អានតួអត្ថបទ
កម្ពុជា

វេទិកា​ជាតិ​លើក​ទី​៣​ស្តី​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​បិទ​បញ្ចប់​ថ្ងៃ​នេះ​

កិច្ចពិភាក្សា​ស្តី​ពី​វិធានការ​ទប់​ទល់​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​រយៈ​ពេល​បី​ថ្ងៃ​បាន​ឈាន​ដល់​ទី​បញ្ចប់​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ក្រុម​អ្នក​ជំនាញ​ជាតិ​និង​អន្តរជាតិ​ជាង ៧០០ នាក់​បាន​ចូល​រួម​ពិភាក្សា​និង​ផ្តល់​ការ​គាំទ្រ​ដល់​កម្ពុជា​ដើម្បី​ចាត់​វិធាន​ការ​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ នៅ​ឯ​ក្រៅ​វេទិកា​ឯ​ណេះ​វិញ​សាធារណៈ​មតិ​បាន​នាំ​គ្នា​ស្តីបន្ទោស​លើ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ថា​ជា​ចំណែក​ដ៏​សំខាន់​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​រង​គ្រោះ​មហន្តរាយ​ធម្មជាតិ​យ៉ាង​គំហុក។

ដីស្រែ​ហួត​ហែង ខ្វះ​ទឹក​ភ្លៀង​នៅ​ខេត្ត​កំពង់​ស្ពឺ
ដីស្រែ​ហួត​ហែង ខ្វះ​ទឹក​ភ្លៀង​នៅ​ខេត្ត​កំពង់​ស្ពឺ © ម៉េងហួរ/RFI
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​កិច្ច​ពិភាក្សា​រយៈ​ពេល​បី​ថ្ងៃ​នេះ ក្រុម​អ្នក​ជំនាញ​បាន​លើក​ឡើង​អំពី​វិធាន​ការ​ជាច្រើន​ដើម្បី​ទប់​ទល់​ជាមួយ​ការ​ប្រែប្រួល​អាកាស​ធាតុ។ ក្រៅ​ពី​មតិ​យោបល់​នានា សហភាព​អឺរ៉ុប​ក៏​បាន​សន្យា​គាំទ្រ​គោល​នយោបាយ​របស់​កម្ពុជា​ក្នុង​ការ​ទប់​ទល់​និង​ការ​ប្រែប្រួល​អាកាសធាតុ​ផង​ដែរ។ លោក ហ្សង់​ហ្វ្រង់​ស័រ កូ​តាំង ឯក​អគ្គ​រដ្ឋ​ទូត​សហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា សហភាព​អឺរ៉ុប​និង​ដៃគូ​របស់​ខ្លួន​នឹង​គាំទ្រ​កម្ពុជា​ក្នុង​ការ​បន្សាំ​និង​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​ការ​ប្រែប្រួល​អាកាសធាតុ។ 

វេទិកា​ជាតិ​លើក​ទី​៣​ស្ដី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​បាន​បើក​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ៥ ខែ វិច្ឆិកា នៅ​វិមាន​សន្តិភាព។ វេទិកា​នេះ​ក៏​ជា​ឱកាស​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​ប្រើ​ផែន​ការ​យុទ្ធសាស្ត្រ​លើក​ដំបូង​ស្តី​ពី​ការ​ទប់​ទល់​ជាមួយ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ ផែនការ​យុទ្ធសាស្ត្រ​នេះ​មាន​គោលដៅ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​បង្ក​ឡើង​ដោយ គ្រោះ​មហន្តរាយ​ធម្មជាតិ​ដែល​កើត​ឡើង​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​ជា​ពិសេស​បញ្ហា​ទឹក​ជំនន់​ដែល​កម្ពុជា​កំពុង​ទទួល​រង​គ្រោះ។ ផែនការ​យុទ្ធសាស្ត្រ​នេះ​នឹង​ត្រូវ​អនុវត្ត​ចន្លោះ​ពី​ឆ្នាំ ២០១៤ ដល់ ឆ្នាំ ២០២៣ ។

វេទិកា​ជាតិ​លើក​ទី ៣ ស្ដី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នេះ បាន​បើក​ឱកាស​ឲ្យ​ក្រុម​អ្នកជំនាញ​ជាតិ​និង​អន្តរជាតិ​ពិភាក្សា​គ្នា​អំពី​បញ្ហា​ជា​ច្រើន​ទាក់​ទង​នឹង​ការងារ​គ្រប់​គ្រង​ការ​ប្រែប្រួល​អាកាសធាតុ។ អ្នក​ជំនាញ​ជាង ៧០០ នាក់​មក​ពី​រដ្ឋាភិបាល ដៃ​គូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ជា​ច្រើន​ទៀត​បាន​ចូល​រួម​ពិភាក្សា​ក្នុង​វេទិកា​នេះ។

ខណៈ​ដែល​ក្រុម​អ្នក​ជំនាញ​កំពុង​ពិភាក្សា​គ្នា​នៅ​ក្នុង​វេទិកា នៅ​ឯ​ក្រៅ​វេទិកា​ឯ​ណេះ​វិញ​គេ​បាន​នាំ​គ្នា​ស្តី​បន្ទោស​ទៅ​លើ​ការ​កាប់​បំផ្លាញ​ព្រៃឈើ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​នឹង​ព្រៃឈើ រួម​ទាំង​ប្រជា​ពលរដ្ឋ​សហគមន៍​ផង​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​ជា​បន្ទាន់​ដើម្បី​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ។ ពួកគេ​យល់ថា នេះ​គឺ​ជា ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​គ្រោះ​ធម្មជាតិ​ទឹក​ជំនន់​ដែល​សម្លាប់​មនុស្ស​រាប់​រយ​នាក់​ជា​រៀង​រាល់​ឆ្នាំ។ ជាក់ស្តែង ឆ្នាំ ២០១៣ នេះ ទឹក​ជំនន់​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ ១៦៨ នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ