អានតួអត្ថបទ
ជប៉ុន

គ្រុន​ផ្តាសាយ​បក្សី​លេច​ឡើង នៅ​ជប៉ុន បន្ទាប់ពី​ស្ងាត់​បាត់ បី​ឆ្នាំ

ក្រសួង​កសិកម្ម​ជប៉ុន​បាន​ចេញ​បញ្ជា​ឲ្យ​សម្លាប់​សត្វ​បក្សី​ជាង​មួយសែន​ក្បាល បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍ នៅថ្ងៃ​អាទិត្យ​ទី ១៣ មេសា ពី​ករណី​ផ្ទុះ ជម្ងឺ​ផ្តាសាយ​បក្សី​នៅ​កសិដ្ឋាន​ចញ្ចឹម​មាន់ ពីរ នៅ​ភាគខាងត្បូង​ប្រទេស​ជប៉ុន។ ចាប់តាំង​ពី​ស្ងប់ស្ងាត់​អស់​បីឆ្នាំ នេះ​ជា​លើក​ទីមួយ ដែល​អាជ្ញាធរ​ជប៉ុន​រកឃើញ​ការផ្ទុះ​ឡើង​ជម្ងឺគ្រុន​ផ្តាសាយ​បក្សី នៅជប៉ុន។

បក្សី និង​អ្នកបាញ់ថ្នាំ​សម្អាត​មេរោគ​គ្រុនផ្តាសាយ​បក្សី នៅ​ប្រទេស​ចិន (រូបបណ្ណាសារ)
បក្សី និង​អ្នកបាញ់ថ្នាំ​សម្អាត​មេរោគ​គ្រុនផ្តាសាយ​បក្សី នៅ​ប្រទេស​ចិន (រូបបណ្ណាសារ) REUTERS/Sean Yong/Files
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃ​សៅរ៍ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​សត្វ​មួយ​កន្លែង នៅ​ខេត្ត​គូម៉ាម៉ូតូ បាន​រាយការណ៍​ទៅ​ប៉ូលិស បន្ទាប់​ពី​មាន់​របស់គាត់​ជាច្រើន​ក្បាល បាន​ដួលងាប់​ជាបន្តបន្ទាប់។ ការធ្វើតេស្ត​សាកល្បង​របស់​មន្រ្តី​កសិកម្ម​បាន​បង្ហាញ​ថា មាន់​នៅក្នុង​កសិដ្ឋាន នៅ​ខេត្ត​គូម៉ាម៉ូតូ​មាន​ផ្ទុក​មេរោគ គ្រុនផ្តាសាយ​បក្សី។

 
នៅថ្ងៃ​អាទិត្យនេះ អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​គេ​សម្លាប់​មាន់​ទាំងអស់ នៅក្នុង​កសិដ្ឋាន​ទាំងពីរ ដែល​មាន​ម្ចាស់​តែមួយ ពោល​គឺ​ប្រមាណ​ជាង​មួយ​សែនក្បាល។ យ៉ាងណា​ក៏ដោយ​អាជ្ញាធរ​ជប៉ុន​បាន​ធានា​អះអាង មេរោគ​គ្រុនផ្តាសាយ​នេះ​នឹង​មិន​ឆ្លង​ទៅ​មនុស្ស តាមរយៈ​ការបរិភោគ​ពងមាន់ ឬ​សាច់មាន់​ឡើយ។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ក្រសួងកសិកម្ម​ជប៉ុន​បាន​អំពាវនាវ​ផងដែរ​ដល់​ម្ចាស់​កសិដ្ឋាន​ជប៉ុន​ឲ្យ​ប្រុងប្រយ័ត្ន​នឹង​ការរាតត្បាត​របស់​មេរោគ ដែល​កំពុង​លុកលុយ នៅអាស៊ី ជាពិសេស ​នៅ​កូរ៉េខាងត្បូង ដែល​ជា​ប្រទេស​ជិតខាង និង​នៅ ចិន ជាទី​ដែល​មេរោគ គ្រុន​ផ្តាសាយ​បក្សី​បាន​សម្លាប់​មនុស្ស​ជាង​មួយរយនាក់ ក្នុង​រយៈពេល​មួយឆ្នាំ​ចុងក្រោយនេះ។

កាលពីថ្ងៃ​សៅរ៍ អាជ្ញាធរ​បានហាមឃាត់​មិន​ឲ្យ​មាន​ដំណើរ​ដឹកសត្វ ចេញ ឬចូល​ខេត្ត​គូម៉ាម៉ូតូ ឬ​កសិដ្ឋាន​ដែល​កំពុង​ឆ្លង​ដោយ​មេរោគគ្រុន​ផ្តាសាយ​បក្សី។ នៅថ្ងៃ​នេះ អាជ្ញាធរ​ជប៉ុន​នៅ​បន្ត​បាញ់ថ្នាំ សម្លាប់​មេរោគ នៅក្នុង​កសិដ្ឋាន​ទាំងពីរ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត​ទៅកន្លែង​ដទៃ។ បន្ទាប់មកទៀត អ្នកជំនាញ នឹង​ទៅ​ពិនិត្យ​កសិដ្ឋាន​ទាំងពី​ជាថ្មី ដើម្បី​ស្វែងយល់​រក​ប្រភព​ដែល​ធ្វើ​ឲ្យ​កសិដ្ឋាន​រងការរាតត្បាត​ពី​មេរោគ គ្រុនផ្តាសាយ​បក្សី។

សូមបញ្ជាក់ថា ការរាតត្បាត​របស់​មេរោគគ្រុនផ្តាយ​បក្សី​ កើតមាន ចុងក្រោយ នៅ​ជប៉ុន នៅ​ខែ​មីនា ឆ្នាំ ២០១១ គឺ​កាលពី​បីឆ្នាំមុន នៅ តាម​បណ្តា​ខេត្ត ដែលស្ថិតនៅ​ភាគខាងជើង​ជប៉ុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ