ប្រធានាធិបតីក្រិកបានកោះប្រជុំគណបក្សធំៗទាំង៣ នៅថ្ងៃអាទិត្យនេះ ដើម្បីស្វះស្វែងរកការសម្របសម្រួលគ្នា ក្នុងការបង្កើតរដ្ឋាភិបាល និងបញ្ចៀសវិបត្តិនយោបាយ។ នេះគឺជាឱកាសចុងក្រោយ។ ប្រសិនបើគណបក្សទាំង៣ មិនស្រុះស្រួលគ្នាបង្កើតរដ្ឋាភិបាលរួបរួមជាតិមួយទេ ក្រិកនឹងត្រូវរៀបចំបោះឆ្នោតសាជាថ្មីម្តងទៀត នៅខែមិថុនា។ វិបត្តិនយោបាយនេះអាចនឹងជំរុញឲ្យអឺរ៉ុបផ្អាកជំនួយដែលបានព្រមព្រៀងគ្នាជាមួយក្រិក។
ក្រោយពីក្រិកធ្លាក់ចូលក្នុងវិបត្តិនយោបាយ បង្កើតរដ្ឋាភិបាលថ្មីមិនបាន នៅពេលនេះ សេណារីយ៉ូដែលក្រិកត្រូវចេញពីតំបន់អឺរ៉ូត្រូវបានគេលើកយកមកជជែកគ្នាកាន់តែច្រើនឡើងៗ។ ទាំងប្រធានគណៈកម្មការអឺរ៉ុប ទាំងមន្រ្តីរដ្ឋាភិបាលអាល្លឺម៉ង់ សុទ្ធតែបានព្រមានថា បើក្រិកមិនកាត់បន្ថយការចំណាយសាធារណៈតាមការព្រមព្រៀងជាមួយអឺរ៉ុបទេ ក្រិកគួរតែចាកចេញពីតំបន់អឺរ៉ូ។ តើក្រិកអាចចេញពីតំបន់អឺរ៉ូបានដោយរបៀបណា?
ប្រមុខដឹកនាំនៅអឺរ៉ុបកំពុងតែខ្វែងគំនិតគ្នា អំពីថា តើគេត្រូវចាត់វិធានការអ្វី ដើម្បីដោះស្រាយវិបត្តិប្រាក់បំណុលបច្ចុប្បន្ន? អាល្លឺម៉ង់ទាមទារឲ្យរដ្ឋជាសមាជិកទាំងអស់ផ្តោតលើការកាត់បន្ថយការចំណាយសាធារណៈ។ ចំណែកលោក François Hollande វិញ ដែលជាប្រធានាធិបតីបារាំង ទើបនឹងជាប់ឆ្នោតថ្មី ទាមទារឲ្យអឺរ៉ុបផ្តោតលើការជំរុញកំណើនសេដ្ឋកិច្ច។ តើអឺរ៉ុបត្រូវជ្រើសរើសយកផ្លូវមួយណា?
នៅក្នុងនាទីយល់ដឹងអំពីច្បាប់របស់យើងនៅថ្ងៃនេះ សេង ឌីណា នឹងពន្យល់អំពីអាទិភាពនៃផលប្រយោជន៍របស់បុគ្គលិក និងនិយោជិត ក្នុងករណីក្រុមហ៊ុនត្រូវក្ស័យធន។ នៅក្នុងករណីក្រុមហ៊ុនជួបនឹងបញ្ហាហិរញ្ញវត្ថុ ដែលអាចនាំទៅរកការក្ស័យធន បញ្ហាដែលចោទឡើងចំពោះនិយោជិតរបស់ក្រុមហ៊ុន គឺការបាត់បង់ការងារ និងប្រាក់បៀវត្សរ៍ ដែលក្រុមហ៊ុនជំពាក់។ តើក្នុងច្បាប់ខ្មែរ និយោជិតទទួលបាននូវការការពារដូចម្តេចខ្លះ?
ក្នុងរយៈពេលជាង ៥០ឆ្នាំចុងក្រោយនេះ មានតែប្រធានាធិបតីបារាំងពីររូបប៉ុណ្ណោះ ដែលមិនបានជាប់ឆ្នោតអាណត្តិទី២ គឺលោក Valéry Giscard d’Estaing (កាលពីឆ្នាំ១៩៨១) និងលោក Nicolas Sarkozy កាលពីថ្ងៃអាទិត្យ ម្សិលមិញ។ លោកសាកូហ្ស៊ីជាប់ឯតទគ្គកម្មជាប្រធានាធិបតីផុតអាណត្តិ ដែលមានប្រជាប្រិយភាពទាបបំផុត។
បន្ទាប់ពីទស្សនកិច្ចនៅចិន និងបង់ក្លាដែស លោកហ៊ីឡារី គ្លីនតុន រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក បានទៅដល់ប្រទេសឥណ្ឌា នៅថ្ងៃអាទិត្យនេះ ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ។
បណ្ឌិតសភាយោធាអាមេរិក (West Point) បានចេញផ្សាយឯកសារមួយចំនួន ដែលកងកុម្ម៉ងដូអាមេរិកប្រមូលបាន ក្នុងអំឡុងប្រតិបត្តិការសម្លាប់ប៊ិនឡាដិន នៅក្នុងប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី២ ឧសភា ឆ្នាំ២០១១។ ឯកសារដែលចេញផ្សាយនេះបង្ហាញឲ្យឃើញអំពីភាពបាក់បែកផ្ទៃក្នុង និងអំពីការថយចុះនៃអំណាចរបស់ប៊ិនឡាដិន ក្នុងអង្គការភេរវកម្មអាល់កៃដា។