ្មាំ​យាម​ជាង ២០នាក់ សុ​ទ្ឋ​សឹង​ជា​បុគ្គលិក​អណ្តែត ដែល​មើលទៅ​មិនមាន​លទ្ធភាព​ក្នុងការ​ការពារ​វត្ថុ​ដ៏​មានតម្លៃ​សម្រាប់​ព្រះពុទ្ធសាសនា​ និង​ប្រជាពលរដ្ឋ​ខ្មែរ​នោះទេ។

ទាក់ទង​ទៅនឹង​ការបាត់បង់​វត្ថុ​ដ៏​មានតម្លៃ​ដែល​មិនអាច​កាត់ថ្លៃ​បាន​នេះ ប្រជាពលរដ្ឋ​បានធ្វើការ​រិះគន់ថា​ ជាការ​ធ្វេសប្រហែស​របស់​អាជ្ញាធរ ដែល​មិនមាន​វិធានការ​ការពារ​ជាមុន នៅពេលដែល​ដឹងថា​វត្ថុ​ជាទីគោរព​ទាំងនោះ​មានតម្លៃ​ក្នុង​ផ្លូវធម៌​ដ៏​មហាសាល និង​ផ្លូវលោក​ជា​ទ្រព្យសម្បត្តិ​ក៏ដោយ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ