អានតួអត្ថបទ
ភូមា

ភូមា​មិនសូវ​ចាប់​អារម្មណ៍​លើ​គម្រោង​របស់​អាមេរិក​ដែល​ចង់​បន្ត​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆំាង​ខ្លួន

នៅ​ថ្ងៃ​សុក្រ ទី១៦ ឧសភា ប្រទេស​ភូមា​បាន​បញ្ចេញ​ប្រតិកម្ម​ឆ្លើយ​តប​នឹង​គម្រោង​របស់​អាមេរិក​ដែល​ចង់​បន្ត​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​មួយ​ចំនួន​ប្រឆំាង​ខ្លួន។ រដ្ឋាភិបាល​ទីក្រុង​រ៉ង់ហ្គូន​បាន​យល់​ឃើញ​ថា ការ​បន្ត​ទ័ណ្ឌកម្ម​របស់​អាមេរិក​នឹង​មិន​អាច​ជះ​ឥទ្ធិពល​អាក្រក់​ខ្លំាង​ក្លា​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​ឡើយ។ ប្រតិកម្ម​របស់​ភូមា​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ប្រធានាធីបតី​អាមេរិក​អូបាម៉ា​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​សភា​អាមេរិក​ដោយ​ស្នើ​សុំ​ឲ្យ​បន្ត​ទ័ណ្ឌកម្ម​មួយ​ចំនួន​ប្រឆំាង​នឹង​របប​ស៊ីវិល​ភូមា​សព្វថ្ងៃ។

​លោក​ប្រធានាធិបតីភូមា ថេន សេន
​លោក​ប្រធានាធិបតីភូមា ថេន សេន Thein Sein/ Reuters
ផ្សាយពាណិជ្ជកម្ម

 

ទ័ណ្ឌកម្ម​ទំាង​នោះ​មាន​ដូច​ជា ការ​ហាម​ក្រុមហ៊ុន​អាមេរិក និង​ប្រជាពលរដ្ឋ​អាមេរិក​កុំ​ឲ្យ​ចូល​ទៅ​បោះទុន​រកស៊ី​នៅ​ក្នុង​ប្រទេស​ភូមា ពិសេស​ហាម​ជនជាតិ​អាមេរិក​កុំ​ឲ្យ​ដាក់​ភាគហ៊ុន​រកស៊ី​ជាមួយ​ថ្នាក់​ដឹកនំា​ភូមា​ណា​ដែល​មាន​ជាប់​ឈ្មោះ​ជា​អ្នកប្រឆំាង​នឹង​អ្នកគំាទ្រ​លទ្ធិប្រជាធិបតេយ្យ​​នៅ​ភូមា។ គួរ​រម្លឹក​ជូន​ថា តំាង​ពី​របបសឹក​ភូមា​បាន​រំលាយ​ខ្លួន ដោយ​ដាក់​ជំនួស​របប​ស៊ីវិល​កាល​ពី ៣ឆ្នំា​មុន​មក លោក​ប្រធានាធិបតី​ភូមា​ថេន សេន​បាន​ផ្តើម​អនុវត្តន៍​នយោបាយ​កំណែទម្រង់​មួយ​ដែល​បាន​អនុញ្ញាត​ឲ្យ​ភូមា​ទទួល​បាន​នូវ​ការ​បន្ធូរបន្ធយ និង​ការ​លើកលែង​ទ័ណ្ឌកម្ម​មួយ​ចំនួន​របស់​បស្ចិមលោក ព្រម​ទំាង​ទទួល​បាន​ការ​ចូល​វិនិយោគ​របស់​បរទេស។ លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ផ្ទាល់​ខ្លួន​បាន​កោតសរសើរ​ពី​ស្ថានការណ៍​រីកចម្រើន​នៅ​ក្នុង​ប្រទេស​ភូមា តាម​រយៈ​ការ​ដោះលែង​អ្នកទោស​នយោបាយ​ជាង ១ ១០០នាក់ ការ​បង្កើត​ឲ្យ​មាន​ក្រុមសហជីព ការ​បង្កើន​លក្ខខណ្ឌ​ការងារ ឬ​មួយ​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ជា​ដើម។

ក៏​ប៉ុន្តែ នៅ​មាន​សញ្ញា​គួរ​ឲ្យ​ព្រួយបារម្ភ​ជា​ច្រើន​ទៀត​ដែល​ភូមា​កំពុង​បន្ត​ការ​ចោទ​ប្រកាន់ រួម​មាន ការ​បន្ត​ចាប់​អ្នកកាសែត និង​បាតុករ​ដាក់​គុក ឬ​មួយ​ក៏​ការ​តាម​បន្ត​វាយបង្រ្កាប​លើ​ក្រុមជនជាតិ​ភាគតិច​រ៉ូហ៊ីនយ៉ា អ្នកកាន់​សាសនា​អ៊ីស្លាម​ជា​ដើម។ នៅ​ក្នុង​សំបុត្រ​របស់​លោក​អូបាម៉ា​ផ្ញើ​ទៅ​សភា​អាមេរិក​នោះ​ដដែល លោក​ប្រធានាធិបតី​អាមេរិក​បាន​បញ្ជាក់​ថា ការ​ដែល​លោក​សុំ​ឲ្យ​សភា​បន្ត​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​មួយ​ចំនួន​ប្រឆំាង​ភូមា​នៅ​ពេល​នេះ មក​ពី​លោក​យល់​ថា ភូមា​នៅ​តែ​ជា​ប្រទេស​គំរាមកំហែង​សម្រាប់​សន្តិសុខជាតិ និង​នយោបាយ​ការបរទេស​របស់​អាមេរិក។

« គ្មាន​បញ្ហា​អ្វី​ទេ។ យើង​នឹង​ព្យាយាម​ធ្វើ​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ជាមួយ​នឹង​អ្វី​ដែល​យើង​បាន​ទទួល។ ខ្ញុំ​មិន​បាន​គិត​ថា ការ​អភិវឌ្ឍន៍​ប្រទេស​នឹង​ទទួល​ផលវិបាក​ធ្ងន់ធ្ងរ​នោះ » នេះ​ជា​ប្រតិកម្ម​របស់​លោក យី ទូត អ្នកនំាពាក្យ​របស់​លោក​ប្រធានាធិបតី​ភូមា​ថេន សេន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ