អានតួអត្ថបទ
កម្ពុជា

លោក សម រង្ស៊ី ប្រកាស​ពី​ការ​រួប​រួម​របស់​គណបក្ស​ជាតិ​និយម​

ក្នុង​​ពិធី​​រម្លឹក​​ខួប​ ១ ឆ្នាំ នៃ​ការបង្កើត​គណ​បក្ស​សង្គ្រោះ​ជាតិ ដែលជា​ការច្របាច់​បញ្ចូល​គ្នា រវាង​គណបក្ស​សម រ​ង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស របស់លោក កឹម សុខា នា​ព្រឹក​ថ្ងៃ​ទី៧​មេសា​នេះ លោក​សម រង្ស៊ី បានប្រកាស​ពី​ការរួបរួម​របស់​គណ​បក្ស​ជាតិនិយម។ គណបក្ស​ជាតិនិយម ដែលជា​អតីត​គណបក្ស នរោត្តម រណឫទ្ធិ បានសម្រេច គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ពោល គឺ​ការបោះឆ្នោត​អសកល ដើម្បី​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី២ នា​ថ្ងៃទី១៨ ឧសភា គឺ​គណបក្ស​ជាតិនិយម ដែលមាន​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ជា​អង្គ​បោះឆ្នោត ចំនួន ៥២ នាក់ ប្រកាស​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​​ជាតិ។

លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកគាំទ្រក្នុងពិធីរម្លឹកខួប ១ ឆ្នាំ នៅថ្ងៃទី ០៧ មេសា ឆ្នាំ ២០១៤
លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកគាំទ្រក្នុងពិធីរម្លឹកខួប ១ ឆ្នាំ នៅថ្ងៃទី ០៧ មេសា ឆ្នាំ ២០១៤ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ជា​ដំណឹង​នៃ​ការរួបរួម​ថ្មី នៅមុន​ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ អាណ​ត្តិ​​ទី២ នា​ថ្ងៃទី១៨ឧសភា​ខាងមុខ។ នោះ​ គឺ​ក្នុង​ខួប​គម្រប់​មួយឆ្នាំ នៃ​ការ​រួមគ្នា បង្កើត​គណ​បក្ស​​សង្គ្រោះ​ជាតិ នា​ថ្ងៃទី៧មេសា លោក​សមរង្ស៊ី បានប្រកាស​នូវ​ជំហរ​របស់​គណបក្ស​ជាតិ​និយម ដែលជា​អតីត​គណបក្ស​នរោត្តម​រណឫទ្ធិ សព្វថ្ងៃ មាន​លោក ផេង ហេង ជា​ប្រធាន និង​​លោក មុត ចន្ថា ជា​អគ្គលេខាធិការ បានសម្រេច ងាក​មក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។

មេដឹកនាំ​គណបក្ស ដែល​អះអាងថា ជា​គណបក្ស​រាជានិយម ក៏បាន​ចូលរួម​ក្នុង​ពិធី​រម្លឹក​ខួប​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ នា​ព្រឹក​ថ្ងៃទី៧មេសា នៅ​ទីស្នាក់ការ ចាក់អង្រែលើ តាមផ្លូវ​ជាតិ​លេខ២ ផងដែរ។

លោក សម រង្ស៊ី បាន​ហៅ​ការគាំទ្រ​របស់​គណបក្ស​ជាតិនិយម ពេលនេះ ថា​នាំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ក្លាយជា​គណបក្ស​រួបរួម​ដ៏​ធំ រវាង​កម្លាំង​ស្នេហា​ជាតិ និង​កម្លាំង​ប្រជាធិបតេយ្យ គ្រប់​និន្នាការ​ទាំងអស់។

ចំណែក​លោក មុត ចន្ថា អគ្គលេខាធិការ​គណបក្ស​ជាតិនិយម បាន​បញ្ជាក់ថា គណបក្ស​ជាតិនិយម បានប្រកាស​រួចហើយ ប្រាប់​ថ្នាក់ដឹកនាំ​ទូទាំងប្រទេស ឲ្យ​បោះឆ្នោត​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ នា​ថ្ងៃទី១៨ឧសភា ដើម្បី​ផ្លាស់ប្តូរ​រដ្ឋបាល​មូលដ្ឋាន។ លោក មុត ចន្ថា បាន​បន្ថែមថា ក្រៅពី​ការគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នាពេលនេះ គឺ​នៅក្នុង​ការបោះឆ្នោត ឃុំ​សង្កាត់​នៅ​ឆ្នាំ២០១៧ និង​ការបោះឆ្នោតជាតិ នៅ​ឆ្នាំ២០១៨ គណបក្ស​ជាតិនិយម នឹង​រួម​ច្របាច់​បញ្ចូល​ជាមួយនឹង​គណបក្ស​សង្គ្រោះ​ជាតិ​តែម្តង។

ចំពោះ​ការរួបរួម​ថ្មី​នេះ គណបក្ស​ជាតិនិយម ដែលមាន​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ជា​អង្គ​បោះឆ្នោត ចំនួន ៥២ នាក់ បានសម្រេច​ថា នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងការ​បោះឆ្នោតក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី២ នា​ថ្ងៃទី១៨ឧសភា​ខាងមុខ។

គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​ការ​រួប​បង្កើត​ដោយ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស មាន​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ដែលជា​អង្គ​បោះឆ្នោត សរុប​ចំនួន ២៩៥៥ នាក់។
ក្នុងករណី​គណបក្ស​ជាតិនិយម សម្រេច​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី២ នា​ថ្ងៃទី១៨ឧសភា ត្រូវបាន​ខុមហ្វ្រែល ប៉ាន់​ស្មានថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួលបាន ៦៩០ អាសនៈ ក្នុងចំណោម​អាសនៈ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សរុប ៣៣២៤ អាសនៈ។

ប៉ុន្តែ​ទោះបីជា​មានការ​រួបរួម​ដូច្នេះ តែបើ​តាម​ខុមហ្វ្រែល គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​មាន​​​សំឡេង​នាំមុខ​ដាច់​ឆ្ងាយ។ នោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ ចំនួន ៨២៩២ នាក់ នឹង​ទទួលបាន ២២០៨ អាសនៈ សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នា​ខែក្រោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ