អានតួអត្ថបទ
ភូមា

អាជ្ញាធរ​​ភូមា​​ចាប់ខ្លួន​​អ្នកសារព័ត៌មាន​​ច្រើនរូប​​ ពីបទ​​ចុះផ្សាយ​​អត្ថបទ​​ស្តីពី​​អាវុធគីមី​​

យោងតាម​សារព័ត៌មាន​បារាំង​ AFP អា អេហ្វ ប៉េ ចុះផ្សាយ​ថ្ងៃ​អង្គារ​នេះ អាជ្ញាធរ​ភូមា​បាន​ចាប់ខ្លួន​អ្នកសារព័ត៌មាន​​ច្រើនរូប ពីបទបានចុះផ្សាយ​អត្ថបទ​មួយ ចោទប្រកាន់​ទីតាំង​យោធា​មួយកន្លែង ថា​បាន​ផលិត​អាវុធគីមី​។ ការចាប់ខ្លួន​នេះ ធ្វើអោយ​ក្រុមការពារ​សេរីភាព​សារព័ត៌មាន​មានការបារម្ភ​ខ្លាំង​ពី​ស្ថានភាព​អ្នកសារព័ត៌មាន​នៅភូមា ជាប្រទេស​កំពុង​ធ្វើកំណែទម្រង់​គួរអោយ​កត់សម្គាល់​ ក្នុង​រយៈពេល​ចុងក្រោយ​នេះ។

កាសែត​​​ដែល​ដាក់លក់​នៅ​ភូមា
កាសែត​​​ដែល​ដាក់លក់​នៅ​ភូមា Getty Images/Bloomberg/Dario Pignatelli
ផ្សាយពាណិជ្ជកម្ម

យោងតាម​​ការចុះផ្សាយ​របស់​សារព័ត៌មាន​បារាំង​ អា អេហ្វ ប៉េ នៅថ្ងៃ​អង្គារ​នេះ មាន អ្នក​សារព័ត៌មាន​​៥នាក់ ក្នុង​នោះ​មាន​នាយកប្រតិបត្តិ​មកពី​សារព័ត៌មាន​​​ Unity Weekly News ត្រូវ​បាន​អាជ្ញាធ​រភូមា​ចាប់ខ្លួន  កាលពី​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍ ​ស្របតាម​ច្បាប់​ទាក់ទង​នឹង​ការសំងាត់​ជាតិ។ អាជ្ញាធរ​អនុញ្ញាត​អោយ​គ្រួសារ​​អ្នកសារព័ត៌មាន​​ទាំងនោះ រក​មេធាវី​ការពារពួកគេ។

អាជ្ញាធរ​ភូមា​ចាប់ខ្លួន​​អ្នកសារព័ត៌មាន​ទាំងអស់​នេះ ពីបទ​បាន​ចុះផ្សាយ​អត្ថបទមួយ កាលពី​ខែ​មករា​កន្លងទៅ ចោទប្រកាន់​យោធា​ថា​បាន​ដាក់អោយ​ដំណើរការ​រោងចក្រ​ផលិត​អាវុធ​គីមី​មួយកន្លែង នៅ​ប៉ូក ក្នុង​តំបន់​ម៉ាក់វ៉ៃ ភាគកណ្តាលប្រទេស។ អត្ថបទ​នោះ​ចុះផ្សាយ​ថា ការដាក់​ដំណើរការ​រោងចក្រ​ផលិត​អាវុធគីមី​នេះ គឺធ្វើ​តាម​បញ្ជា​របស់​​​លោក​ ថាន់ ស្វេ អតីត​មេដឹកនាំ​នយោបាយ​ជាន់ខ្ពស់​ក្នុង​របប​សឹកចាស់។ ​

គួរបញ្ជាក់​ថា ចាប់​តាំង​ពី​របបសឹក​ភូមា​ចាស់​ត្រូវ​បាន​រំលាយ​ចោល នៅ​ខែ​មិនា​ឆ្នាំ​២០១១​មក​ ​រដ្ឋាភិបាល​ភូមា​ថ្មី​​ស្ទើរតែ​ក្លាយ​ជារ​ដ្ឋាភិបាល​​​ស៊ីវិល​ទៅហើយ។ កាលពី​ខែ​មករា​ឆ្នាំ២០១៣​ រដ្ឋាភិបាល​ភូមាធ្លាប់​បាន​បដិសេធ​​ថា មិនបាន​ប្រើ​អាវុធគីមី​វាយប្រហារ​ក្រុមឧទ្ទាម​ភាគតិច​កាឈីន នៅ​ភាគខាងជើង​ប្រទេស​នោះទេ។​

​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋាភិបាល​ភូមា​​​បាន​ធ្វើកំណែទម្រង់​នយោបាយ​គួរអោយ​កត់​សម្គាល់ ​បាន​ដោះលែង​​អ្នកទោស​​នយោបាយ​​រាប់រយ​នាក់ លុបចោល​ការឃ្លាំ​មើល​ត្រួត​ពិនិត្យ​ការចុះផ្សាយ​របស់​សារព័ត៌មាន​នានា​ទៀតផង។ កំណែទម្រង់​ទាំងនេះ បាន​ធ្វើអោយ​សហគមន៍​​អន្តរជាតិ​​លើកលែង​ទណ្ឌកម្ម​ច្រើន​សន្ធឹកសន្ធាប់​ ​ដែលធ្លាប់​​បាន​ដាក់​លើភូមា។

ការ​ចាប់ខ្លួន​អ្នកសារព័ត៌មាន​ច្រើនរូប នៅពេលនេះ ​​ធ្វើអោយ​​គណៈកម្មាធិការ​ការពារ​អ្នកសារព័ត៌មាន​ ព្រួយបារម្ភ​ខ្លាំង។ គណៈកម្មាធិការ​ការពារ​អ្នកសារព័ត៌មាន​​បាន​លើកឡើងថា ការដែល​អាជ្ញាធរ​ដាក់ពិរុទ្ធ​អ្នកសារព័ត៌មាន​ទាំងនេះ ពីបទ​​លាតត្រដាង​ពី​ការសំងាត់ជាតិ​ ស​បង្ហាញ​ថា ភូមា​​ត្រូវតែ​ធ្វើ​​កំណែទម្រង់​ផ្នែក​យុត្តិធម៌​ អោយ​បាន​​ស៊ីជំរៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ