អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

«​ពី​ផ្គាប់​ចិត្ត​ថ្នាក់​លើ​ទៅ​ផ្គាប់​ចិត្ត​ថ្នាក់​ក្រោម​»​ជា​វិញ្ញា​សា​ថ្មី​សម្រាប់​មន្ត្រី​ខ្មែរ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឥរិយាបថ​របស់​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ដែល​ចូលចិត្ត​យកចិត្ត​ថ្នាក់លើ​ជាង​យកចិត្ត​ប្រជាពលរដ្ឋ​ គឺជា​ចំណុច​សំខាន់បំផុត​មួយ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​បាត់បង់​ការ​គាំ​ទ្រ​​ពី​ប្រជាជន​កាន់តែខ្លាំង។ ក្នុងការ​ដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ​ដែល​ប្រជាពលរដ្ឋ​ប្រើ​ប្រា ស់​​សន្លឹកឆ្នោត​ដើម្បី​ជ្រើសរើស​មេដឹកនាំ អ្នកដឹកនាំ​គ្មាន​ជម្រើស​ណា​ផ្សេង​ក្រៅពី​ការ​បំ​ពេ​ញ​​​ចិត្ត​ម្ចាស់ឆ្នោត​របស់ខ្លួន​នោះទេ។ ដូច្នេះ អំណឹះតទៅ មន្ត្រី​ខ្មែរ​ទោះជា​មកពី​គណបក្ស​ណា​ក៏​ដោ​យ ត្រូវតែ​ផ្លាស់ប្តូរ​ឥរិយាបថ​របស់ខ្លួន​ដោយ​ត្រូវ​បម្រើ​ថ្នាក់ក្រោម​ច្រើនជាង​ថ្នាក់លើ។ នេះ​ជា​​របត់​នយោបាយ​ស្លាប់​រស់​ដែល​មន្ត្រី​ខ្លះ​ទំនងជា​បត់​មិនទាន់។  

ប្រជាពលរដ្ឋម្ចាស់ឆ្នោតដែលមន្រ្តីខ្មែរត្រូវបម្រើឲ្យបានល្អ
ប្រជាពលរដ្ឋម្ចាស់ឆ្នោតដែលមន្រ្តីខ្មែរត្រូវបម្រើឲ្យបានល្អ RFI
ផ្សាយពាណិជ្ជកម្ម

កម្ពុជា​ប្រហែលជា​ត្រូវការ​ពេលវេលា​ច្រើន​ទៀត​ ដើម្បី​កែប្រែ​ឥរិយាបថ​របស់​មនុស្ស​ជា​ពិ​សេស​​ឥរិយាបថ​របស់​មន្ត្រី​ដែលមាន​តួនាទី​ដឹកនាំ​គេ។ អាកប្បកិរិយា​ឆ្មើងឆ្មៃ ក្រអឺតក្រទម តាម​បែប​អ្នកធំ​ដែល​ត្រូវ​ធ្វើខ្លួន​ឲ្យ​ខុសពី​អ្នកតូចតាច​ហាក់​បាន​ក្លាយជា​អត្តចរិត​របស់​ខ្មែរ​ទៅ​ហើយ។ ជាទូទៅ មិនថាតែ​អ្នកនោះ​ចេញ​មកពី​មជ្ឈដ្ឋាន​ណា​ទេ​ឲ្យ​តែមាន​អំណាច ពួកគេ​ក៏​ផ្តើម​ធ្វើ​ឫក​ឲ្យ​ខុសពី​មនុស្ស​សាមញ្ញ​ភ្លាម។

 ការរៀប​ឫកពា​ដើម្បី​ធ្វើខ្លួន​ឲ្យ​សម​នឹង​មុខតំណែង​ប្រហែលជា​មិនមែនជា​អ្វីដែល​គួរ​ឲ្យ​ស្តី​បន្ទោស​​ទេ ពី​ព្រោះ​វា​ជា​រឿង​ធម្មតា​ដែល​មនុស្ស​ត្រូវ​រៀនសូត្រ​អំពី​របៀបរបប​ដើម្បី​សម្រប​ខ្លួន​ឲ្យ​ចូល​ចុះ​ក្នុងសង្គម។ ប៉ុន្តែ ការ​សម្ញែង​អំណាច​ឲ្យ​គេ​កោតខ្លាច​ គឺជា​រឿង​ហួស​សម័យ​សម្រាប់​មន្ត្រី​ក្នុង​សតវត្សរ៍​ថ្មី​នេះ​ដែល​អំណាច​បានមកពី​សន្លឹក​ឆ្នោត។ តាមពិតទៅ ដូនតា​ខ្មែរ​បាន​មើល​​​ឃើញ​បញ្ហា​នេះ​តាំងពី​យូរលង់​ណាស់​មកហើយ។ អ៊ីចឹង​ហើយ​បាន​ជាមាន​សុភាសិត​បុ​រាណ​​ពោលថា«ងើយ​ស្កក ឱនដាក់គ្រាប់»។ សុភាសិត​នេះ​មានន័យ​ចង់​ទូន្មាន​កូនចៅ​ជំនាន់​ក្រោយ​ឲ្យ​វៀរចាក​ភាព​ឆ្លើង​ឆ្មៃ​ហើយ​ចេះ​ឱនលំទោន​ចំពោះ​មនុស្ស​នៅ​ជុំវិញខ្លួន។

ប៉ុន្តែ ទោះជា​យ៉ាងនេះ​ក្តី ក៏​មនុស្ស​ខ្មែរ​ជាច្រើន​នៅតែ​មិនបាន​យក​ទស្សនវិជ្ជា​ដ៏​មានតម្លៃ​នេះ​មក​​​អនុវត្ត​ឡើយ។ ជាក់ស្តែង អាកប្ប​ក​រិ​យារ​បស់​មន្ត្រី​អាជ្ញាធរ​ និង​អ្នកមានអំណាច​ភាគច្រើន​ច្រើនតែ​ងើយ​មើល​លើ​ច្រើនជាង​សម្លឹង​ចុះក្រោម។ ក្រៅពី​អត្តចរិត​ពី​ធម្មជាតិ ក៏មាន​មូលហេតុ​ផ្សេង​មួយចំនួនទៀត​ដែរ៖

មូលហេតុ​ទី១៖ គឺ​ទម្លាប់​នៃ​ការដឹកនាំ​តាមបែប​ការចាត់​តាំងរបស់​ថ្នាក់លើ។ ទម្លាប់​ដែល​អ្នក​ដឹក​នាំ​ថ្នាក់លើ​អាច​សម្រេច​អ្វី​ក៏បាន​តាមចិត្ត​បានធ្វើ​ឲ្យ​មន្ត្រី​គិតពី​ការយកចិត្ត​មេ​កើយ​របស់​ខ្លួន​តៗ​គ្នា​ដោយ​មិនសូវ​គិតគូរ​ដល់​ប្រជាពលរដ្ឋ​ឡើយ​ពីព្រោះ​ពួកគេ​ត្រូវ​ផ្គាប់ចិត្ត​ថ្នាក់លើ​ទើប​អាច​រក្សា​អំណាច​បាន។

មូលហេតុ​ទី២៖ គឺ​មកពី​ផ្នត់គំនិត​មនុស្ស​ខ្មែរ​ជាទូទៅ​ដែល​ច្រើនតែ​យល់ថា​អំណាច​គឺ​មិនមែន​ដើម្បី​បម្រើប្រជាជន​ទេ តែ​ជា​អ្វីដែល​ត្រូវ​ប្រើ​ដើម្បី​ឲ្យ​គេ​កោតខ្លាច។ អ៊ីចឹង​ហើយ​បានជា​មន្ត្រី​ខ្មែរ​ភាគច្រើន​តែង​បោះបង់ចោល​អស់​នូវ​ភាពសាមញ្ញ​ហើយ​បែរមក​សម្ញែង​អំណាច​ដើម្បី​ឲ្យ​អ្នកផង​ទាំងពួង​កោតខ្លាច​អំណាច​របស់ខ្លួន។

មូលហេតុ​ទី៣៖ គឺ​ទម្លាប់​នៃ​ការប្រើ​អំណាច​ដើម្បី​ស្វែងរក​លាភសក្ការៈ​ផ្ទាល់ខ្លួន។ ជាទូទៅ​មនុស្ស​ច្រើន​យល់ថា មានអំណាច​គឺ​ត្រូវមាន​លុយ​បើទោះជា​លុយ​នោះបាន​មកពី​ប្រភព​ណា​ក៏ដោយ។ ដើម្បី​បាន​លុយ អ្នកមានអំណាច​តែង​ប្រើប្រាស់​តួនាទី​របស់ខ្លួន​គាបសង្កត់​អ្នក​នៅ ក្រោម​ដើម្បី​ទាញយក​ប្រយោជន៍​តាម​គ្រប់​រូបភាព​ដែល​អាច​ធ្វើបាន។ ហេតុដូច្នេះ​ហើយ​បាន​ជា​នៅ​ស្រុក​ខ្មែរ​ឲ្យ​តែ​ឡើង​ធំ​គឺមាន​លុយ​ទោះជា​ប្រាក់ខែ​មិន​ច្រើន​ក៏ដោយ។

មូលហេតុ​ដូច​បានលើកឡើង​ខាងដើម​ប្រមូល​ផ្តុំគ្នា​ចាក់ឫស​យ៉ាងជ្រៅ​ទៅក្នុង​ផ្នត់គំនិត​ខ្មែរ​ស្ទើរ​គ្រប់គ្នា។ ឥរិយាបថ​របស់​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ដែល​ច្រើនតែ​ស្វែងរក​ប្រយោជន៍​ផ្ទាល់ខ្លួន និង​ចូលចិត្ត​ផ្គាប់​ថ្នាក់លើ​ហើយ​មិនសូវ​អើពើ​នឹង​បញ្ហា​របស់​ប្រជាពលរដ្ឋ​គឺជា​ឧទាហរណ៍​ជាក់ស្តែង។ ជាទូទៅ មន្ត្រី​ច្រើន​ធ្វើ​សកម្មភាព​ដើម្បី​យកគុណ​សម្បត្តិ​ពី​ថ្នាក់លើ​ជាង​យកគុណ​សម្បត្តិ​ពី​ប្រជាពលរដ្ឋ។

ជា​ផលវិបាក ប្រជាពលរដ្ឋ​ទទួលរង​គ្រោះ​ព្រោះ​ទម្លាប់​ផ្គាប់​ថ្នាក់លើ​របស់​មន្ត្រី។ ជាក់ស្តែង ទំ​នាស់​ដីធ្លី អំពើពុករលួយ​នៅ​ថ្នាក់មូលដ្ឋាន ការរំលោភបំពាន​ទៅលើ​ប្រជាពលរដ្ឋ រួមទាំង​បញ្ហា​រាប់រយ​ជំពូក​ផ្សេងទៀត​ដែល​មិនអាច​ដោះស្រាយបាន​កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​អស់ជំនឿ​កាន់តែ​ខ្លាំង​​ទៅលើ​មន្ត្រី​អាជ្ញាធរ។ ការស្រុតចុះ​ប្រជាប្រិយភាព​របស់​បក្ស​កាន់អំណាច​ក្នុងការ​បោះ​ឆ្នោត​​លើកចុងក្រោយ​ដែល​ប្រៀបបាន​នឹង​រលក​យក្ស​ស៊ូណាមិ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​​គឺជា​ផលវិបាក​ជាក់ស្តែង​បំផុត​ដែល​កើតចេញពី​ទម្លាប់​យកចិត្ត​ថ្នាក់លើ​របស់​មន្ត្រី​អា​ជ្ញាធរ។

ដូច្នេះ អំណឹះតទៅ គណបក្សនយោបាយ​ដែល​កំពុង​ដឹកនាំ​ប្រទេស​ដ៏​ដូចជា​គណបក្ស​ដែល​សង្ឃឹមថានឹង​អាច​ឡើង​ដឹកនាំ​ប្រទេស​នៅ​ថ្ងៃ​អនាគត ពិតជា​មិនអាច​មើលរំលង​ការកែប្រែ​ឥរិ​យាបថ​មន្ត្រី​របស់ខ្លួន​បានឡើយ​ពោលគឺ​ពួកគេ​ត្រូវ​ប្តូរ​ទម្លាប់​ពី​ធ្វើ​ការបម្រើ​ថ្នាក់លើ​ទៅ​បម្រើ​ថ្នាក់ក្រោម​វិញ។ វា​ជាការ​លំបាក ប៉ុន្តែ នេះ​គឺជា​លក្ខខណ្ឌ​ចាំបាច់​ដើម្បី​ក្លាយជា​គណបក្ស​ដឹក​នាំ​​ប្រទេស​នៅក្នុង​យុគសម័យ​ប្រជាធិបតេយ្យ​ដែល​ហាក់​កំពុង​លូតលាស់​ខ្លាំង​ក្នុងចំណោម​ពលរដ្ឋ​ថ្នាក់ក្រោម​ជាង​ក្នុងចំណោម​មន្ត្រី​ថ្នាក់លើ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ