អានតួអត្ថបទ

អ្នក​ភូមិ​បឹង​កក់​ស្វែង​រក​ជំនួយ​ពី​ធនាគារ​ពិភព​លោក​បន្ទាប់​ពី​បរា​ជ័យ​ក្នុង​ការ​ពិភាក្សា

ប្រជាពលរដ្ឋ​​នៅ​តំបន់​បឹងកក់​ និង​អតីត​អ្នក​បឹងកក់ បានដាក់​ញត្តិ​ទៅ​ធនាគារ​ពិភព​លោក នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ស្វែងរក​អន្តរា​គមន៍​ពី​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ដ៏​ធំ​នេះ ក្នុង​ការ​តាម​ឃ្លាំមើល​ដំណើរ​ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ជាមួយ​នឹង​សាលា​រាជធានី​ភ្នំពេញ។ ការ​ពឹង​ពាក់​ធនាគារ​ពិភព​លោក​របស់​អ្នកភូមិ​នៅ​ពេល​នេះ គឺ​ដោយ​សារ​តែ​មិន​មាន​ដំណោះ​ស្រាយ​កាល​ពី​ពីរ​ថ្ងៃ​មុន ដោយ​អ្នក​តវ៉ា​ចង់​បាន​ទំហំ​ដី​ដែល​គេ​គ្រប់​គ្រង​ពី​មុន តែ​សាលា​ក្រុង​មិន​មាន​លទ្ធ​ភាព​ដោះ​ស្រាយ​ជូន។

គណៈប្រតិភូសភាអឺរ៉ុបទទួលញត្តិពីអ្នកភូមិបឹងកក់ បុរីកីឡា និង ថ្មគោល នាពេលកន្លងមក។
គណៈប្រតិភូសភាអឺរ៉ុបទទួលញត្តិពីអ្នកភូមិបឹងកក់ បុរីកីឡា និង ថ្មគោល នាពេលកន្លងមក។ RFI/Siv channa
ផ្សាយពាណិជ្ជកម្ម

ជាថ្មី​ម្តងទៀត​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​បឹងកក់​និង​អតីត​អ្នក​បឹងកក់​ដោយមាន​ការចូល​រួម​ពី​អ្នកគាំទ្រ​ជាច្រើន​ទៀត​ប្រហែល១០០នាក់ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី២៤មេសា បាន​ដង្ហែរ​ញត្តិ​ទៅកាន់​ធនាគារពិភពលោក​ដើម្បី​ឲ្យ​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​នេះ ជួយ​ឃ្លាំមើល​ដោយផ្ទាល់​រាល់​ដំណោះស្រាយ​ដីធ្លី​រវាង​សហគមន៍​ពួកគេ​និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ។

នៅក្នុង​លិខិត​របស់​អ្នកភូមិ​បឹងកក់​ចុះ​ថ្ងៃទី២៤ខែមេសា​ឆ្នាំ២០១៤ ដែល​បានដាក់​ទៅកាន់​ប្រធាន​ធនាគារពិភពលោក ដែល​អមដោយ​ស្នាម​មេដៃ​ប្រជាជន​ភូមិ១ ចំនួន១៤គ្រួសារ​នោះ​ឲ្យ​ដឹងថា​ប្រជាពលរដ្ឋ​ស្នើ​ឲ្យ​ធនាគារពិភពលោក​មាន​កិច្ច​អន្តរ​គម​ន៍​ដោយផ្ទាល់​រាល់ពេល​ដែល​សាលា​រាជធានី​ភ្នំពេញ​កោះហៅ​ប្រជាពលរដ្ឋ​ចូលជួប​ស្វែងរក​ដំណោះស្រាយ សូម​ឲ្យ​មាន​តំណាង​ធនាគារពិភពលោក​មួយ​រូប​ដែល​អាច​ឲ្យ​ដឹង និង​ទទួល​ព័ត៌មាន​ពិត​ពី​ការពិភាក្សា​រក​ដំណោះស្រាយ​ដីធ្លី​ជាក់ស្តែង។

ការដាក់​ញត្តិ​នេះ​គឺធ្វើឡើង​បន្ទាប់ពី​ប្រជាពលរដ្ឋ​បឹងកក់​ចំនួន ១៤គ្រួសារ​បាន​ជួប​ជជែក​គ្នា​ជាមួយ អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២២ មេសា​ដោយ​មិនមាន​លទ្ធផល​អ្វី​ទាំងអស់។មិនបាន​ផល​ដោយសារតែ​ដំណោះស្រាយ​របស់​សាលាក្រុង​ដែល​បានផ្តល់​ដល់​ប្រជាជន​ទាំងនោះ​ក្នុង​មួយ​គ្រួសារ​នូវ​ដី​ទំហំ ៤ម៉ែត្រ គុណ​នឹង១៨ម៉ែត្រ  ទោះបីជា​ប្រជាពលរដ្ឋ​មាន​ទំហំ​ដី​ពីមុន​ធំ​ប៉ុណ្ណា​ក៏ដោយ ក៏ត្រូវ​បានទទួល​គោលការណ៍​នេះដែរ ព្រោះ​វា​ជាការ​សម្រេច​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។តាម​អ្នកភូមិ​បឹងកក់, ប្រធាន​ធនាគារពិភពលោក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​សន្យាថា នឹង​ព្យាយាម​ជួយ​ក្រុមអ្នកតវ៉ា​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​បញ្ហាដីធ្លី​នេះ​បន្ថែមទៀត។

ជាមួយគ្នានេះ លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI ថា​ការដែល​មិនបាន​ត្រូវរ៉ូវ​គ្នា​នៅក្នុង​ការជជែក​គ្នា​កាលពី​ថ្ងៃមុន​គឺ​ដោយសារ​អ្នកភូមិ​បឹងកក់​ទាំងនោះ បានទាមទារ​នូវ​ទំហំ​ដី​ដើម​របស់​ពួកគេ ដែល​ការទាមទារ​នោះ​ហួស​លទ្ធភាព​សាលា​រាជធានី​ផ្តល់ជូន។

 

សូមបញ្ជាក់ថា ជ​ម្ល៉ោះ​ដីធ្លី​រ៉ាំរ៉ៃ​នៃ​តំបន់​បឹងកក់ តម្រូវ​ឲ្យ​មាន​អន្តរ​គម​ន៍​ពី​លោក ហ៊ុន សែន ដោយ​លោកនាយក​រដ្ឋមន្ត្រី​កាលពី​ឆ្នាំ២០១២ បានសម្រេច​ផ្តល់​ដី​នៅ​តំបន់​បឹងកក់​ចំនួន១២,៤៤ហិច​តា​ដល់​អ្នក​តវ៉ា​តំបន់​បឹងកក់​ទាំងអស់​ប្រមាណ​ជា៧០០គ្រួសារ ហើយ​ដី​ដែល​ត្រូវ​ដោះស្រាយ​ឲ្យ​ប្រជាជន១៤គ្រួសារ​នៅពេលនេះ​គឺ​ស្ថិតនៅក្នុង​ទំហំ​ផ្ទៃដី​នោះដែរ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ