អានតួអត្ថបទ
កម្ពុជា

គណបក្ស​សង្គ្រោះ​ជាតិ​ប្រារព្ធ​ខួប​១​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស

គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​អប​អរ​សាទរ​ខួប១ឆ្នាំ នៃ​ការបង្កើត​គណបក្ស​នេះ នៅ​ថ្ងៃ​ចន្ទ​ទី៧ មេសា​ ខាងមុខនេះ។ គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​បង្កើត​ឡើង​ដោយ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី និង គណបក្ស​សិទ្ធិ​មនុស្ស តាមរយៈ​អង្គ​សមាជ​មួយ កាលពី​ថ្ងៃទី៧ ខែមេសា​ ឆ្នាំ២០១៣។

លោក សម រង្ស៊ី (ពាក់​វ៉ែនតា) និង​លោក កឹម សុខា (ស្តាំ) ស្ថិត​ក្នុង​ពីធី​បង្សុ​កូល នៅ​ទី​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ កាលពីខែ​មករា។
លោក សម រង្ស៊ី (ពាក់​វ៉ែនតា) និង​លោក កឹម សុខា (ស្តាំ) ស្ថិត​ក្នុង​ពីធី​បង្សុ​កូល នៅ​ទី​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ កាលពីខែ​មករា។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ការ​ប្រារព្ធ​ខួប​អបអរសាទរ​ថ្ងៃកំណើត១ឆ្នាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ នឹងធ្វើ​ឡើង​នៅ​ទីស្នាក់ការ​គណបក្ស​ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយមាន​អ្នកចូលរួម​ប្រមាណ​ជា២០០០នាក់ ដែល​ភាគច្រើន​ គឺជា​តំណាង​សកម្មជន​របស់​គណបក្ស​មកពី​តាម​បណ្តា​ខេត្ត​នានា​ នៅ​ទូទាំងប្រទេស។

តាម​កម្មវិធី សកម្មជន​ទាំងអស់​នឹង​ជួបជុំគ្នា​ប្រមាណ​ជា​ម៉ោង៧ព្រឹក ដោយ​មានការ​ថ្លែង​ពី​ប្រវត្តិ​​​នៃ​ការឈាន​ទៅដល់​ការបង្កើត​គណបក្ស​សង្គ្រោះ​ជាតិ និង​របាយការណ៍​ស្តីពី​សមិទ្ធផល​រយៈពេល១ឆ្នាំ​នៃ​វត្តមាន​របស់​គណបក្ស​នៅក្នុង​ឆាកនយោបាយ​កម្ពុជា បន្ទាប់មក ក៏​មានការ​ថ្លែង​សុន្ទរកថា​របស់លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្ក្រោះ​ជាតិ​ តាមរយៈ​វីដេអូ​ខន​ហ្វើ​រ៉េ​ន​ ពី​សហរដ្ឋអាមេរិក និង​ចុងក្រោយ​គឺជា​សារ​នយោបាយ​របស់លោក សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ហូរ វ៉ាន់ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ហូ​រ វ៉ាន់ បាន​បន្ថែមថា ការ​ប្រារព្ធ​ខួប១ឆ្នាំ​នៃ​កំណើត​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​នេះ នឹង​ផ្តល់​សារៈសំខាន់​មួយទៀត ​សំរាប់​គណបក្ស​ក្នុង​ការបន្ត​ប្រឡូក​ក្នុង​ឆាកនយោបាយ​នៅ​កម្ពុជា។

គួរ​រម្លឹក​ឡើងវិញ​ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​បង្កើតឡើង​ដោយ​ការច្របាច់បញ្ចូលគ្នា​រវាង​គណបក្ស សម រង្ស៊ី និង គណបក្ស​សិទ្ធិមនុស្ស តាមរយៈ​អង្គសមាជ​មួយ​កាលពី​ថ្ងៃ​ទី៧​មេសា​ឆ្នាំ២០១៣។ គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​កើតឡើង​ចេញពី​ចលនា​សង្គ្រោះ​ជាតិ តាម​រយៈ​កិច្ចព្រមព្រៀង​មួយ ដោយមាន​លោក សម រង្ស៊ី ជា​ប្រធាន និង​លោក កឹម សុខា ជា​អនុ​ប្រធាន នៅឯ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​ កាលពី​ថ្ងៃទី៧ខែកក្កដា​ ឆ្នាំ២០១៣ដែរ។ មកទល់នឹង​ថ្ងៃ​ចន្ទ​ទី៧មេសា​ខាងមុខ គណបក្ស​សង្គ្រោះ​ជាតិ មាន​អាយុ​ត្រឹម១ឆ្នាំ​គត់៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ