ភូមា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 05 មករា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 05 មករា 2012

ប្រមុខ​ការទូត​អង់គ្លេស​ទៅ​ភូមា៖ បស្ចិមលោក​ព្រម​ទទួលស្គាល់​រដ្ឋាភិបាល​ភូមា​ហើយ​ឬ?

ប្រធានាធិបតី​ភូមា​ទទួល​ជួប​គណៈប្រតិភូ​ដឹកនាំ​ដោយ​រដ្ឋមន្រ្តី​ការបរទេស​អង់គ្លេស​​
ប្រធានាធិបតី​ភូមា​ទទួល​ជួប​គណៈប្រតិភូ​ដឹកនាំ​ដោយ​រដ្ឋមន្រ្តី​ការបរទេស​អង់គ្លេស​​
REUTERS/Martin Petty

ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

អស់​ពី​លោក​ស្រី​រដ្ឋមន្រ្តី​ការបរទេស​អាមេរិកាំង​ហ៊ីឡារី គ្លីនតុន ឥឡូវ​នេះ​ដល់​វេន​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អង់គ្លេស វីល្លីយ៉ាម់ ហែក​ម្តង​ដែល​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ភូមា។ លោក​ប្រមុខការ​ទូត​អង់គ្លេស​បាន​ទៅ​ដល់​ទីក្រុង​ណៃពីដ៏​(Naypyidaw) នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​មករា​នេះ បាន​ជួប​ជាមួយ​ប្រធានាធិបតី​ធេន សេន និង​ក្រោយ​មក​ទៀត​ជាមួយ​លោកស្រី​ប្រមុខ​បក្ស​ប្រឆាំង​ភូមា​អុង សាន់ស៊ូជី។ តើ​នៅ​ទី​បំផុត​និង​បណ្តើរៗ បណ្តា​បស្ចិម​ប្រទេស​យល់ព្រម​ទទួល​ស្គាល់​ហើយ​ឬ រដ្ឋាភិបាល​ស៊ីវិល​នៃ​ប្រទេស​ភូមា?

បទវិភាគ​​របស់​​ តាន់ ហ្សង់​-ហ្វ្រង់ស្វ័រ
 

05/01/2012

ទស្សនកិច្ច​របស់​លោកស្រី ហ៊ីឡារី គ្លីនតុន​កាល​ពី​ដើម​ខែ​ធ្នូ​កន្លង​ទៅ​នេះ ក៏​ដូច​វត្តមាន​ក្នុង​ថ្ងៃ​នេះ​ដែរ​របស់​លោក​វីល្លីយ៉ាម់ ហែក​នៅ​ប្រទេស​ភូមា​សុទ្ធ​តែ​មាន​លក្ខណៈ​ប្រវត្តិសាស្រ្ត ពីព្រោះ​រហូត​មក​ទល់​ប៉ុន្មាន​សប្តាហ៍​មុន​នេះ​សោះ គ្មាន​អ្នក​ដឹកនាំ​ថ្នាក់​កំពូល​អាមេរិកាំង​ឬ​អ៊ឺរ៉ុប​ណា​ម្នាក់​ព្រម​ទៅ​ជាន់​ដី​ភូមា​ឡើយ ដ្បិត​របប​នយោបាយ​នៃ​ប្រទេស​នេះ​ជា​អំណាច​ផ្តាច់ការ​ដែល​ឃុំ​ខ្លួន​អ្នក​ប្រឆាំង​រាប់​ពាន់​នាក់​និង​ដែល​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​កំរោល​ជា​ទី​បំផុត។

ផ្ទុយ​ទៅ​វិញ ស្រាប់​តែ​ជាង​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ របប​ភូមា​ហាក់​កំពុង​ប្រែ​ធាតុ​ខ្លាំង​តែ​ម្តង​សឹង​ថា​ប្រែ​ពី​ខ្មៅ​ទៅ​ស ដោយ​បាន​រៀបចំ​បោះ​ឆ្នោត បាន​ដោះ​លែង​លោក​ស្រី​អុង សាន់ស៊ូជី​ឲ្យ​មាន​សេរីភាព​វិញ បាន​រំលាយ​របប​សឹក​ចោល បាន​តែងតាំង​លោក​ធេន សេន​ដែល​គេ​ស្គាល់​ថា​មិនមែន​អ្នក​រឹងរូស​ខ្លាំង​ឲ្យ​ឡើង​ធ្វើ​ជា​ប្រធានាធិបតី​ស៊ីវិល​ទី​មួយ។

ក្រោយ​មក​ទៀត លោក​ធេន សេន​បាន​ទាំង​ជួប​ពិភាក្សា​ជាមួយ​លោកស្រី​អុង សាន់ស៊ូជីផង បាន​បើក​សិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ​ភូមា​ប្រើប្រាស់​អ៊ីនធ័រណែត បង្កើត​សហជីព និង​ធ្វើ​កូដកម្ម។ មិន​តែ​ប៉ុណ្ណោះ របប​ថ្មី​នៅ​ណៃពីដ៏​ថែម​ទាំង​បាន​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​បញ្ចេញ​មតិ​តាម​កាសែត វិទ្យុ​និង​ទូរទស្សន៍ ព្រម​ទាំង​បាន​ផ្តើម​ដោះលែង​អ្នកទោស​នយោបាយ​រាប់​រយ​នាក់​ទៀត​ផង។

គឺ​មក​ពី​អ៊ីចឹង​ហើយ មក​ពី​ឃើញ​ថា​អ្វីៗ​ដែល​បាន​និង​កំពុង​បន្ត​ប្រព្រឹត្ត​ទៅ​នៅ​ភូមា​ប្រហែល​ជា​មិនមែន​ភ្លើង​ចំបើង​ទេ ទើប​បស្ចិមប្រទេស អាមេរិក​មុន​គេ​និង​ឥឡូវ​អង់គ្លេស ចាប់​ផ្តើម​ទាក់ទង​ជាមួយ​ទីក្រុង​ណៃពីដ៏។ ក៏​ប៉ុន្តែ ទាំង​នេះ​មិន​ទាន់​មាន​ន័យ​ថា បស្ចិមលោក​ទទួល​ស្គាល់​របប​ភូមា​ទេ ពីព្រោះ​អាមេរិក​និង​សហភាព​អឺរ៉ុប​នៅ​បន្ត​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​ប្រទេស​ភូមា​ត​ទៅ​ទៀត។

ភូមា​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ធ្វើ​កំណែ​ទម្រង់​

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ស្ថានភាព​អន្តរជាតិ​និង​តំបន់​បាន​និង​កំពុង​បន្ត​ជំរុញ​ភូមា​ឲ្យ​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ។ នៅ​លើ​ឆាក​អន្តរជាតិ ជាយូរ​ឆ្នាំ​កន្លង​មក​ហើយ ដែល​អាមេរិក​និង​សហភាពអឺរ៉ុប​ដាក់​សម្ពាធ​គ្រប់​បែប​យ៉ាង ជាពិសេស​តាម​រយៈ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​ភូមា។ សម្រេច​សម្រួច​ទៅ​ការ​ច្របាច់​ក​រដ្ឋាភិបាល​ភូមា​មិន​ត្រឹម​តែ​បាន​ធ្វើ​ឲ្យ​លៀន​អណ្តាត​ប្រជាជន​ភូមា​ប៉ុណ្ណោះ​ទេ តែ​វា​បាន​ញ៉ាំង​ឲ្យ​របបភូមា​ងាកទៅរកប្រទេសចិនកាន់តែខ្លាំង ធ្វើ​បាប​កាន់​តែ​ខ្លាំង​​ពួក​ប្រឆាំង និង​បិទ​ទ្វារ​ជិត​ឈឹង​មិន​ឲ្យ​បស្ចិមលោក​ចូល​មក​ក្នុង​ប្រទេស​ខ្លួន​បាន។ អ៊ីចឹង​ហើយ​បាន​ជា រដ្ឋការ​អាមេរិកាំង​របស់​លោក​អូបាម៉ាបានសម្រេច​ចិត្ត​ផ្លាស់ប្តូរ​នយោបាយ ដោយ​ឲ្យ​តម្លៃ​ដល់​កិច្ចចរចា​ជាមួយ​ភូមា​ខ្លាំង​ជាង​មុន។ លោក​អូបាម៉ា​យល់ ឃើញ​ថា ការគាបសង្កត់​ប្រទេស​ភូមា​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​អាមេរិកាំង​និង​ចំណេញ​ប្រយោជន៍​ចិន។ ពីព្រោះ​ភូមា​មិន​ត្រូវ​ការ​អាមេរិក​ទេ មិន​ត្រូវការ​បស្ចិម​លោក​ទេ ដោយសារ​តែ​មាន​ប្រទេស​ចិន និង​បណ្តា​ប្រទេស​អាស៊ាន​រកស៊ី​ជា​មួយ។

ទន្ទឹម​នេះ​នៅ​លើ​ឆាក​តំបន់​អាស៊ី ស្រាប់​តែ​ទំនាក់ទំនង​រវាង​ចិន​និង​ភូមា ព្រម​ទាំង​ភូមា​និង​អាស៊ាន​បែរ​ជា​មាន​លក្ខណៈ​តឹងតែង​ជាង​មុន​ទៅ​វិញ។ ចិន​អន់​ចិត្ត​នឹង​ភូមា។ ពីព្រោះ​ម្យ៉ាង​ប្រទេស​មិត្ត​មួយ​នេះ​លួច​ទាក់ទង​កូរ៉េ​ខាងជើង​ដើម្បី​បង្កើត​កម្មវិធី​នុយក្លេអ៊ែរ។ ​ពីព្រោះ​ម្យ៉ាង​ទៀត​ការ​វាយ​បង្ក្រាប​ឥត​ឈប់ឈរ​របស់​ភូមា​ទៅ​លើ​ជនជាតិ​ភាគ​តិច​របស់​ខ្លួន នៅ​តាម​បណ្តោយ​ព្រំប្រទល់​ជាមួយ​ប្រទេស​ចិន បង្ក​បញ្ហា​ដល់​ថ្នាក់ដឹកនាំ​ទីក្រុង​ប៉េកាំង។​ ដោយ​ឡែក អាស៊ាន​ដែល​មាន​ភូមា​ជា​សមាជិកក៏​ទទួល​សម្ពាធ​ខ្លាំង​ឡើងៗ ពី​អាមេរិក​និងពី ​សហភាពអឺរ៉ុប​ដែរ។

ម្ល៉ោះ​ហើយ​បាន​ជា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​អាស៊ាន​ខ្លះ​ដូច​ជា​សិង្ហបុរី ថៃ​និង ម៉ាឡេស៊ី ហ៊ាន​ចេញ​មុខស្តី​បន្ទោស​របប​ផ្តាច់ការ​ភូមា​ខ្លាំង​ឡើងៗ។ គឺ​ប្រហែល​មក​ពី​អ៊ីចឹង​ហើយ​ បាន​ជា​នៅ​ទីបំផុត​ក្រុម​នាយ​ទាហាន​ផ្តាច់ការ​ភូមាដាច់​ចិត្ត​រៀប​ចំ​បោះ​ឆ្នោត រំលាយ​ចោល​របប​សឹក ដោះ​ឯក​សណ្ឋាន​យោធា​ចោល និង​បង្កើត​រដ្ឋាភិបាល​ស៊ីវិល។ កត្តា​សំខាន់​​មួយ​ទៀត​ដែល​តម្រូវ​ឲ្យ​ថ្នាក់​ដឹក​នាំ​ភូមា​បន្ទន់​ឥរិយាបថ និង​កែលំអ​រូបភាព​របស់​ខ្លួន គឺ​មុខនាទី​ជា​ប្រធាន​ផ្លាស់​វេន​អាស៊ាន​ដែល​ទីក្រុងណៃពីដ៏ត្រូវ​កាន់កាប់ និងចង់កាន់កាប់ណាស់ ​នៅ​ឆ្នាំ​២០១៤​ខាង​មុខ។

យ៉ាងណាក៏ដោយ បណ្តាបស្ចិមប្រទេសនៅមិនទាន់ទុកចិត្តរបបភូមាទេ នៅបារម្ភខ្លាចភូមា លេង​ល្ខោន​នយោបាយ​។ អ្វីដែលជាក់ច្បាស់ គឺអាមេរិកនិងសហភាពអឺរ៉ុបដឹងថា ថ្នាក់ដឹក នាំភូមាចង់ផ្តើមបើកចំហនិងអភិវឌ្ឍប្រទេសដែលសម្បូរទៅដោយប្រេងកាត ឧស្ម័នធម្មជាតិ ព្រៃឈើនិងរ៉ែ ហើយចង់ឈប់ពឹងពាក់ផ្តាច់មុខពេកប្រទេសចិនដ៏មានឥទ្ធិពល។ ក៏ប៉ុន្តែ មុន នឹងដកទណ្ឌកម្មចេញ មុននឹងសម្រួលជាយថាហេតុទំនាក់ទំនងទូតជាមួយភូមា អាមេរិក​និងសហភាពអឺរ៉ុបចង់ច្បាស់នៅក្នុងចិត្តសិន ច្បាស់ថាការប្រែប្រួល និងចលនានៃកំណែ ទម្រង់នយោបាយនៅភូមាពិតជានឹងមិនអាចបកក្រោយវិញបានទេ៕

tags: ភូមា - អង់គ្លេស
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close