អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ពលរដ្ឋ​ខ្មែរ​សុខចិត្ត​ចំណាយ​ថវិកា​ច្រើន​ជាង​ចំណូល​ប្រចាំថ្ងៃ​ពេល​រដូវ​ភ្ជុំបិណ្ឌ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ទៅ​ធ្វើ​បុណ្យ​ដាក់​បិណ្ឌ​របស់​ប្រជា​ពលរដ្ឋ​​ខ្មែរ​មាន​ភាព​ចាំ​បាច់​ណាស់។​សម្រាប់​គ្រួសារ​ក្រីក្រ​ និង​មធ្យម​ សុខ​ចិត្ត​បោះ​បង់​ចោល​ប្រាក់​ចំណូល​ប្រចាំថ្ងៃ ​ឲ្យ​តែ​បាន​បំពេញ​កាតព្វកិច្ច​ជា​ពុទ្ធសាសនិក​ និង​បាន​បង្ហាញ​ការ​ដឹង​គុណ​ដល់​មាតា ​បិតា​ និង​ បុព្វការី​ជន​ដែល​បាន​ធ្វើ​មរណកាល​ទៅ​កាន់​លោក​ខាង​មុខ។​ សម្រាប់​ការ​ចំណាយ​នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជា​ទូទៅ​ពលរដ្ឋ​ខ្មែរ​ហាក់​ដូចជា​មិន​បាន​គិត​ច្រើន​ទេ​ដើម្បី​ព្រលឹង​អ្នក​ស្លាប់​ បើ​ទោះ​ណា​ជា​ពេល​ខ្លះ​ពួកគេ​ជួយ​ខ្លួន​ឯង​មិន​បាន​ផង​ ខណៈ​ដែល​ពួក​គេ​នៅ​មាន​ជីវិត​រស់​នៅ ​នៅ​ឡើយ។

សកម្មភាពរាប់បាតរបស់ពុទ្ធសាសនិក នៅរដូវភ្ជុំបិណ្ឌ។
សកម្មភាពរាប់បាតរបស់ពុទ្ធសាសនិក នៅរដូវភ្ជុំបិណ្ឌ។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​ដល់​រដូវ​ភ្ជុំ​បិណ្ឌ​ម្តង​ៗ​ ប្រជាជន​ខ្មែរ​តែង​តែ​សស្រាក់​សស្រាំ​នាំ​គ្នា​ទៅ​កាន់​វត្ត​អារ៉ាម។ចាប់​ពី​បិណ្ឌ​១​រហូត​ដល់​ថ្ងៃ​ឆ្លង​បុណ្យ​រយៈ​ពេល​១៥​ថ្ងៃ ​គ្មាន​នរណា​ម្នាក់​ខកខាន​នោះ​ទេ​ចំពោះ​ពលរដ្ឋ​ខ្មែរ​ អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា។

ការ​ដែល​ពួក​គេ​ចេញ​ទៅ​ដាក់​បិណ្ឌ​នៅ​ឯវត្ត​ម្តង​ៗ ​ឬ​ចំ​ថ្ងៃ​វេន​ សម​ដូច​ចម្រៀង​ប្រជាប្រិយ​ភ្ជុំបិណ្ឌ​ ដែល​ថា​បិណ្ឌ​មួយ​វត្ត​មុនី​ បិណ្ឌ​ពីរ​វត្ត​ថ្មី​ ឯ​បិណ្ឌ​ទី​បី ទី​បួន​ រហូត​ដល់​ច្រើន​ជាង​នេះ​មាន​វត្ត​ជា​បន្តបន្ទាប់​រហូត​ដល់​ថ្ងៃ​ឆ្លង​បុណ្យ។

ក៏​ប៉ុន្តែ​មាន​មិន​ច្រើន​ទេ​អ្នក​ដែល​ទៅ​វត្ត​ដាក់​បិណ្ឌ​បាន​ចាប់​ពី​បិណ្ឌ​១​រហូត​ដល់​ថ្ងៃ​ឆ្លង​បុណ្យ។ គេ​តែង​តែ​ទៅ​ចន្លោះ​ថ្ងៃ ​ដោយ​សារ​ពេល​វេលា​និង​ថវិកា។​សម្រាប់​អ្នក​បំរើ​ការងារ​ជា​មន្ត្រី​រាជការ ​ឬ​សហគ្រាស​ឯកជន​ច្រើន​ឆ្លៀត​ទៅ​ដាក់​បិណ្ឌ​ចំ​ថ្ងៃ​សម្រាក​ពី​ការងារ​ ហើយ​ពួក​គេ​ធ្វើ​ចង្ហាន់​ ម្ហូប​អាហារ​ទៅ​ច្រើន​វត្ត​តែ​ម្តង​ ព្រម​ទាំង​ឆ្លៀត​ឱកាស​ដើរ​កំសាន្ត​ផង​ដែរ។

សម្រាប់​អ្នក​មាន​ជីវភាព​ធូរធារ​ វា​មិន​ចោទ​ជា​បញ្ហា​អ្វី​ទេ។ ​តែ​ភាគ​ច្រើន​នៃ​ប្រជាជន​ខ្មែរ​ មិន​មាន​ស្ថាន​ភាព​ប្រសើរ​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ការ​ធានា​ឲ្យ​បាន​បរិបូរណ៍​នូវ​ប្រាក់​កាស​សម្រាប់​ធ្វើ​បុណ្យ​ពេញ​ដៃ​ពេញ​ជើង​ឡើយ។ ​ភាព​វិល​វល់​នៅ​ក្នុង​គ្រួសារ​ អំពើ​ហិង្សា ​អំពើ​លួច​ឆក់​ ប្លន់​និង​រឿង​អប្បាយ​មុខ​ផ្សេង​ៗ​កើត​ឡើង​នៅ​ក្នុង​សង្គម​ ដើម​ហេតុ​សុទ្ធ​តែ​មក​ពី​ប្រាក់។

មួយ​ចំនួន​ធំ​នៃ​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ ក៏​ដូចជា​ទី​ប្រជុំជន​មាន​តែ​សំបក​ផ្ទះ​សម្រាប់​ជ្រក​ប៉ុណ្ណោះ ​ក៍​ប៉ុន្តែ​ប័ណ្ណ​កម្មសិទ្ធិ​របស់​ពួកគេ ​បាន​តម្កល់​ទុក​យ៉ាង​មាន​សុវត្ថិភាព​នៅ​ឯ​ធនាគារ​និង ​មីក្រូ​ហិរញ្ញវត្ថុ​នា​នា។

ទោះ​ជា​យ៉ាង​នេះ​ក្តី ​ប្រជាជន​ខ្មែរ​នៅ​តែ​សប្បាយ ​និង​រីករាយ​ក្នុង​ការ​ធ្វើ​បុណ្យ ​ជាពិសេស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​តែ​ម្តង។​ តើ​មាន​បញ្ហា​អ្វីខ្លះ​កើត​ឡើង​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​វត្ត​នៅ​រដូវ​ភ្ជុំបិ​ណ្ឌ​នេះ។ ​និយាយ​ទៅ​និយាយ​មក​ នៅ​តែ​ត្រូវ​ការ​លុយ។

សម្រាប់​អ្នក​ដែល​មាន​ជីវភាព​មធ្យម ​និង​ក្រីក្រ ​ពួកគេ​ត្រូវ​ចំណាយ​ដំបូង​បំផុត​ គឺ​ការ​ខាត​បង់​ការងារ​ពេញ​មួយ​ថ្ងៃ​ឬ​មួយ​ព្រឹក​បាត់​ទៅ​ហើយ។​សម្រាប់​បុគ្គលិក​ក្រុមហ៊ុន ​មន្ត្រី​រាជការ​អាច​សុំ​ច្បាប់​បាន​ដោយ​មិន​មាន​ការ​បាត់​បង់​ប្រាក់​ចំណូល​ប្រចាំថ្ងៃ។​តែ​សម្រាប់​អ្នក​ដែល​បំរើ​ការងារ​នៅ​ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ ​និង​កម្មករ​គ្រប់​ប្រភេទ​ដែល​ធ្វើ​ការ​មួយ​ថ្ងៃ​សម្រាប់​រស់​មួយ​ថ្ងៃ​នោះ​ចាំ​បាច់​ត្រូវ​តែ​បាត់​បង់​ប្រាក់​ចំណូល​ប្រចាំថ្ងៃ​ហើយ។ ​រីឯ​អ្នក​ស្រែ​ចំការ​វិញ​ក៏​មិន​ខុស​គ្នា​ដែរ។

ប្រឈម​នឹង​ជីវភាព​ដូច្នេះ ​ជា​ប្រពៃណី​ពលរដ្ឋ​ខ្មែរ​មិន​ដែល​ខកខាន​ទេ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​វត្ត​អារ៉ាម​ដើម្បី​ដាក់​បិណ្ឌ​ទោះ​ជា​ដឹង​ថា ​ខ្លួន​មាន​លទ្ធភាព​ហិរញ្ញវត្ថុ​តិច​តួច​ស្តួច​ស្តើង​យ៉ាង​ណា​ក៏​ដោយ។​ហេតុផល​គឺ​ថា​ ពលរដ្ឋ​ខ្មែរ​កាន់​ព្រះពុទ្ធសាសនា​ ម្នាក់​ៗ​ចំ​បាច់​ត្រូវ​តែ​ ទៅ ​វត្ត​តិច​ឬ​ច្រើន​ក្នុង​អំឡុង​ពេល​១៥​ថ្ងៃ​នៃ​បុណ្យ​ភ្ជុំ ​ចាប់​ពី​ថ្ងៃ​១​រោច​ ដល់​ថ្ងៃ​១៥​រោច​ខែ​ភទ្របទ​ ដើម្បី​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ បង្ឃកូល​ឧទ្ទិស​កុសល​ជួប​មាតាបិតា ​បុព្វការី​ជន​ ដែល​ធ្វើ​មរណៈកាល​ទៅ​កាន់​លោក​ខាង​មុខ។

ទម្លាប់ ​និង​ជា​ប្រពៃណី​នេះ ​សម្រាប់​អ្នក​ក្រីក្រ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ចំណាយ​ចាប់​ពី​៣​ម៉ឺន​រៀល​ដែរ​ ហើយ​អ្នក​មធ្យម​ត្រូវ​ចំណាយ​ប្រមាណ​ជា​៦​ម៉ឺន​រៀល ក្នុង​ការ​ទៅ​វត្ត​មួយ​លើក ​នេះ​មិន​ទាន់​គិត​ពី​មធ្យោបាយ​ធ្វើដំណើរ​ផង។ ​រីឯ​ចំណូល​របស់​ពួក​គេ​ វិញ​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា មាន​ចាប់​ពី​២​ម៉ឺន​៥​ពាន់​ទៅ ​៣​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។

ជា​ទូទៅ​ផលិត​ផល​សរុប​ក្នុង​ស្រុក​សម្រាប់​ពលរដ្ឋ​ម្នាក់ ​GDP​ គឺ​មាន​ប្រមាណ​ជាង​១០០០ដុល្លារ ​បន្តិច​បន្តួច​ក្នុង​មួយ​ឆ្នាំ។​ រីឯ​ថវិការ​ដែល​អាច​ចាយ​គ្រប់​សម្រាប់​ពលរដ្ឋ​ម្នាក់​ក្នុង​មួយ​ឆ្នាំ​ឬ ​PPP​​នោះ​មាន​រហូត​ជាង​ ២០០០​ដុល្លារ។

ទោះ​យ៉ាង​នេះ​ក្តី​ប្រជាជន​ខ្មែរ​ទោះ​អ្នក​មាន​ក្តី​ អ្នក​ក្រ​ក្តី​តែង​តែ​បេះ​ពី​មាត់​ពី​ក ​ឆ្លៀត​ទៅ​វត្ត​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ក៏​ ២​ ទៅ​ ៣​វត្ត​ដែរ​ក្នុង​មួយ​ឆ្នាំ​ មុន​នឹង​ថ្ងៃ​ឆ្លង​បុណ្យ​ឈាន​ចូល​មក​ដល់។ ​ជា​រូម​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចាត់​ទុក​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​គឺ​ជា​កាតព្វកិច្ច​ និង​ ជា​ថ្ងៃ​វិសេស​វិសាល​ជាងគេ​ទាំង​អស់​ក្នុង​ចំណោម​បុណ្យ​ធំ​ៗ​របស់​ជាតិ ​បើ​ទោះ​ណា​ជា​ជីវភាព​ក្នុង​គ្រួសារ​មាន​ការ​ខ្វះខាត​យ៉ាង​ណា​ក៏​ដោយ។

វា​ជា​រឿង​គួរ​ឲ្យ​កោត​សរសើរ​ក៏​ថា​បាន​ ដោយ​សារ​ប្រជាជន​ខ្មែរ​មាន​ភាព​ស្មោះត្រង់​ ជឿ​ជាក់​លើ​ព្រះពុទ្ធ​សាសនា​ ជឿ​បុណ្យ​ជឿ​បាប។​ហើយ​ក៏​ជា​រឿង​ឆោត​ល្ងង់​ក៏​ថា​បាន​ដោយ​សារ​តែ​ពលរដ្ឋ​ភាគ​ច្រើន​ជួយ​ខ្លួន​ឯង​ពេល​ខ្លួន​នៅ​រស់​មិន​បាន​ផង​ បែរ​ជា​ត្រូវ​ចំណាយ​លុយ​ធ្វើ​បុណ្យ​ដើម្បី​ឲ្យ​ព្រលឹង​អ្នក​ដែល​បាន​ធ្វើ​មរណៈកាល​ទៅ​ទទួល​បាន​អានិសង្ឃ​និង​ភាព​ស្ងប់​ស្ងាត់៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ