កម្ពុជា និងវៀតណាមកំពុងពិភាក្សាគ្នារឿងបោះពុម្ពផែនទីព្រំដែនដីគោកថ្មី

គណៈកម្មការព្រំដែនចម្រុះកម្ពុជា និងវៀតណាមកំពុងជួបពិភាក្សាគ្នាដើម្បីពិនិត្យមើលសំណុំឯកសាររបស់ ក្រុមហ៊ុនបរទេសចំនួន៥ដែលបានចូលរួមដេញថ្លៃទទួលបោះពុម្ពផែនទី ដីគោកថ្មីរវាងប្រទេសទាំងពីរ។ កិច្ចពិភាក្សាបានចាប់ផ្តើម តាំងពីថ្ងៃពុធម្សិលមិញ នៅទីក្រុងភ្នំពេញ។ លទ្ធផលជាផ្លូវការត្រូវគេគ្រោងនឹងប្រកាសឲ្យដឹង នៅពេលឆាប់ៗនេះ បន្ទាប់ពីកិច្ចពិភាក្សានេះបានបិទបញ្ចប់។ ក្រុមហ៊ុនមួយក្នុងចំណោម៥ នឹងត្រូវគេជ្រើសរើសឲ្យបោះពុម្ពផែនទីព្រំដែនដីគោកថ្មីរវាងកម្ពុជា និងវៀតណាមតាមខ្នាត១លើ២៥ ០០០។
នេះជាថ្ងៃទី២ហើយដែលគណៈកម្មការចម្រុះទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា និងវៀតណាម បានជួបពិភាក្សាគ្នាដើម្បីសម្រេចជ្រើសរើសក្រុមហ៊ុនបោះពុម្ពផែនទីដីគោកថ្មី រវាងប្រទេសទាំងពីរ។ កិច្ចប្រជុំដែលបានចាប់ផ្តើម តាំងពីថ្ងៃទី១៥ធ្នូម្សិលមិញ នៅទីក្រុងភ្នំពេញកំពុងបន្តពិនិត្យមើលលក្ខណៈសម្បត្តិរបស់ក្រុមហ៊ុនដែលនឹងត្រូវជ្រើសរើស។
កាលពីថ្ងៃទី១ធ្នូមានក្រុមហ៊ុនបរទេស ចំនួន៥បានចូលរួមដេញថ្លៃ ដើម្បីទទួលបោះពុម្ពផែនទីថ្មីនេះ ទៅតាមការអំពាវនាវរបស់គណៈកម្មការព្រំដែននៃប្រទេសកម្ពុជា និងវៀតណាម។ ពិធីដេញថ្លៃត្រូវបានធ្វើឡើង នៅឯទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងភ្នំពេញ។ ក្រុមហ៊ុនទាំង៥នោះមានមកពីប្រទេសបារាំង ន័រវេស ជប៉ុន ហ្វាំងឡង់ និងកូរ៉េ។
លោកវ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនរបស់រដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា លក្ខខណ្ឌនៃការជ្រើសរើសត្រូវផ្តោតទៅលើក្រុមហ៊ុនណាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់គណៈកម្មការព្រំដែនប្រទេសទាំងពីរ និងជាក្រុមហ៊ុនដែលបានដាក់តម្លៃទាបជាងគេផង។ ចំណាយសម្រាប់ការបោះពុម្ពផែនទីថ្មីនេះត្រូវបានរដ្ឋាភិបាលកម្ពុជានិងវៀតណាមព្រមព្រៀងគ្នាចេញពាក់កណ្តាលម្នាក់។
បើយោងតាមលោក វ៉ា គឹមហុង ផែនទីថ្មីនេះនឹងបោះដោយប្រើខ្នាត១លើ ២៥ ០០០ ដោយមានកំណត់ទីតាំងព្រំដែនច្បាស់លាស់បំផុត។ កិច្ចប្រជុំពិភាក្សាអំពីការជ្រើសរើសក្រុមហ៊ុនបរទេសឲ្យបោះពុម្ពផែនទីដីគោកថ្មីនេះ ត្រូវគេគ្រោងនឹងបន្ត រហូតដល់ថ្ងៃសុក្រចុងសប្តាហ៍នេះ។
ប្រទេសកម្ពុជា និងវៀតណាមគ្រោងនឹងបញ្ចប់ការងារបោះបង្គោលព្រំដែន នៅឆ្នាំ២០១២ ខាងមុខ។ បច្ចុប្បន្ននេះ ប្រទេសទាំងពីរបោះបង្គោលបានចំនួនជាង ២០០ បង្គោលហើយក្នុងចំណោម ៣៧៥ បង្គោលដែលត្រូវបោះលើបន្ទាត់ព្រំដែនរួមគ្នាប្រវែង ១ ២៧០ គីឡូម៉ែត្រ។
ការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាមកំពុងប្រព្រឹត្តទៅដោយស្ងាត់ស្ងៀម សម្រាប់រដ្ឋាភិបាលទាំងពីរ ប៉ុន្តែ ការងារនេះស្ថិតក្នុងក្រសែភ្នែកមន្ទិលសង្ស័យរបស់គណបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួន។
តំណាងរាស្ត្រគណបក្សសម រង្ស៊ី ទើបតែបានចុះទៅពិនិត្យបង្គោលព្រំដែន ក្នុងស្រុកមេមត់ខេត្តកំពង់ចាម កាលពីថ្ងៃអង្គារដោយបានចោទប្រកាន់ពីការបាត់បង់ទឹកដីខ្មែរជាច្រើន។ ប៉ុន្តែ រដ្ឋាភិបាលបានបដិសេធ ហើយកំពុងដំណើរការបោះពុម្ពផែនទីព្រំដែនដីគោកថ្មីជាមួយនឹងវៀតណាម៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati














អត្ថាធិប្បាយ (2)
ខ្មែរជិតអស់ទឹកដី
អ្នកខ្លះពោលថា អ្នកដឹកនាំខ្មែរល្ងង់ ជាការពិតណាស់ដែលរដ្ឋាភិបាលរបស់លោកហ៊ុនសែន
ល្ងង់លើសគេទាំងអស់ ជិតយល់ព្រមប្រគល់ទឹកដីរបស់ខ្លួនឱ្យទៅចៅហ្វាយយួន នេះចំជា
មហាល្ងង់មែន !!!!
Why only khmer farmers
Why only khmer farmers complaint about losing their land? why not the vietnamese side? 80% is negative for cambodia
ប្រតិកម្មជុំវិញអត្ថបទនេះ