អានតួអត្ថបទ
ភូមា

ភូមាដុតបំផ្លាញអាភៀន២,៥តោនជានិមិត្តរូប

អាជ្ញាធរ​ភូមា​បាន​ដុត​កម្ទេច​អាភៀន​ចំនួន​២​តោន​កន្លះ​ នៅ​ថ្ងៃ​២៦​មិថុនា​ ម្សិលមិញ​នេះ។​ ការ​បំផ្លាញ​អាភៀន​ទ្រង់​ទ្រាយ​ធំ​ប៉ុន្នេះ​ក៏​ដោយ ក៏​មិន​មាន​ការ​ប៉ះពាល់​ដល់​លំដាប់​ថ្នាក់​ពិភពលោក ​របស់​ភូមា​ដែល​ជា​ប្រទេស​នាំ​អាភៀន​ចេញ​ធំ​ជាង​គេ​ទី​ពីរ​ បន្ទាប់​ពី​អាហ្វហ្គានីស្ថាន។ ​យោង​តាម​សម្តី​របស់​បុគ្គលិក​ ទទួល​ខុស​ត្រូវ​អង្គការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ថ្នាំ​ញៀន​ប្រចាំការ​នៅ​ភូមា ​លោក​ថា​នេះ​គ្រាន់​តែ​ជា​សម្តែង​បង្ហាញ​ឲ្យ​គេ​ឃើញ ​ថា​ភូមា​ខិត​ខំ​ទប់​ស្កាត់​ការ​ផលិត​អាភៀន។

ទាហានភូមាដើរកាត់ចំការអាភៀននៅរដ្ឋហ្សានភាគខាងជើងប្រទេសភូមា
ទាហានភូមាដើរកាត់ចំការអាភៀននៅរដ្ឋហ្សានភាគខាងជើងប្រទេសភូមា AFP / Emmanuel Dunand
ផ្សាយពាណិជ្ជកម្ម

នៅ​ភូមា​មាន​ចំការ​ដាំ​អាភៀន​មិន​តិច​ជាង​៥៧៨០០ហិកតា​ទេ​ ហើយ​ទំហំ​នេះ​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ។ យោង​តាម​សម្តី​របស់​តំណាង​អង្គការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ម្នាក់​ នៅ​ឆ្នាំ​២០១៣​កន្លង​ទៅ​ការ​ផលិត​ថ្នាំ​ញៀន​នៅ​ភូមា​ មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​មិន​ដែល​ធ្លាប់​មាន។​ លោក​ថា​ឆ្នាំ​២០១៤​នេះ​ក៏​មាន​ការ​កើន​ឡើង​ខ្លាំង​ណាស់​ដែរ​ ​បើ​ទោះ​ណា​ជា​ពេល​នេះ​លោក​នៅ​ពុំ​ទាន់​មាន​ទិន្ន័យ​ច្បាស់​លាស់​ក៏​ដោយ។

 
លោក​ថាន់ គីនមុង ដែល​ជា​​ភ្នាក់​ងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ភូមា​បាន​មាន​ប្រសាសន៍​ថា ដោយ​សារ​តែ​ភូមា​នៅ​តែ​មិន​ទាន់​ដោះ​ស្រាយ​ជម្លោះ​ ជា​មួយ​ក្រុម​ជន​ជាតិ​ភាគ​តិច​នៅ​រដ្ឋ​ហ្សាន​ទើប​រដ្ឋា​ភិបាល​នៅ​មិន​ទាន់​អាច​ទប់​ស្កាត់​ការ​ផលិត​អាភៀន​ទាំង​ស្រុង​ឲ្យ​មាន​ប្រសិទ្ធិភាព។ សូម​បញ្ជាក់​ថា​រដ្ឋ​ហ្សាន​ គឺ​ជា​រដ្ឋ​មួយ​ដ៏​ធំ​នៅ​តំបន់​ភ្នំ​ ភាគ​ខាង​ជើង​ប្រទេស​ភូមា។ រដ្ឋ​នេះ​មាន​ជន​​ជាតិ​ភាគ​តិច​ជា​ច្រើន​ក្រុម​រស់​នៅ​ហើយ​ដែល​របរ​កសិកម្ម​ចំបង​គឺ​ការ​ដាំ​អាភៀន។​

ជា​ការ​ពិត​ណាស់​ ដែល​ថា​ជម្លោះ​ជា​មួយ​ក្រុម​សហគមន៍​ជន​ជាតិ​ភាគ​តិច​នៅ​ភាគ​ខាង​ជើង មិន​អាច​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​រដ្ឋ​ភូមា​បំពេញ​កាតព្វកិច្ច​ក្នុង​ការ​កាត់​បន្ថយ​ការ​ផលិត​អាភៀន ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​មាន​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ភូមា​ខ្លួន​ឯង​ផ្ទាល់​ដែល​បាន​ ឆ្លៀត​ឱកាស​ជំរុញ​ការ​ផលិត​អាភៀន និង​ថ្នាំ​ញៀន​ផ្សេងៗ​ ដោយ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ឃុបឃិត​ជា​មួយ​ឈ្មួញ។

ប្រទេស​ថៃ​ដែល​ជា​ប្រទេស​ក្បែរ​ខាង មាន​អ្នក​សេព​គ្រឿង​ញៀន​ដ៏​ច្រើន​លើស​លប់។ ថ្នាំ​ញៀន​ដែល​គេ​ប្រើ​ភាគ​ច្រើន​ជាង​គេនៅ​ប្រទេស​ថៃ​​ គឺ​មេតំហ្វេតាមីន​ដែល​ជា​ថ្នាំ​ញៀន​ឆ្នៃ​ចេញ​ពី​អាភៀន។ ថ្មីៗ​នេះ​ អាជ្ញាធរ​ថៃ​បាន​ដុត​កម្ទេច​ថ្នាំ​ញៀន​ប្រមាណ​ជា​៣​តោន​ដែរ។​ អំណាច​យោធា​ថៃ​ដែល​ទើប​នឹង​ក្តោប​ក្តាប់​អំណាច​ចាប់​តាំង​ពី​មួយ​ខែ​កន្លង​មក​នេះ​ បាន​សន្យា​ថា​នឹង​លុប​បំបាត់​នូវ​ការ​ប្រើ​ប្រាស់​ និង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ឲ្យ​បាន​ក្នុង​ប្រទេស​ថៃ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ