កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 29 កក្កដា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អាទិត្យ 29 កក្កដា 2012

ពលរដ្ឋ​បឹងកក់​បញ្ចេញ​ប្រតិកម្ម​តប​នឹង​ការ​ចោទប្រកាន់​របស់​អភិបាល​ក្រុង​ភ្នំពេញ

ពលរដ្ឋ​សហគមន៍​បឹងកក់​បង្ហាញ​ឯកសារ ដើម្បី​តប​នឹង​ការ​ចោទប្រកាន់​របស់​លោក​អភិបាល​ក្រុង​ភ្នំពេញ
ពលរដ្ឋ​សហគមន៍​បឹងកក់​បង្ហាញ​ឯកសារ ដើម្បី​តប​នឹង​ការ​ចោទប្រកាន់​របស់​លោក​អភិបាល​ក្រុង​ភ្នំពេញ

ដោយ គីន ហត្ថារ៉ូ

ជម្លោះ​ដី​ធ្លី​នៅក្នុង​សហគមន៍​បឹង​កក់ ​បាន​ផ្ទុះឡើង​ចាប់​តាំង​ពី​ឆ្នាំ២០០៧​ រហូត​មក​ដល់​បច្ចុប្បន្ន​​ រវាង​ក្រុម​ហ៊ុន​ស៊ូកាកូអ៊ីន ​ដែល​ធ្វើ​វិនិយោគដើម្បី​ប្រែ​ក្លាយ​តំបន់នោះ​​ឲ្យទៅ​ជា​​តំបន់​រមណីយដ្ឋាន​ និង​អាគារ​​ពាណិជ្ជកម្ម។ គម្រោង​នោះ​បាន​ធ្វើ​​ឲ្យប៉ះពាល់​ពលរដ្ឋ​ជាង​៤០០០គ្រួសារ។ ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នោះ​ បាន​បញ្ចេញ​នូវ​ប្រ​តិកម្ម​យ៉ាង​ខ្លាំងៗ កាល​ពី​ព្រឹកមិញ​ ប្រ​ឆាំងនឹង​លោក​អភិបាល​​ក្រុង ​កែប ជុតិមា ដែល​បាន​ធ្វើ​បទសម្ភាសន៍​ក្នុង​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ ​ចោទ​ប្រកាន់​ពលរដ្ឋ​បឹង​កក់​ថា ​​​យក​រឿង​បឹង​កក់​ប្រែ​​ក្លាយ​ទៅ​ជា​រឿង​នយោបាយ​ចង​ជើង​រូប​គាត់​​។

សេចក្តីរាយការណ៍​របស់​គីន ហត្ថារ៉ូ ពី​ទីក្រុង​ភ្នំពេញ
 

29/07/2012

ពលរដ្ឋ​ជា​ង​៥០​គ្រួសារ ​នៅ​ក្នុង​សហគមន៍​បឹង​កក់​​ ​បញ្ចេញ​ប្រ​តិកម្ម​ប្រ​ឆាំងតប​ទៅ​នឹង​លោក​កែប​ ជុតិមា អភិបាល​រាជ​ធានី​​ភ្នំពេញ​ ដែល​បាន​ចោទ​ប្រកាន់ពួកគេ​ថា ​រស់នៅ​​លើ​ទឹក​ ដែល​ជា​សម្បត្តិ​​របស់​រដ្ឋ និង​យក​រឿង​បឹង​កក់​ធ្វើ​ជា​រឿង​នយោបាយ។
 
​​ប្រ​តិកម្ម​របស់​ពលរដ្ឋ​បឹង​កក់​បាន​ធ្វើ​ឡើង​តាម​រយៈ​សន្និសីទ​សារព័ត៌មាននៅ​ព្រឹកមិញ​ នៅ​ក្នុង​សហគមន៍​បឹង​កក់ ​​បន្ទាប់​​​ពី​លោក​កែប ជុតិ​មា​ បាន​ធ្វើ​បទ​សម្ភាសន៍​នៅ​ក្នុង​ទូរទស្សន៍​ក្នុងស្រុក​មួយ ​​កាល​ពីយប់​ថ្ងៃ​ទី ២៦ ខែ​កក្កដា ដោយ​មាន​ប្រសាសន៍​ថា ​ពលរដ្ឋ​បឹង​កក់​ទទួល​បាន​ប្លង់​ជាង​ ៨០០គ្រួសារ​ហើយ​ រី​ឯ​ចំនួន​៦៤​គ្រួសារ​ផ្សេង​ទៀត​រស់​​នៅ​​លើ​ទឹក​ ដែល​ជាដី​របស់​រដ្ឋ​ គ្មាន​ឯ​ក​សារ​គ្រប់​គ្រាន់​ និង​ចោទ​ពលរដ្ឋ​ថា​យក​រឿង​បឹង​កក់​ធ្វើ​ជារឿង​នយោ​បាយ​​​ចង​ជើង​គាត់។​
 
ពលរដ្ឋ​ទាំង​អស់​បាន​លើ​ក​ឡើង​នៅ​ក្នុង​សន្និសីទសាព័ត៌មាន​ថា​ ការ​លើក​​ឡើងរបស់​លោក​អភិបាល​​ក្រុង​បែប​នេះ​​ គឺជា​ការ​មិន​ទទួល​ខុស​ត្រូវ​ អសមត្ថភាព​​ក្នុង​ការ​ដឹក​នាំ​ ​និង​​ព្យាយាម​​លាក់​បាំង​ការ​ពិត​។ ផ្ទះ​ពលរដ្ឋ​ដែល​អាជ្ញា​ធរ​​​និង​ក្រុម​ហ៊ុន​បូម​ខ្សាច់​ពន្លិច​ និង​វាយ​កម្ទេច​​​នោះ ​សុទ្ធ​តែ​មាន​ឯ​កសា​រ​បញ្ជាក់​គ្រប់​គ្រាន់ ​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​​ដែន​ដី។ ​
 
ដោយ​មាន​បង្ហាញ​ទាំង​ឯកសារ​ដូច​ជា​ប័ណ្ណស្នាក់​នៅ​ និង​លិខិត​ជូន​ដំណឹង​របស់​សាលាក្រុង​ភ្នំពេញ​តាំង​ពី​ឆ្នាំ២០០៧​នោះ​ ពលរដ្ឋ​​បាន​អះអាង​ថា​ ​​ការ​ចោទ​ប្រកាន់​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ ​ដែល​​បាន​ថ្លែង​តាម​រយៈ​បទ​សម្ភាសន៍​​​​នៅ​ក្នុងទូរទស្សន៍​​នោះ​ គឺ​បាន​បំផ្លើស​ពី​ការ​ពិត​ ហើយ​ថា លោក​អភិបាលក្រុង​​មិន​គួរ​ធ្វើ​ភ្លេច​ មិន​ដឹង​មិន​ឮ​នោះ​ទេ​ គួរ​តែ​ពិចារណា​ឡើង​វិញ។ ហើយ​ការលើក​ឡើង​របស់​លោក​អភិបាល​ក្រុង​ដែល​ថា​យក​រឿងបឹង​កក់​ធ្វើ​ជា​រឿង​នយោ​​បាយ​នោះ ​តាម​ពិត​លោក​អភិបាលក្រុង​​ខ្លួន​ឯង​​ជា​អ្នក​​យក​រឿង​របស់​បឹង​កក់​ប្រែ​ក្លាយ​ទៅ​ជារឿង​នយោ​បាយ​ ​ដើម្បី​បិទ​បាំង​​​អំពើ​អាក្រក់​ និង​អំពើ​ពុក​រលួយរបស់​ខ្លួន។​
 
មន្ត្រី​សាលា​ក្រុងភ្នំពេញ​​បាន​បដិសេធពុំ​ធ្វើ​ការ​អត្ថា​ធិប្បាយ ដើម្បី​ឆ្លើយ​តប​ទៅនឹង​ប្រ​តិកម្ម​របស់​​ពលរដ្ឋ​នោះ​ទេ​​​​​​ កាល​​ពី​ព្រឹក​មិញ។​ ​ ​
 
នៅ​ក្នុង​ជម្លោះ​តាំង​ពី​ឆ្នាំ​២០០៧ ដែល​សាលាក្រុង​ភ្នំពេញ​បាន​ចុះ​កិច្ច​សន្យា​ជួល​ដីទំហំ​១៣៣​ ហិក​តា ​ឲ្យទៅ​ក្រុម​ហ៊ុន​ឯក​ជន​ស៊ូកាកូអ៊ីន ​ ដើម្បីវិនិ​យោគ​ប្រែ​ក្លាយ​ទៅ​ជា​តំបន់​រមណីយដ្ឋា​ន​ អាគា​រ​ពាណិ​ជ្ជកម្ម​នោះ​ បាន​ធ្វើ​​ឲ្យប៉ះពាល់​ពលរដ្ឋ​ជាង​៤០០០គ្រួសារ​។ នៅ​ក្នុងជម្លោះ​​នោះដែរ​​ ស្ត្រីក្នុង​សហគ​មន៍​បឹង​កក់​១៣​នាក់ ត្រូវ​បាន​អាជ្ញាធររាជធានីភ្នំពេញចាប់ឃុំ​ខ្លួនក្នុង​ពន្ធនាគារ​ព្រៃស​​ ដោយ​សាលាដំបូងរាជធានីភ្នំពេញ​សម្រេច​​​ផ្តន្ទា​ទោសឲ្យជាប់ពន្ធនាគារ​ពី​មួយឆ្នាំ​ទៅពីរឆ្នាំកន្លះ ពីបទប្រឆាំង​មន្ត្រី​រាជ​ការ​សាធារណៈ និងបំពានកាន់​កាប់​​អចលន​វត្ថុរបស់​នីតិបុគ្គល​​​សាធា​រណៈ​។ ប៉ុន្តែ​ស្ត្រី​ទាំង​នោះ​​ត្រូវ​បាន​​ក្រុម​ប្រឹក្សា​ចៅក្រម​សាលាឧទ្ធរណ៍​​បន្ថយ​ទោស​មក​នៅ​ត្រឹម​១​ខែ​៣​ថ្ងៃ​៕

tags: កម្ពុជា - ជម្លោះដីធ្លី
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close