អានតួអត្ថបទ
អូស្រ្តាលី

អូស្រ្តាលី​ប្រកាស​ពង្រឹង​សន្តិសុខ​វិមាន​រដ្ឋសភា​ក្រោយ​ការ​វាយប្រហារ​នៅ​អូតាវ៉ា

នៅថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋាភិបាល​អូស្ត្រាលី​បាន​ប្រកាស​ចាត់វិធានការ​​រឹតបន្តឹង​សន្តិសុខ​នៅ​ជុំវិញ​អគារ​រដ្ឋសភា​ មួយថ្ងៃ​ក្រោយ​ពី​​​មាន​ហេតុការណ៍​​ហេតុការណ៍​បាញ់​ប្រហារ នៅ​វិមាន​រដ្ឋ​សភា​កាណាដា។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា អូស្រ្តាលី​ក៏​បាន​បញ្ជាក់​ផងដែរ​ថា គ្មាន​សញ្ញា​ជាក់លាក់​​អំពី​គម្រោង​វាយប្រហារ​ណាមួយ​ជាក់លាក់នោះទេ។

លោក​ថូនី អាបត (Tony Abbott) នាយករដ្ឋមន្រ្តី​អូស្រ្តាលី (រូបថតឯកសារ)
លោក​ថូនី អាបត (Tony Abbott) នាយករដ្ឋមន្រ្តី​អូស្រ្តាលី (រូបថតឯកសារ) REUTERS/Danish Siddiqui
ផ្សាយពាណិជ្ជកម្ម

អូស្រ្តាលី​បាន​បង្កើន​កម្រិត​អាសន្ន​ភេរវកម្ម ពី​ “កម្រិតមធ្យម” ទៅ “កម្រិត​ខ្ពស់” រួចទៅហើយ តាំង​ពី​ខែមុន នៅ​ពេល​ដែល​ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​ការរីកដុះដាល​នៃ​ចលនា​ជីហាត​រដ្ឋ​អ៊ីស្លាម។ ការ​រឹតបន្តឹង​សន្តិសុខ​នៅ​ជុំវិញ​វិមាន​រដ្ឋសភា គឺ​ជា​វិធានការ​​ថ្មី​បន្ថែម​ពី​លើ​កម្រិត​អាសន្ន​​ដែល​មាន​ស្រាប់។

រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​អូស្រ្តាលី​បាន​ឲ្យដឹង​ថា កងកម្លាំង​ប៉ូលិស​សហព័ន្ធ​នឹង​ត្រូវ​ដាក់ពង្រាយ​បន្ថែម នៅ​ជុំវិញវិមាន​រដ្ឋសភា ក្នុង​ទីក្រុង​កង់បេរ៉ា ក៏ប៉ុន្តែ លោក​បាន​បញ្ជាក់ថា នេះ​គ្រាន់តែ​ជា​វិធានការ​បង្ការ​ទុក​តែប៉ុណ្ណោះ ហើយ​មិនមែន​មានន័យថា អាជ្ញាធរ​ទទួល​បាន​ព័ត៌មាន​ស្តីពីគម្រោងការណ៍​វាយប្រហារ​ភេរវកម្ម​ណាមួយ​ជាក់លាក់​នោះទេ។

យោងតាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​ ស្ថានទូត​កាណាដា​ប្រចាំ​ទីក្រុង​ស៊ីដនី ក៏​ត្រូវ​បាន​រឹតបន្តឹង​សន្តិសុខ​យ៉ាង​ខ្លាំង​ផងដែរ តាមរយៈ​ការ​បន្ថែម​កម្លាំង​ប៉ូលិស​ ដែល​ឈរជើង​នៅ​ជុំវិញ​ស្ថានទូត។

វិធានការរឹតបន្តឹង​សន្តិសុខ​នៅ​អូស្រ្តាលីនេះ​ត្រូវ​បាន​ធ្វើឡើងតែ​មួយថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​មាន​ហេតុការណ៍​បាញ់​ប្រហារ​ នៅ​ឯ​វិមាន​រដ្ឋសភា​កាណាដា ក្នុង​ទីក្រុង​អូតាវ៉ា។

លោក​ថូនី អាបត នាយករដ្ឋមន្រ្តី​អូស្រ្តាលី​បាន​ព្យាយាម​រំងាប់​ក្តីបារម្ភ​របស់​ពលរដ្ឋ​អូស្រ្តាលី ដោយ​លើកឡើង​ថា រដ្ឋាភិបាល​របស់​លោក​នឹង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​ធានា​សុវត្ថិភាព​របស់​ប្រទេស​ជាតិ និង​ប្រជាជន​អូស្រ្តាលី។ លោក​នាយករដ្ឋមន្រ្តី​អូស្រ្តាលី​ក៏​បាន​​សម្តែង​នូវ​សាមគ្គីភាព​ផងដែរ​​ជាមួយ​នឹង​ប្រជាជន​កាណាដា នៅ​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​នៅ​វិមាន​រដ្ឋសភា។

គួរបញ្ជាក់ថា អូស្រ្តាលី និង​កាណាដា ជា​ប្រទេស​ពីរ ដែល​ស្ថិត​នៅ​ចម្ងាយ​រាប់ពាន់​គីឡូម៉ែត្រ​ពីគ្នា ក៏ប៉ុន្តែ មាន​ប្រមុខរដ្ឋ​រួមគ្នា​តែមួយ គឺ​មហាក្សត្រិយ​អេលីហ្សាបិត​ទី២ របស់​អង់គ្លេស។៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ