អានតួអត្ថបទ
អាមេរិក-ភូមា

អាមេរិក​ថា​មាគ៌ា​ប្រជាធិបតេយ្យ​នៅ​ភូមា​នៅ​សល់​វែង​ឆ្ងាយ​តទៅ​ទៀត

ភូមា​កំពុង​ទទួល​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ នៅ​ទីក្រុង​ណៃពីដ៏រ។ កិច្ចប្រជុំ​នោះ​ក៏​មាន​ការ​ចូលរួម​របស់​មហាអំណាច​ទាំង​បី​ និង​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​បណ្តារ​ប្រទេស​អាស៊ាន គឺចិន ជប៉ុន និង​​សហរដ្ឋ​អាមេរិក។ ថ្លែង​ក្នុង​ពេល​ជួប​ផ្ទាល់​ជាមួយ​លោក​ប្រធានាធិបតី​ភូមា លោក​ប្រមុខ​ការទូត​អាមេរិក​ ចន ឃេរី ​បាន​ថ្លែង​អបអរ​នូវ​ដំណើរ​បោះ​ជំហាន​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ភូមា តែ​លោក​ថា​ដំណើរ​នេះ​ គឺ​ស្ថិត​នៅ​លើ​ផ្លូវ​ដែល​មាន​ចំងាយ​ឆ្ងាយ​ត​ទៅ​ទៀត។

លោក​ចន ឃេរី ប្រមុខការទូត​សហរដ្ឋអាមេរិក​
លោក​ចន ឃេរី ប្រមុខការទូត​សហរដ្ឋអាមេរិក​ REUTERS/Gary Cameron
ផ្សាយពាណិជ្ជកម្ម

លោក​ប្រមុខ​ការទូត​អាមេរិក​ ចន ឃេរី ​បាន​ជួប​សន្ទនា​ជា​ឯកជន​ជាមួយ​លោក​ប្រធានាធិបតី​ភូមា ថេន សេន​ នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ។ ក្នុង​ឱកាស​នោះ​ លោក​ ចន ឃេរី ​បាន​មាន​ប្រសាសន៍​សរសើរ​ចំពោះ​ដំណើរ​វិវឌ្ឍន៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ភូមា​ ក្នុង​រយៈ​ពេល​៣ឆ្នាំ​កន្លង​មក​នេះ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា លោក​បាន​ឆ្លៀត​រិះគន់​ថា ភូមា​ត្រូវ​តែ​ខឹតខំ​ប្រឹងប្រែង​ជាង​នេះ​ទៀត​ ក្នុង​ការ​ធ្វើ​កំណែរ​ទម្រង់​ កសាង​លទ្ធិ​ប្រជាធិបតេយ្យ​មួយ​ឲ្យ​បាន​ពេញលេញ តួយ៉ាង​ដូច​ជា​ការ​គោរព​សិទ្ធិ​បញ្ចេញមតិ សិទ្ធិសេរីភាព​សារពត៌មាន​ជាដើម​ដែល​ភូមា​នៅ​មាន​កង្វះ​ខាត។ ផ្ទុយ​ទៅ​វិញ លោក ​ចន ឃេរី ​បាន​គ្រាន់​តែ​ថ្លែង​សរសើរ​ភូមា​ប៉ុណ្ណោះ​ ក្នុង​ពេល​បើក​កិច្ច​ប្រជុំ​ទ្វេរ​ភាគី​អាមេរិក-អាស៊ាន។

 
សូម​បញ្ជាក់​ថា​របប​សឹក​ភូមា​ដែល​បាន​កាន់​កាប់​អំណាច​ផ្តាច់ការ​អស់​រយៈពេល​ជា​ច្រើន​ទសវត្ស ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ឆ្នាំ២០១១។ រដ្ឋាភិបាល​ភូមា​បច្ចុប្បន្ន​បាន​ធ្វើ​ការ​ដោះលែង​អ្នកទោស​នយោបាយ​ជា​ច្រើន​រូប ព្រម​ទាំង​បាន​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​របស់​លោកស្រី​ អ៊ុងសាន ស៊ូជី ​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​សភា​ទៀត​ផង។ ដោយ​ឃើញ​របត់​នយោបាយ​វិជ្ជមាន​បែប​នេះ រដ្ឋាភិបាល​អាមេរិក​បាន​ដក​ចេញ​ជា​បន្ត​បន្ទាប់​នូវ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​ភូមា។

ជា​ការ​ពិត​ណាស់​ សម្តី​របស់​លោក​ ចន ឃេរី នា​ពេល​នេះ ហាក់​ដូច​ជា​អង្អែល​ផង​ ខោក​ផង ព្រោះ​ថា​ទន្ទឹម​នឹង​សរសើរ​ភូមា​ថា​បាន​រីក​ចម្រើន តែ​លោក​ក៏​បាន​រិះគន់​ភូមា​ថា​មិន​យកចិត្ត​ទុកដាក់​ក្នុង​ការ​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស ឧទាហរណ៍​ទាក់ទិន​ទៅ​នឹង​ការ​ចាប់ខ្លួន​អ្នក​សារពត៌មាន និង​ការ​ព្រងើយ​កន្តើយ​បណ្តោយ​ឲ្យ​មាន​អំពើ​ហិង្សា​ លើ​ប្រជាជន​កាន់​សាសនា​អ៊ីស្លាម នា​ពេល​កន្លង​មក​នេះ។ សូម​រំលឹក​ថា​ អំពើ​ហឹង្សា​ដែល​កើត​មាន​ឡើង​នៅ​តំបន់រ៉ាឃីន បង្ក​ដោយ​ក្រុម​ជន​ភូមា​កាន់​ពុទ្ធសាសនា​ជ្រុល​និយម បាន​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​ប្រជាជន​កាន់​សាសនា​អ៊ីស្លាម ក្នុង​នោះ​មាន​ស្លាប់​២០០នាក់ និង​​​ជាង​១៤ម៉ឺននាក់​ដែល​ត្រូវ​បាន​ភាសខ្លួន​ចេញ​ពី​លំនៅដ្ឋាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ