ភូមា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 01 វិច្ឆិកា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 01 វិច្ឆិកា 2012

រដ្ឋាភិបាល​ភូមា៖ អំពើហិង្សា​រវាង​សហគមន៍​សាសនា​អាច​បង្ក​ចេញ​នូវ​ទង្វើ​ភេរវកម្ម

លោកប្រធានាធិបតីភូមា ថេន​សេន
លោកប្រធានាធិបតីភូមា ថេន​សេន
REUTERS/Tomohiro

ដោយ គួច គន្ធារ៉ា

នៅ​ថ្ងៃ​ពុធ ទី៣១ តុលា​ម្សិលមិញ រដ្ឋាភិបាល​នៃ​ប្រទេស​ភូមា​បាន​ព្រមាន​ទុក​ជា​មុន​ថា អំពើហិង្សា​សម្លាប់​គ្នា​រវាង​សហគមន៍​អ្នកកាន់​ព្រះពុទ្ធសាសនា និង​សាសនាអ៊ីស្លាម​នៅ​ប៉ែកខាងលិច​ប្រទេស​អាច​នឹង​បង្ក​ចេញ​នូវ​ទង្វើ​ភេរវកម្ម​ប្រដាប់អាវុធ។ ការ​ព្រួយបារម្ភ​នេះ​បាន​កើត​មាន​ឡើង ក្រោយ​ពី​មាន​ការ​វាយប្រហារ​លើ​កម្លំាង​សន្តិសុខ ដោយ​ក្រុមជនដៃដល់​បាន​ប្រើប្រាស់​គ្រឿងផ្ទុះ និង​អាវុធ​ធ្វើ​ដោយ​ដៃ។ រដ្ឋអំណាច​បាន​រឹបអូស​អាវុធ​ធ្វើ​ដោយដៃ​ចំនួន ១៨០ដើម និង​បាន​ឃាត់​ខ្លួន​មនុស្ស​ជា​ច្រើន​នាក់​ដែល​បាន​ចូលរួម​ផលិត។

សេចក្តីរាយការណ៍​របស់ គួច គន្ធារ៉ា
 

01/11/2012 by គួច គន្ធារ៉ា

តំាង​ពី​មាន​ការ​ផ្ទុះ​អំពើហិង្សា​សម្លាប់​គ្នា​រវាង​សហគមន៍​អ្នកកាន់​ព្រះពុទ្ធសាសនា និង​សាសនាអ៊ីស្លាម​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន​កាល​ពី​ខែ​មិថុនា​មក នេះ​ជា​លើកទីមួយ​ហើយ​ដែល​រដ្ឋាភិបាល​ភូមា​បាន​សម្តែង​ក្តីបារម្ភ​របស់​ខ្លួន។ គឺ​បារម្ភ​ខ្លាច​អំពើហិង្សា​នេះ​ប្រែ​រូបភាព​ទៅ​ជា​ការ​បង្ក​អំពើភេរវកម្ម​ប្រដាប់អាវុធ​ទៅ​វិញ។ បន្ទាប់​ពី​បាន​ស្គាល់​ភាព​ស្ងប់ស្ងាត់​អស់​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​មក រដ្ឋ​រ៉ាក់ឃីន​ដែល​បាន​ស្ថិត​ក្នុង​ភាពអាសន្ន​តំាង​ពី​ថ្ងៃ​ផ្ទុះ​អំពើហិង្សា​ដំបូង​ក្នុង​ខែ​មិថុនា​នោះ ក៏​បាន​ស្គាល់​ភាពវឹកវរ​ជា​ថ្មី​កាល​ពី​ថ្ងៃទី២១ តុលា​រវាង​ក្រុម​អ្នកកាន់​ព្រះពុទ្ធសាសនា និង​ក្រុម​អ្នកកាន់​សាសនាអ៊ីស្លាម​ដែល​ជា​ជនជាតិ​ភាគតិច រ៉ូហ៊ីងយ៉ា។ ភាពវឹកវរ​ថ្មី​នេះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ៨៩នាក់ និង​រងរបួស​ចំនួន ១៣៦នាក់ ព្រម​ទំាង​មាន​ការ​ដុត​បំផ្លាញ​ផ្ទះសម្បែង​អស់​ជាង ៥ ០០០ខ្នង ដោយ​បន្សល់​ទុក​អ្នក​អត់​មាន​ទីជម្រក​ជាង ៣២ ០០០នាក់។
 
នៅ​ក្នុង​ភាពវឹកវរ​ចុង​ក្រោយ​នេះ រដ្ឋអំណាច​ទីក្រុង​ណៃពីដ៏​បាន​ទទួល​ស្គាល់​ថា មាន​ជនរងគ្រោះ​ភាគច្រើន​បាន​ស្លាប់​ដោយ​គ្រាប់កំាភ្លើង​បាញ់​ដោយ​កម្លំាង​សន្តិសុខ​ដើម្បី​រារំាង ទប់​ស្កាត់​កុំ​ឲ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​សហគមន៍​សាសនា​ទំាង​ពីរ។ ទន្ទឹម​គ្នា​នេះ រដ្ឋអំណាច​ក៏​បាន​ចោទ​អង្គការជាតិ និង​អន្តរជាតិ​មួយ​ចំនួន​ពី​បទ​បាន​ចូល​រួម និង​ញុះញង់​ឲ្យ​មាន​អំពើហិង្សា​រវាង​សហគមន៍​សាសនា​ទំាង​ពីរ ដោយ​មិន​បាន​បញ្ចេញ​ឈ្មោះ​អង្គការ​ណា​មួយ​ទេ។ ប៉ុន្តែ​បាន​សន្យា​ថា នឹង​ចាត់​វិធានការ​ចាស់ដៃ​ទៅ​លើ​អង្គការ​ណា​ដែល​បាន​ចូលរួម។
 
ក្តីបារម្ភ​ក៏​មាន​ដែរ ពី​សំណាក់​សមាគម​ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់​ថា អាស៊ាន ដែល​ភូមា​ជា​សមាជិក។ លោក​អគ្គលេខាធិការ​អាស៊ាន ស៊ូរិន ពិតស៊ូវ៉ាន់​បាន​ព្រមាន​ទុក​ជា​មុន​ពី​ការ​ផ្ទុះ​ឡើង​នូវ​អស្ថិរភាព​នៅ​ក្នុង​តំបន់ ប្រសិន​បើ​រដ្ឋាភិបាល​ភូមា​មិន​ប្រញាប់​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ទាន់​ពេល​នោះ​ទេ។ « រដ្ឋាភិបាល​ភូមា​បាន​ចាត់​ទុក​បញ្ហា​នេះ​ថា ជា​រឿងផ្ទៃក្នុង​របស់​ខ្លួន ប៉ុន្តែ​បញ្ហា​ផ្ទៃក្នុង​របស់​ភូមា​នឹង​អាច​ក្លាយ​ជា​បញ្ហា​របស់​អាស៊ាន និង​ក្នុង​តំបន់ ប្រសិន​បើ​ភូមា​មិន​បាន​ប្រយ័ត្នប្រយែង​ទេ​នោះ » នេះ​ជា​ការ​ថ្លែង​របស់​លោក ស៊ូរិន ពិតស៊ូវ៉ាន់។
 
បើ​យោងតាម​តួលេខ​ផ្លូវការ​គិត​រហូត​មក​ទល់​ពេល​នេះ អំពើហិង្សា​រវាង​ក្រុម​អ្នកកាន់​សាសនាអ៊ីស្លាម រ៉ូហ៊ីងយ៉ា និង​ក្រុមអ្នកកាន់​ព្រះពុទ្ធសាសនា​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជិត ១៨០នាក់​ក្នុង​រដ្ឋ​រ៉ាក់ឃីន។ តែ​បើ​យោង​តាម​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស ចំនួន​អ្នក​ស្លាប់​មាន​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់។ ក្រៅ​ពី​នោះ នៅ​មាន​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​រាប់សិបម៉ឺន​នាក់​ផ្សេង​ទៀត​បាន​ភាសខ្លួន​ទៅ​រស់នៅ​ក្នុង​ប្រទេស​ជិតខាង ពិសេស​ប្រទេស​បង់ក្លាដែស។
 
សូម​រម្លឹក​ជូន​ថា មាន​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​រស់នៅ​ប្រមាណ​ជា ៨០ម៉ឺននាក់​ក្នុង​ប្រទេស​ភូមា ពិសេស​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន។ តែ​បញ្ហា​នៅ​ត្រង់​ថា ពួក​គេ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​ភូមា​ទទួល​ស្គាល់ ជា​ជនជាតិ​ភាគតិច ឬមួយ​ក៏​ជា​ពលរដ្ឋ​ភូមា​ទេ តែ​ជា « ជនអន្តោប្រវេសន៍​ខុសច្បាប់ »។ អង្គការ​សហប្រជាជាតិ​បាន​ចាត់​ទុក​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ថា​ ជា​អ្នក​ដែល​បាន​ទទួល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជាង​គេ​នៅ​លើ​ពិភពលោក៕

tags: ជនជាតិ​ភាគតិច - ភូមា
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close