អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កាត់​បន្ថយ​ឥទ្ធិពល​ឈ្មួញ​ធំៗ​ជា​គន្លឹះ​មួយ​សម្រាប់​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល

ចុះផ្សាយ​នៅ​ថ្ងៃ៖

រហូត​មក​ទល់​ពេល​នេះ ឈ្មួញ​រកស៊ី​ធំៗ​នៅ​តែ​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​អាជ្ញាធរ​មាន​សមត្ថកិច្ច។ ឈើ​ប្រណីត​នៅ​តែ​ត្រូវ​គេ​ដឹក​ចេញ​ពី​ព្រៃ​ឥត​ឈប់​ឈរ​បើ​ទោះបីជា​ប្រមុខ​រដ្ឋាភិបាល​បាន​ចេញ​បទ​បញ្ជា​ម៉ឺងម៉ាត់​ឲ្យ​បញ្ឈប់​ជំនួញ​ឈើ​ខុស​ច្បាប់​ក៏​ដោយ។ ក្រៅ​ពី​ជំនួញ​ឈើ ក៏​នៅ​មាន​ឈ្មួញធំៗ​ជា​ច្រើន​ទៀត​កំពុង​ប្រើ​ឥទ្ធិពល​ទឹក​ប្រាក់​របស់​ខ្លួន​ទៅ​លើ​អាជ្ញាធរមាន​សមត្ថកិច្ច​ដើម្បី​បើក​ផ្លូវ​ឲ្យ​ពួកគេ​អាច​ប្រកបរបរ​តាម​ចិត្ត​ចង់ ។ នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​បទ​បញ្ជា​របស់​នាយករដ្ឋមន្ត្រី​គ្មាន​ប្រសិទ្ធភាព ហើយ​វា​ក៏​ច្បាស់​ជា​បន្ត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល។

សកម្មភាព​បង្រ្កាប​បទល្មើស​ព្រៃឈើ
សកម្មភាព​បង្រ្កាប​បទល្មើស​ព្រៃឈើ ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ទោះបីជា​ស្ថានការណ៍​ហាក់​ដូចជា​ធូរ​ស្រាល​ជាង​មុន​បន្តិច​ក៏​ដោយ ក៏​ឈើ​ប្រណីត​ដែល​ត្រូវបាន​គេ​កាប់​ដោយ​ខុស​ច្បាប់​នៅ​តែ​ត្រូវ​គេ​ដឹក​ជញ្ជូន​ជា​ហូរហែរ​តាម​គ្រប់​មធ្យោបាយ៖ រថយន្តយោធា រថយន្ត​ដឹក​អ្នក​ជំងឺ រថយន្ត​ដឹក​អ្នកដំណើរ​រហូត​ដល់​រថយន្ត​ទំនើបៗ​សុទ្ធ​តែ​ជា​មធ្យោបាយ​ដឹកជញ្ជូន​ដែល​គេ​ប្រើប្រាស់​ដើម្បី​ដឹក​ឈើ​ប្រណីត​ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច។

ការ​បំបែក​កល​ល្បិច​ឈ្មួញ​ទុច្ចរិត​បាន​ជា​បន្តបន្ទាប់​បង្ហាញ​ឲ្យ​ឃើញ​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​យ៉ាងខ្លាំង​របស់​សមត្ថកិច្ច​ដែល​អនុវត្ត​បទ​បញ្ជា​របស់​នាយករដ្ឋមន្ត្រី។ កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​គួរ​តែ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត។ ប៉ុន្តែ តើ​មាន​បរិមាណ​ឈើ​ប៉ុន្មាន​ទៀត​ដែល​ពួក​ឈ្មួញ​ទទួលជោគជ័យ​ក្នុង​ការ​បន្លំ​ភ្នែក​សមត្ថកិច្ច ហើយ​ដឹក​ទៅ​លក់​ឲ្យ​ប្រទេស​ជិតខាង? ម្យ៉ាងទៀត​ការដេញ​ចាប់​ឈើ​នៅ​តាម​ដង​ផ្លូវ​គឺ​ជា​រឿង​សំខាន់​មួយ​ហើយ ប៉ុន្តែ តើ​ហេតុអ្វី​បានជា​ឈើ​អាច​ចេញ​ពី​ព្រៃ​រួច? នេះ​គឺ​ជា​សំណួរ​សំខាន់​មួយ​ទៀត​ដែល​ត្រូវ​រក​ចម្លើយ។ សំណួរ​នេះ​បាន​បញ្ជាក់​ពី​ភាព​មិន​អាច​គ្រប់គ្រង​ព្រៃឈើ​បាន​ពី​សំណាក់​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់។

ក្រុមអ្នកតាមដាន​បញ្ហា​នេះ​បាន​មើលឃើញ​មូលហេតុ​ច្រើនយ៉ាង​ដែល​នាំ​ឲ្យ​ជំនួញ​ឈើ​ក្លាយជា​បញ្ហា​មិនអាច​គ្រប់គ្រង​បាន។ មូលហេតុ​សំខាន់បំផុត​គឺ​ការឃុបឃិត​គ្នា​ជា​ខ្សែបណ្តាញ​រវាង​ឈ្មួញ​រកស៊ី​ឈើ​និង​សមត្ថកិច្ច​មួយចំនួន​ជាពិសេស​សមត្ថកិច្ច​ដែនដី​តែម្តង។ រឿងនេះ​ពិតជា​មិន​ពិបាក​យល់​ឡើយ។ គ្មាន​ឈ្មួញ​ឈើ​ឯណា​ចេះ​បំបាំងកាយ​ដើម្បី​ចូលទៅ​កាប់​ឈើ​នៅក្នុង​ព្រៃ​នោះឡើយ។ ផ្ទុយទៅវិញ ដើម្បី​កាប់​ឈើ​បាន ពួកគេ​ត្រូវការ​មធ្យោបាយ​សន្ធឹកសន្ធាប់ និង​សកម្មភាព​គគ្រឹកគគ្រេង ដូចជា​រណា​យន្ត និង រថយន្ត​សម្រាប់​ដឹកឈើ​ជាដើម។  សកម្មភាព​ទាំងនេះ​ពិតជា​មិនអាច​ធ្វើ​ដោយស្ងាត់ៗបានឡើយ។

បើ​និយាយ​ថា សមត្ថកិច្ច​មិន​អាច​ចូល​ដល់​ព្រៃ​ជ្រៅ​ដើម្បី​ពិនិត្យ​មើល​ការ​កាប់​ព្រៃឈើ​របស់​ឈ្មួញ​បាន​ទេ​នោះ វា​រឹត​តែ​ជា​រឿង​មិន​អាច​ជឿ​បាន​ទៅ​ទៀត។ មិន​អាច​ជឿ​បាន ដោយ​ហេតុថា ឈ្មួញ​កាប់​ឈើ​អាច​ចូល​ព្រៃ​ជ្រៅ​បាន តែ​បែរ​ជា​សមត្ថកិច្ច​មិន​អាច​ចូល​បាន​ទៅ​វិញ។ តាម​ពិត ការ​កាប់​ឈើ​មិនមែន​ជា​រឿង​ពិបាក​នឹង​ដឹង​នោះ​ឡើយ។ ប្រជាសហគមន៍​ព្រៃឈើ​ក៏​តែង​តែ​បរិហារ​អំពី​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ជា​ញឹកញយ ហើយ​ពួកគេ​តែងតែ​នាំគ្នា​ចូល​ព្រៃ​ដើម្បី​បង្អាក់​សកម្មភាព​នេះ​ទៀត​ផង។ ប៉ុន្តែ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ អាជ្ញាធរ​បែរជា​បដិសេធ និង​ជួន​កាល​បាន​រារាំង​សកម្មភាព​របស់​ប្រជាសហគមន៍​ទៅ​វិញ។ នេះ​ក៏​ជា​ចំណុច​គួរ​ឲ្យ​ពិចារណា​មួយ​ដែរ។

មូលហេតុ​សំខាន់​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ជំនួញ​ឈើ​ឬ​ឈ្មួញ​ធំៗ​ផ្សេង​ទៀត​មិន​អាច​គ្រប់​គ្រង​បាន​គឺ ឈ្មួញ​អ្នក​រកស៊ី​ទាំង​នោះ​ច្រើន​តែ​ជា​អ្នក​មាន​ឥទ្ធិពល​ឬ​មាន​ខ្នង​បង្អែក​រឹងមាំ។ ក្នុង​ករណី​នេះ សមត្ថកិច្ច​ដែនដី​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ធ្វើ​គ​ធ្វើ​ថ្លង់​ឬ​ក៏​ទទួល​យក​ផល​ប្រយោជន៍​នោះ​ឡើយ​ពី​ព្រោះ​តែ​ពួកគេ​ខ្លាច​អំណាច​បារមី​របស់​មន្ត្រី​អ្នកមាន​បុណ្យ​ស័ក្តិធំ​ជាង​ខ្លួន។ នៅ​មាន​ករណី​កាប់​ឈើ​ម្យ៉ាង​ទៀត​ដែល​គេ​មិន​អាច​គ្រប់​គ្រង​បាន​ដែរ​នោះ​គឺ​ការ​កាប់​ឈើ​ដោយ​ស្រប​ច្បាប់​តាម​រយៈ​ដី​សម្បទាន​សេដ្ឋកិច្ច។ មាន​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ច្រើន​ដែល​ឈ្មួញ​បាន​ចំណេញ​យ៉ាង​ច្រើន​ក្រាស់​ក្រែល​ដោយ​គ្រាន់​តែ​កាប់​ឈើ​លក់។ ទាំង​អស់​នេះ​គឺ​ជា​មូលហេតុ​សំខាន់ៗដែល​ធ្វើ​ឲ្យ​ឈ្មួញ​មាន​ឥទ្ធិពល​ជាង​បទ​បញ្ជា​នាយករដ្ឋមន្ត្រី។

សម្រាប់​ក្រុម​អ្នក​តាមដាន និង​វិភាគ​បញ្ហា​សង្គម​កម្ពុជា គេ​មិន​អាច​បណ្តោយ​ឲ្យ​បញ្ហា​នេះ​ស្ថិតក្នុង​ស្ថានភាព​មិន​អាច​គ្រប់គ្រង​បាន​ដូច្នេះ​ទៀត​ទេ។ មិន​បាន​ដោយ​ហេតុ​ថា ទី១ វា​នឹង​ធ្វើ​ឲ្យ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​សាប​រលាប​នៅ​ចំពោះ​មុខ​មហាជន​ទូទៅ។ ទី២ វា​នឹង​បន្ត​ផ្តល់​ផល​អាក្រក់​យ៉ាង​ខ្លាំង​ជា​បន្ត​ទៀត​ដល់​គោល​នយោបាយ​ដឹកនាំ​របស់​រដ្ឋាភិបាល​ពី​ព្រោះ​បញ្ហា​នេះ​នៅ​តែ​ជា​ប្រធាន​បទ​ក្តៅ​មួយ​ដែល​រដ្ឋាភិបាល​រង​ការរិះគន់។ និង​ទី៣ ការ​កាប់​បំផ្លាញ​ព្រៃឈើ​នឹង​បង្កើត​ឲ្យ​មាន​វិបត្តិ​សង្គម​ធំ​ធេង​មួយ​នៅ​ពេល​ខាង​មុខ​ពី​ព្រោះ​តែ​ព្រៃឈើ​ក៏​អស់ រី​ឯ​ប្រជាសហគមន៍​ក៏​គ្មាន​ទី​ពឹង​សម្រាប់​ប្រាស្រ័យ​ផល​ទៀត​ដែរ។

ផល​វិបាក​ទាំង​នេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​គ្រប់គ្រាន់​ដែល​រដ្ឋាភិបាល​ត្រូវ​បន្ថែម​ទម្ងន់​កណ្តាប់​ដៃ​របស់​ខ្លួន​ក្នុង​ការ​កាត់​បន្ថយ​ឥទ្ធិពល​របស់​ឈ្មួញ​មួយ​ចំនួន។ ទន្ទឹម​នឹង​នោះ ការ​ពង្រឹង​សមត្ថកិច្ច​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ឲ្យ​ក្លាយ​ជា​សមត្ថកិច្ច​បម្រើ​រាស្ត្រ​និង​ការពារ​ប្រយោជន៍​សង្គម​ក៏​ជា​កិច្ច​ការ​ដ៏​សំខាន់​មួយ​ទៀត។ ការ​បណ្តែត​បណ្តោយ​បញ្ហា​នេះ​រដ្ឋាភិបាល​នឹង​ទទួល​រង​ថ្ម​បាក់​បន្ថែម​ទៀត​ជា​មិន​ខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ