ស៊ីរី-តូកគី - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 23 មិថុនា 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សៅរ៍ 23 មិថុនា 2012

ស៊ីរី​បាញ់​យន្តហោះ​ប្រដេញ​តួកគី តួកគី​បញ្ចេញ​​ប្រតិកម្ម​តបត

យន្តហោះ​ចំបាំង​ធុន F-4
យន្តហោះ​ចំបាំង​ធុន F-4
Phantom

ដោយ អ៊ុង ច័ន្ទ​សោភា

ទីក្រុង​ដាម៉ាស​បាន​ទទួល​ស្គាល់ថា​ខ្លូន​ពិតជា​បាន​បាញ់​ទម្លាក់​យន្ត​ហោះ​ចម្បាំង​មួយ របស់​តួកគី ធុនF-4 ពិតមែន កាល​ពី​ថ្ងៃសុក្រ​ទី​២២មិថុនា​ម្សិលមិញ។ យន្តហោះ​ដែល​ហោះ​ចូល​ដែន​អាកាស​របស់​ស៊ីរី​ខាងលើ ត្រូវ​បាន​បាញ់​ខ្ទេចខ្ទី​ជា​បំណែក​ធ្លាក់​ចូល​មក​ក្នុង​សមុទ្រ​ក្នុង​ទឹកដី​ស៊ីរី​ចម្ងាយ​១០​គីឡូ​ម៉ែត្រ​ពី​ខេត្ត​Latakia នេះ​បើ​តាម​កា​រអះអាង​របស់​អ្នកនាំ​ពាក្យ​យោធា​ស៊ីរី។ តួកគី​វិញ​អះអាង​នៅ​ថ្ងៃសៅរ៍​នេះ​ថា កំពុង​ពិចារណា​ដើម្បី​បញ្ចេញ​ប្រតិកម្ម​តបត​ទៅ​ស៊ីរី​វិញ។

សេចក្តី​រាយការណ៍របស់ អ៊ុង ច័ន្ទ​សោភា
 

23/06/2012 by អ៊ុង ច័ន្ទ​សោភា

ឩប្បត្តិហេតុ​បាញ់​ធ្លាក់​យន្ត​ហោះ​ចម្បាំង​របស់​តួកគី​កាល​ពី​ម្សិលមិញ​ធ្វើអោយ​ទីក្រុង​អង់ការ៉ា​ក្តៅក្រហាយ​មិន​តិចទេ ចំពោះ​ឥរិយាបថ​របស់​រដ្ឋាភិបាល​ទីក្រុង​ដាម៉ាស​។ រឿងរ៉ាវ​នេះ​កំពុង​តែ​បង្កើន​ភាព​តានតឹង​ថែមទៀត អោយ​ដល់​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ដែល​កំពុង​មាន​បញ្ហា​ជាមួយ​គ្នា​រាប់​មិនអស់​រួចមក​ហើយ។
 
កាល​ពី​ថ្ងៃសុក្រ​ម្សិលមិញ រដ្ឋាភិបាល​អង់ការា បាន​ចំណាយ​ពេល​រង់ចាំ​ដល់​ទៅ១២ម៉ោង ដើម្បី​បាន​ការ​បញ្ជាក់​ថា​យន្តហោះ​ប្រដេញ​ធុន F-4 មួយគ្រឿង​របស់​ខ្លួន​ដែល​បាន​ហោះ​ចេញ​ពី​បន្ទាយ Malatya បាន​ត្រូវ​កងទ័ព​ការពារ​ដែន​អាកាស​ស៊ីរី​បាញ់​ទម្លាក់។ ការ​បាញ់​ទម្លាក់​ដែល​ខាង​ស៊ីរី​អះអាង​ថា ដោយសារ​តែ​យន្តហោះ​នេះ​មិនមាន​អត្តសញ្ញាណ​ច្បាស់លាស់ និង​បាន​ហោះហើរ​ក្នុង​ល្បឿន​លឿន និង​កំពស់​ទាប ចូលមក​ក្នុង​ដែន​អាកាស​ស៊ីរី។
 
នៅ​ថ្ងៃសៅរ៍​នេះ​ការស្វែង​រក​អ្នក​បើកបរ​យន្តហោះ​ចម្បាំង​ទាំងពីរ​នាក់ខាងលើ​ នៅតែ​បន្ត​នៅឡើយ​ក្នុង​សមុទ្រ Méditerranée ដោយ​មាន​ការ​ចូលរួម​ផង​ដែរ​ពី​ក្រុម​រុករក​របស់​ស៊ីរី ពីព្រោះ​កាល​ពី​ល្ងាច​ម្សិលមិញ​មាន​ពត៌មាន​មកថា​ពួកគេ​នៅ​រស់រាន​មាន​ជីវិត​នៅ​ឡើយ។​
 
“ ប្រទេស​ទួរគី​នឹង​បញ្ចេញ​ប្រតិកម្ម ហើយ​ដាក់​វិធានការ​ជាក់លាក់​មួយ​ប្រឆាំង​នឹង​ស៊ីរី នៅពេល​ដែល​យើង​បាន​ពន្លឺ​គ្រប់គ្រាន់​ពី​ការ​ស៊ើបអង្កេត​លើ​ឩប្បត្តិហេតុ​នេះ”​ នេះ​ជា​ការអះអាង​នៅក្នុង​សេចក្តី​ថ្លែងការ​ណ៍ពត៌មាន​មួយ​របស់​តួកគី។
 
សេចក្តី​ថ្លែងការណ៍​ខាងលើ​មិន​បាន​បញ្ជាក់​អោយដឹងច្បាស់​ពី​បេសកកម្ម​របស់​យន្តហោះ ប្រដេញ​ធុន F-4នេះ​ទេ។ ប៉ុន្តែ​សំនួរ​ជាច្រើន​បានចោទ​សួរថា ហេតុអ្វី​បាន​ជា​យន្តហោះ​នេះ​មិន​បាន​ទទួលឬ ក៏​ឆ្លើយតប​ទៅនឹង​ការអោយ​សញ្ញា​ព្រមាន​ប្រកាស​អាសន្ន? ហើយថា​តើ​យន្តហោះ ហោះ​ចូល​ទៅ​ក្នុង​ដែន​អាកាស​ស៊ីរី​ដើម្បី​អ្វី?
 
បើ​តាម​សាស្រ្តាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ម្នាក់​នៃ​ប្រទេស​តួកគីអ្វី​ដែល​គេ​ត្រូវដឹង​ជា​មុន​នោះ ថាតើ​យន្តហោះ​ខាងលើ​ពិតជា​បាន​រំលោភ​ដែន​អាកាស​ស៊ីរី​ឬ​ក៏​យ៉ាងណា? ប៉ុន្តែ​បើ​ទោះបី​ជា​ករណី​រំលោភ​ដែន​អាកាស​ក៏​ដោយ ក៏​នីតិវិធី​ធម្មតា​ដែល​ម្ខាងទៀត​ត្រូវធ្វើ គឺ​គ្រាន់​តែ​ប្រើប្រាស់​មធ្យោបាយ​បណ្តេញ ឬ​បង្ខំ​អោយចេញ​ពី​ដែនអាកាស​ខ្លួន​តែ​ប៉ុណ្ណោះ។
 
គួរបញ្ជាក់ថា ចាប់តាំង​ពី​កើតមាន​អំពើហិង្សា​បង្រ្កាប​ទៅលើ​ហ្វូង​បាតុករ​ស៊ីរី​ឥតស្រាន្ត​ពី​សំណាក់​រដ្ឋាភិបាល​លោក​បាសា អាល់អាសាដមក ទំនាក់ទំនង​ប្រទេស​ទាំងពីរកាន់​តែ​ធ្លាក់​ចុះ ទាំងលើ​វិស័យ​នយោបាយ​និង​សេដ្ឋកិច្ច។ នោះ​ក៏​ដោយសារ​តែ​តួកគី​បាន​ចូលរួម​អន្តរាគមន៍​ទាមទារ​អោយ​របប​លោក​អាល់អាសាដ ដកខ្លួន​ចេញ​ពី​ស៊ីរី ហើយ​តួកគី​ថែម​ទាំង​បាន​ផ្តល់​កន្លែង​ជ្រកកោន​ដល់​ជនភៀសខ្លូន​ពី​ស៊ីរី ជាង ៣២០០០​នាក់​ក្នុងនោះ​មាន​ពួក​ទាហាន​បះបោរ​ផង​ដែរ។
 
ចំនុច​សំខាន់​មួយទៀត​នោះ​គឺថា ឩប្បត្តិ​ហេតុ​បាញ់​ធ្លាក់​យន្តហោះ​ចម្បាំងរបស់​តួកគី នេះ បាន​កើត​មានឡើង មួយថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​កាសែត The New York Time បាន​ចុះផ្សាយ​ពី​វត្តមានក្រុម​ CIA របស់​សហរដ្ឋអាមេរិក​នៅក្នុង​ទឹកដី​តួកគី ដើម្បី​ដឹកនាំ​ការ​ផ្តល់អាវុធ​ទៅអោយ​ពួក​បះបោរ​នៅស៊ីរី។ អាវុធ​ដែល​ឩបត្ថម្ភ​ដោយ​ផ្ទាល់​ពី​ខាងតួកគី និង សម្ព័ន្ធអារ៉ាប់។ ប៉ុន្តែ​តួកគី​ដែល​មាន​របង​ព្រំដែន​ជាប់​ប្រទេស​ស៊ីរី​បាន​បដិសេធ​ពត៌មាន​ដែល​បាន​ចុះផ្សាយ​នេះ៕

tags: តួកគី - ស៊ីរី
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close