អានតួអត្ថបទ
កម្ពុជា

កម្ពុជា​រៀបចំ​ឯកសារ​រារាំង​គម្រោង​សាងសង់​អង្គរវត្ត​នៅ​ឥណ្ឌា

ទីបំផុត​កម្ពុជា​កម្ពុជា​នឹង​មិន​នៅ​ស្ងៀម ចំពោះ​គម្រោង​សាងសង់​អង្គរវត្ត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នោះ​ទេ។ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក​ចម ប្រសិទ្ធ​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រសួង​ពាណិជ្ជកម្ម​របស់​លោក​គឺ​ជា​អ្នក​រៀបចំ​ឯកសារ​ដើម្បី​ទប់ស្កាត់​គម្រោង​ដ៏​គួរ​អោយ​ភ្ញាក់​ផ្អើល​នេះ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​របស់​ឥណ្ឌា​ដែល​កំពុង​ចាប់​ផ្តើម​សាងសង់​អង្គរវត្ត​អោយ​ធំ​ជាង​ប្រាសាទ​អង្គរវត្ត​ដើម​របស់​កម្ពុជា​ទៅ​ទៀត។

កម្ពុជា​រៀបចំ​ឯកសារ​រារាំង​គម្រោង​សាងសង់​អង្គរវត្ត​នៅ​ឥណ្ឌា
កម្ពុជា​រៀបចំ​ឯកសារ​រារាំង​គម្រោង​សាងសង់​អង្គរវត្ត​នៅ​ឥណ្ឌា © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក​ចម ប្រសិទ្ធ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​ទី​១៩​មីនា​នេះ​ថា ក្រសួង​ពាណិជ្ជកម្ម​របស់​លោក​កំពុង​រៀបចំ​ឯកសារ​ដើម្បី​ទប់ស្កាត់​គម្រោង​សាងសង់​អង្គរវត្ត​ដ៏​ធំ​មួយ​នៅ​ប្រទេស​ឥណ្ឌា។ The Mahavir Mandir Trust គឺ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នៅ​ឥណ្ឌា​ដែល​បាន​ប្រកាស​សាងសង់​អង្គរវត្ត​ចម្លង​ពី​ប្រាសាទ​អង្គរវត្ត​ចំណាស់​១០០០ឆ្នាំ​របស់​កម្ពុជា។ អង្គការ​នេះ​គ្រោង​ប្រើ​រយៈពេល​១០​ឆ្នាំ និង​ទឹកប្រាក់​២០​លាន​ដុល្លារ​ដើម្បី​សាងសង់​ប្រាសាទ​ហិណ្ឌូ​មួយ​នេះ​អោយ​ធំ​ជាង​គេ​ក្នុង​ពិភពលោក។

ក្នុង​ពេល​កន្លង​មក មិន​មាន​ប្រតិកម្ម​ផ្លូវការ​ណា​មួយ​ពី​រដ្ឋាភិបាល​កម្ពុជា​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ​មន្ត្រី​រដ្ឋាភិបាល​បាន​បញ្ចេញ​គំនិត​ផ្ទាល់​ខ្លួន​ដែល​បង្ហាញ​ពី​ការ​យល់​ឃើញ​ខុសគ្នា​ចំពោះ​គម្រោង​សាងសង់​អង្គរវត្ត​នេះ។ នៅ​ពេល​រដ្ឋមន្ត្រី​មួយ​ចំនួន​ថ្លែង​ថា ការ​សាងសង់​អង្គរវត្ត​ចម្លង​នេះ​នឹង​ធ្វើ​អោយ​អង្គរវត្តពិតប្រាកដ​កាន់​តែ​មាន​តម្លៃ​នោះ រដ្ឋមន្ត្រី​ផ្សេង​ទៀត​បាន​បញ្ចេញ​ទស្សនៈ​​ប្រឆាំង​ដាច់​អហង្ការ។ មតិ​ប្រឆាំង​គម្រោង​សាងសង់​អង្គរវត្ត​ទំនង​អាច​ក្លាយ​ជា​ប្រតិកម្ម​​ផ្លូវការ​របស់​កម្ពុជា​ហើយ​នេះ​បើ​គេ​ស្តាប់​លឺ​ប្រសាសន៍​របស់​លោក​ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម។

ថ្លែង​ប្រាប់​អ្នកកាសែត​នៅ​ក្រោយ​ជំនួប​ជាមួយ​ប្រតិភូ​អាមេរិក​នៅ​ថ្ងៃ​នេះ លោក​ចម ប្រសិទ្ធ​ បាន​ថ្លែង​ចាត់ទុក​គម្រោង​សាងសង់​អង្គរវត្ត​គឺ​ជា​ការ​ចម្លង​កម្មសិទ្ធិ​បញ្ញា​នៃ​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា។ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​បន្ត​ថា បើ​ទោះ​ជា​ប្រាសាទ​អង្គរវត្ត​មាន​រចនាបទ​ហិណ្ឌូ​ដែល​មាន​កំណើត​នៅ​ឥណ្ឌា​មែន ប៉ុន្តែ​ថា រចនាបទ​ហិណ្ឌូ​នៅ​លើ​ប្រាសាទ​អង្គរវត្ត​នេះ​ជា​រចនាបទ​ដែល​កម្ពុជា​បាន​ច្នៃ​ក្លាយ​ជា​របស់​ខ្លួន​តាំង​ពី​១០០០​ឆ្នាំ​មុន។ ទោះ​យ៉ាងណា​ក៏​ដោយ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ក្រសួង​របស់​លោក​នឹង​ធ្វើ​ការងារ​ប្រតិកម្ម​នេះ​ដោយ​ប្រយ័ត្ន​ប្រយែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ