អានតួអត្ថបទ
កម្ពុជា

កម្ពុជា​បញ្ជូន​អដ្ឋិធាតុ​ទាហាន​អាមេរិក​ ៣​ នាក់​ទៀត​ត្រឡប់​ទៅ​ប្រទេស​វិញ​

អដ្ឋិធាតុ​ទាហាន​អាមេរិក​ចំនួន ៣ នាក់​ទៀត​ដែល​បាន​ស្លាប់​ក្នុងប្រទេស​កម្ពុជា​កាលពី​សម័យ​សង្គ្រាម​ត្រូវបាន​រកឃើញ​និង​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វិញ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី២មេសា​នេះ។ ពិធី​បញ្ជូន​អដ្ឋិធាតុ​ទាំងនោះ​ត្រូវបាន​រៀបចំ​ធ្វើឡើង​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ដោយ​មាន​វត្តមាន​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​និង​តំណាង​រដ្ឋាភិបាល​​ភ្នំពេញ​ចូលរួម។ មាន​ទាហាន​អាមេរិក ៩០ នាក់​ដែល​បាន​បាត់​ខ្លួន​នៅ​កម្ពុជា​ក្នុងអំឡុង​នៃ​សង្គ្រាម​វៀតណាម។  

អដ្ឋិធាតុទាហានអាមេរិកបញ្ជូនទៅស្រុកកំណើតវិញ
អដ្ឋិធាតុទាហានអាមេរិកបញ្ជូនទៅស្រុកកំណើតវិញ
ផ្សាយពាណិជ្ជកម្ម

បំណែក​ឆ្អឹង​របស់​ទាហាន​អាមេរិក​ទាំង ៣ នាក់​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ខេត្តកំពង់ចាម។ បន្ទាប់ពី​បានធ្វើ​កោសល្យ​ពិច័យ​ពី​សំណាក់​អ្នកជំនាញ​និង​បានកំណត់​អត្តសញ្ញាណ​រួចមក អដ្ឋិ​ធាតុ​ទាំងនោះ​ត្រូវ​បានផ្តល់​កិត្តិយស​ដោយ​លោក William E. Todd ឯកអគ្គរដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា និង​លោក សៀង ឡាប្រេស អនុប្រធាន​ទី១នៃ​គណៈកម្មាធិការ​កម្ពុ​ជាទ​ទួល​បន្ទុក​ឈ្លើយសឹក​និង​យុទ្ធជន​បាត់​ខ្លួន​ក្នុង​សង្គ្រាម។ ពិធី​ជូន​ដំណើរ​អដ្ឋិធាតុ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី២មេសា​នេះ​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ។

 
ថ្លែង​ក្នុង​ពិធី​ជូន​ដំណើរ​អដ្ឋិធាតុ​ទាំងនោះ លោក William E. Todd ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​សម្តែង​ការគោរព​យ៉ាង​ជ្រាលជ្រៅ​ដល់​ទា​ហាម​អាមេរិក​ទាំងអស់​ដែល​បាន​ស្លាប់​ឬ​ត្រូវបាន​ចាប់ខ្លួន​ជា​ឆ្លើយសឹក។ លោក​អះអាងថា សហរដ្ឋអាមេរិក​នឹង​បន្ត​រុករក​ពួកគេ​ឲ្យ​ទាល់​តែ​​ឃើញ​ទាំងអស់។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក មាន​ទាហាន​អាមេរិក​ចំនួន៩០នាក់​ដែល​បាន​បាត់​ខ្លួន​នៅ​កម្ពុជា​ក្នុង​អំ​ឡង​ពេល​នៃ​សង្គ្រាម​វៀតណាម។ រហូតមកដល់​ពេលនេះ បំណែក​ឆ្អឹង​នៃ​ទាហាន​ចំនួន ៣៧នាក់​ត្រូវបាន​រកឃើញ​និង​កំណត់​អត្តសញ្ញាណ​រួចហើយ។ ចំណែក​ទាហាន​អាមេរិក​ចំនួន ៥៣ នាក់​ផ្សេងទៀត​នៅ​បាត់​ខ្លួន​និង​រក​មិនទាន់​ឃើញ​នៅ​ឡើយ​។ បេសកកម្ម​ស្វែងរក​អដ្ឋិធាតុ​កងទ័ព​អាមេរិក​បាត់​ខ្លួន​នៅ​កម្ពុជា​បាន​បើក​ធ្វើជា​បន្ត​បន្ទាប់​​នៅតាម​បណ្តា​ខេត្ត​ដែល​គេ​សង្ស័យថា​អាចមាន​ទាហាន​អាមេរិក​ស្លាប់​នៅ​ទីនោះ។

សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ ១៩៩២ មកម្ល៉េះ​ដែល​សហរដ្ឋអាមេរិក​បាន​ស្នើសុំ​កិច្ចសហ​ប្រតិ​ប​ត្តិការ​ពី​កម្ពុជា​ក្នុងការ​រុករក​អដ្ឋិធាតុ​ទាហាន​របស់ខ្លួន​ដែល​បាន​បាត់​ខ្លួន​នៅ​កម្ពុជា។ សំណើ​នេះ​​បានទទួល​ការស្វាគមន៍ ហើយ​ចាប់តាំងពី​ពេល​នោះមក​ការរុករក​ទាហាន​អាមេរិក​ក៏បាន​ធ្វើឡើង​នៅក្នុង​ទឹកដី​កម្ពុជា និង​បាន​រកឃើញ​អដ្ឋិធាតុ​ជា​បន្តបន្ទាប់៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ