អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បញ្ហា​ផ្ទួនៗ​ស្វាគម​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​បាំង​តែមួយ​ខែ​ទៀត​ប៉ុណ្ណោះ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​នឹង​ចូលមក​ដល់តែ​គេ​អាច​និយាយបានថាអំណើះតទៅរដូវ​បោះឆ្នោត​បាន​ចូល​មកដល់​រួចស្រេច ទៅ ហើយ។​ ក៏​ប៉ុន្តែ បញ្ហាធំៗជាច្រើន​ដែល​បានកើត​ឡើងជា​បន្តបន្ទាប់​រយៈពេល​ចុងក្រោយ​នេះ​កំពុង​ក្លាយជា​ប្រធានបទ​សំខាន់​សម្រាប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ខាង មុខ នេះ។ ជាក់ស្តែង គណបក្ស​ប្រឆាំង​​កំពុងតែ​ផ្តើម​យកចំណេញ​ពី​បញ្ហា​ទាំងនោះ​រួចទៅហើយ។តើ​ព្រឹត្តិការណ៍​អ្វីខ្លះ​ដែល​ចូលមក​ស្វាគម​ការបោះឆ្នោត​ឃុំ​សង្កាត់​ពេលនេះ? 

អ្នក​ភូមិ​បឹងកក់​ត្រូវ​បាន​ប៉ូលិស​បង្ក្រាប​នៅ​ពេល​ឡើង​មក​តវ៉ា​រឿង​ដីធ្លី​នៅ​មុខ​សាលា​ក្រុង​ភ្នំពេញ។
អ្នក​ភូមិ​បឹងកក់​ត្រូវ​បាន​ប៉ូលិស​បង្ក្រាប​នៅ​ពេល​ឡើង​មក​តវ៉ា​រឿង​ដីធ្លី​នៅ​មុខ​សាលា​ក្រុង​ភ្នំពេញ។ © ប៉ែន បូណា
ផ្សាយពាណិជ្ជកម្ម

 

ក្នុង​ចំណោម​បញ្ហា​ជាច្រើន​ដែល​បាន​កើតឡើង​រយៈពេល​ចុងក្រោយ​នេះ មាន​ព្រឹត្តិការណ៍​សំខាន់ៗ​យ៉ាងហោច​ណាស់​ក៏​បី​ដែរ​ដែល​ក្រុម​អ្នកវិភាគ​មើល​ឃើញ​ថា ជា​បញ្ហា​ក្តៅ​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ខាងមុខ។

កន្លងទៅ​ថ្មីៗ​នេះ ​ព្រឹត្តិកាណ៍​ដែល​បាន និង​កំពុង​ធ្វើ​ឲ្យ​សាធារណជន​ចាប់អារម្មណ៍​ជាងគេ​គឺ​ករណី​បាញ់​ប្រហារ​ទៅលើ​ប្រជាពលរដ្ឋ​ដែល​តវ៉ា​ប្រឆាំង​ការឈូសឆាយ​ដី​របស់​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ស្រុក​ស្នួល​ខេត្តក្រចេះ​កាលពី​ខែមករា​កន្លងទៅ​ដែល​បណ្តាល​ឲ្យ​អ្នកភូមិ៤នាក់​រងរបួស។ បន្ទាប់​មក​ទៀត​គឺ​ករណី​លោក ឈូក បណ្ឌិត អភិបាលក្រុង​បាវិត​ដែល​បាន​បាញ់​ទៅលើ​កម្មការិនី​បីនាក់​ឲ្យ​រងរបួស​កាលពី​ថ្ងៃទី២០កុម្ភៈ។ ខណៈដែល​រឿង​ទាំង​ង​ពីរ​នៅតែ​ក្តៅគគុក​នៅឡើយ រឿង​ថ្មី​និង​ក្តៅគគុក​មួយទៀត​ក៏បាន​កើតឡើង នោះ​គឺ​ការផ្ទុះអាវុធ​ដែល​បណ្តាល​ឲ្យ​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​បរិស្ថាន​ធម្មជាតិ និង​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ស្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី២៦មេសា។

រឿង​ដែល​កើតឡើង​ទាំងបី​ករណី​ខាងលើ​នឹង​ក្លាយជា​ប្រធានបទ​ក្តៅ​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​ខាងមុខ ដោយ​ចៀស​មិន​ផុត។ ចាប់តាំងពី​ករណី​ទី១ម្ល៉េះ គណបក្សប្រឆាំង​មិនដែល​បង្អែបង្អង់​ឡើយ ក្នុងការ​ទាញយក​ចំណេញ​ពី​ព្រឹត្តិការណ៍​នេះ។
តាមពិត​វា​គ្មានអ្វី​ចម្លែក​ទេពី ព្រោះថា​នេះ​ជា​ធម្មជាតិ​នៃ​ឆាកនយោបាយ​ដែល​គណបក្សប្រឆាំង​តែងតែ​កេង​យកចំណេញ​ពី​កំហុសឆ្គង ឬ​ការខ្វះចន្លោះ​របស់​គណបក្ស​កាន់អំណាច។ ប៉ុន្តែ អ្វីដែល​ចម្លែក​នោះ គឺ​តើ​ហេតុអ្វី​បានជា​រឿង​មិនគួរ​កើត​បែរជា​កើតឡើង ហើយ​កើត​ចំពេល​បោះឆ្នោត​ចូលមក​ដល់​បែបនេះ​ទៅវិញ?

ជាការ​ពិត គ្មាន​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​ណា​ប្រាថ្នា​ចង់​ឲ្យ​បញ្ហា​បែបនេះ​កើតឡើង​ទេ ហើយ​រឹតតែ​មិន​ចង់​ទៅទៀត គឺ​នៅពេល​បោះឆ្នោត​នេះឯង។ ហេតុផល​សត្យានុម័ត​នេះ​អាច​បញ្ជាក់បាន​ថា បញ្ហា​ទាំងនេះ​មិនមែនជា​ចេតនា​របស់​រដ្ឋាភិបាល​សោះឡើយ។ ក៏ប៉ុន្តែ នៅពេលដែល​បញ្ហា​បានកើត​ឡើង​វា​ចៀស​មិន​ផុត​ឡើយ ពី​ការជះឥទ្ធិពល​មិនល្អ​ដល់​រដ្ឋាភិបាល។ នេះ​ក៏​ជា​ហេតុផល​សត្យានុម័ត​មួយទៀត​ដែល​មិនអាច​ចៀសវាង​បាន។ ជាក់ស្តែង​ ការបាញ់​ប្រហារ​ពី​សំណាក់​កងកម្លាំង​ប្រដាប់​អាវុធ និង​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​របស់​រដ្ឋាភិបាល​ទៅលើ​ប្រជាពលដ្ឋ កម្មករ និង​សកម្មជន​ការពារ​ព្រៃឈើ​នៅពេលនេះ​សុទ្ធសឹងតែ​ជា​រឿង​ដែល​ផ្តល់​ផល​មិនល្អ​ដល់​រដ្ឋាភិបាល​ឡើយ តែ​ជាការ​ផ្តល់​ផលចំណេញ​ដល់​បក្ស​ប្រឆាំង។

ទោះបីជា​វា​មិនមែនជា​ចេតនា​របស់​រដ្ឋាភិបាល ប៉ុន្តែ អ្វីដែល​គេ​មើលឃើញ​ជាទូទៅ គឺ​បញ្ហា​ទាំង នេះ​ជា​កំហុសឆ្គង ឬ​ជាការ​ខ្វះចន្លោះ​របស់​រដ្ឋា​ភិ​បាល​យ៉ាងពិត​ប្រាកដ។ សំណុំរឿង​សំខាន់​ទាំងបី​ដែល​បានលើកឡើង​ខាងដើម​ត្រូវគេ​មើលឃើញថា មាន​ដើមហេតុ​មកពី​ការប្រើប្រាស់​កម្លាំង​ជ្រុល​ហួសហេតុ​ពី​សំណាក់​អាជ្ញាធរ មានន័យថា គ្រាន់តែ​រឿង​បន្តិចបន្តួច​ក៏​គេ​ប្រើ​អាវុធ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែរ ទោះជា​រឿង​នោះ​មិន​សម​នឹង​ការប្រើ​អាវុធ​សោះ​ក៏ដោយ។

ម្យ៉ាងទៀត ការផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដែល​នៅតែ​អាច​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ​របស់​រដ្ឋ​បាន គឺជា​កំហុសឆ្គង​មួយ​ដែល​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការផ្ទុះអាវុធ​មិន​សម​ហេតុផល​ដែល​បាននិងកំពុង​កើត​ឡើងជា​បន្តបន្ទាប់។ សមត្ថកិច្ច​ប្រដាប់អាវុធ​ដែល​ឈរ​ការពារ​ក្រុមហ៊ុន​ឯកជន​ទាំងនោះ​ហាក់ដូចជា​មិន​ញញើត​នឹង​ប្រើ​អាវុធ​ឡើយ​នៅពេល​មានទំនាស់​កើតឡើង។

ដូច្នេះ មានតែ​ការគ្រប់គ្រង​កងកម្លាំង​ប្រដាប់អាវុធ​ឲ្យ​បានល្អ​និង​តឹងរ៉ឹង​ទេ​ដែលជា​វិធី​ល្អ​បំផុត​ដើម្បី​បញ្ចៀស​បញ្ហា គឺ​មិនមែន​គ្រាន់តែ​បញ្ចៀស​បញ្ហា​អសន្តិសុខ​ដែល​កើតចេញពី​ការប្រើប្រាស់​អាវុធ​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​ប្រជាប្រិយភាព​របស់​រដ្ឋាភិបាល​ក្នុង​ការរក​សំឡេងឆ្នោត​ក្នុងពេល​បោះឆ្នោត​ផងដែរ។ ផ្ទុយទៅវិញ ការ​បណ្តែតបណ្តោយ​ឲ្យ​ស្ថានភាព​បែបនេះ​នៅតែ​បន្ត គណបក្ស​កាន់អំណាច​នឹង​ប្រឈមមុខ​នឹង​ការបាត់បង់​ប្រជាប្រិយភាព៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ