អានតួអត្ថបទ
ភូមា

អង្គការ​​​​សហ​ប្រជាជាតិ​​៖ ​​​សហគមន៍​​​សាសនា​​​នៅភូមា​​​ កាន់តែ​​​​ធ្លាក់​​ក្នុង​​​ភាព​ដុនដាប​​

នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ ​​លោកស្រី ​Yanghee Lee បេសកជន​​​​អង្គការ​សហ​ប្រជាជាតិ បាន​​បរិហារ​ព្រមានភូមា ​​​ពី​ការបែកបាក់រវាង​​​​​សហគមន៍​អ្នកកាន់ពុទ្ធ​សាសនា និង​សាសនា​អ៊ីស្លាម​​​​​ក្នុង​ស្រុក​​ ដែល​​បង្ក​​​អោយ​​​ស្ថានភាពកាន់តែ​​​ធ្លាក់​ដុនដាប។ លោកស្រី​យ៉ាំងហឺ លី​ ចុះ​ទៅ​ទស្សនកិច្ច​​១០ថ្ងៃ​នៅ​ភូមា ចុះ​ទៅ​រដ្ឋរ៉ាក់ឃីន​ភាគ​ខាងលិច​ ​ដែល​សំបូរ​​ជន​ភៀសខ្លួន​ជនជាតិ​រ៉ូហ៊ីងយ៉ាស។ ​

ជនជាតិ​រ៉ូហ៊ីងយ៉ាស នៅ​ភូមា
ជនជាតិ​រ៉ូហ៊ីងយ៉ាស នៅ​ភូមា AFP PHOTO/Christophe ARCHAMBAULT
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​សៅរ៍​ម្សិលមិញ លោកស្រី ​Yanghee Lee អ្នកនាំពាក្យ​​​ពិសេស​អង្គការ​សហប្រជាជាតិ​​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ ​​នៅ​ភូមា ​បាន​ផ្តល់​​សន្និសីទ​សារព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​ជម្លោះ​សហគមន៍​សាសនា នៅ​ភូមា។ សន្និសីទ​ធ្វើឡើង ក្នុង​ក្របខណ្ឌ​នៃ​ទស្សនកិច្ច​១០​ថ្ងៃ​របស់​លោកស្រី​លី នៅ​ភូមា។

បេសកជន​អង្គការសហប្រជាជាតិ​រូបនេះ ​​បាន​ថ្លែង​​បរិហារ​ពី​ស្ថានភាព​ដុនដាប បង្កឡើង​ដោយ​​ការបែកបាក់​សហគមន៍​អ្នកកាន់​ពុទ្ធសាសនា និង​សាសនា​អ៊ីស្លាម​ ក្នុងស្រុក ព្រោះថា គាត់​បាន​ចុះ​ទៅ​រដ្ឋរ៉ាក់ឃីន​ភាគខាងលិច​ភូមា ទៅ​មើល​ជនភៀសខ្លួន​កាន់​សាសនា​​អ៊ីស្លាម​រ៉ូហ៊ីងយ៉ាស​ដោយ​ផ្ទាល់​ភ្នែក។ ​ជនភៀសខ្លួន​​រ៉ូហ៊ីងយ៉ាស ១សែន​៤ម៉ឺន​នាក់ កំពុង​តែជ្រកខ្លួន​បណ្តោះ​អាសន្ន​ នៅរដ្ឋរ៉ាក់ឃីន។ ពួកគេ​ត្រូវបាន​បណ្តេញចេញពី​ផ្ទះសម្បែង តាំង​ពី​ឆ្នាំ​២០១២មក គឺ​ក្រោយ​​​មាន​អំពើហិង្សា​​សហគមន៍​រវាង​អ្នកកាន់​ពុទ្ធសាសនា​ និង​សាសនា​អ៊ីស្លាម នៅ​រដ្ឋរ៉ាក់ឃីន។

បេសកជន​អង្គការ​សហប្រជាជាតិ​ យ៉ាំងហឺ លី​ បាន​លើក​ឡើង​ទៅ​អ្នកសារព័ត៌មាន​​ថា ស្ថានភាព​​នៅ​ជំរំជនភៀសខ្លួន​ក្នុង​តំបន់​ស៊ីតវេ រដ្ឋរ៉ាក់ឃីន​ មិនល្អ​សោះឡើយ។ លោកស្រីលី ​​គិតថា ​ជនភៀសខ្លួន​​​​​​​មិនបាន​ទទួល​​​សេវា​ជំនួយ​​​ សមស្រប​ទេ។ ​ បេសកជន​អង្គការ​សហ​ប្រជាជាតិរូបនេះ ​​​បាន​សុំ​រដ្ឋាភិបាល​ភូមា​អោយ​ដោះស្រាយអោយ​​​ខ្លាំងក្លា ​​​​​​នូវ​បញ្ហា​​ជម្លោះ​សាសនា​​ ​ដែល​តែង​កើត​ឡើងក្នុងស្រុក។

ក្នុង​ទស្សនកិច្ច​នៅ​ភូមា ​​លោកស្រី យ៉ាំងហឺ លី​ ​ក៏បាន​ចុះទៅ​រដ្ឋកាឈីន នៅ​ភាគ​ខាងជើង​ផងដែរ។ ​នៅ​ទីនោះ ក៏​មាន​ជនភៀសខ្លួន​ដែរ គឺ​មាន​ប្រមាណ​១សែននាក់។ ពួកគេ​បាន​​រត់គេច​ចេញពី​ការ​ប្រយុទ្ធ​​រវាង​​ក្រុមឧទ្ទាម​ជនជាតិ​ភាគតិច​​​ និង​​កងទ័ព​ កាលពី​ខែ​មិថុនា​ ឆ្នាំ​​២០១១។ ​កងទ័ព​​និង​ក្រុម​ឧទ្ទាម​បាន​ប្រយុទ្ធ​គ្នា​ឡើងវិញ ១៧ឆ្នាំ​ក្រោយ​មាន​បទឈប់បាញ់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ