អូស្ត្រាលីដាក់ចេញយុទ្ធសាស្រ្តដើម្បីទាញផលចំណេញពីការអភិវឌ្ឍនៃតំបន់អាស៊ី
នៅថ្ងៃអាទិត្យនេះ រដ្ឋាភិបាលអូស្រ្តាលីបានចេញផ្សាយជាសាធារណៈ នូវផែនការយុទ្ធសាស្រ្តមួយ ដើម្បីទាញផលចំណេញពីការអភិវឌ្ឍសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ី ដែលបច្ចុប្បន្ននេះ កំពុងតែក្លាយទៅជាក្បាលម៉ាស៊ីនដ៏ធំបំផុត នៃកំណើនសេដ្ឋកិច្ចពិភពលោក។ មហិច្ឆតារបស់អូស្រ្តាលី គឺចង់ចូលក្នុងចំណោមប្រទេសទាំង ១០ ដែលប្រជាជនមានប្រាក់ចំណូលខ្ពស់បំផុត នៅលើពិភពលោក ឲ្យបាននៅឆ្នាំ២០២៥។
នៅក្នុងការផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តនេះ លោកស្រីនាយករដ្ឋមន្រ្តីអូស្រ្តាលី ជូលីយ៉ា ហ្គីឡាដ (Julia Gillard) បានថ្លែងថា “អូស្រ្តាលីមិនអាចរំពឹងតែលើព្រេងសំណាងនោះទេ។ អនាគតរបស់យើង គឺវាអាស្រ័យទៅលើជម្រើស ដែលយើងជ្រើសរើសនៅពេលនេះ និងអាស្រ័យទៅលើទំនាក់ទំនងរបស់យើង ចំពោះប្រទេសក្នុងតំបន់ ដែលយើងរស់នៅ”។
ជម្រើសរបស់អូស្រ្តាលី នៅពេលនេះ គឺត្រូវបង្វែរនយោបាយការបរទេស ពីអឺរ៉ុប មកអាស៊ីវិញ... អាស៊ី ដែលកំពុងតែឆ្លងកាត់យុគសម័យរុងរឿង។ លោកស្រីនាយករដ្ឋមន្រ្តីអូស្រ្តាលីបានកត់សម្គាល់ថា “សតវត្សរ៍នេះ គឺជាសតវត្សរ៍ ដែលអាស៊ីនឹងក្លាយជាមេដឹកនាំនៃពិភពលោក”។ ហេតុដូច្នេះហើយបានជាអូស្រ្តាលីដាក់ចំណងជើងនៃផែនការយុទ្ធសាស្រ្តរបស់ខ្លួនថា “អូស្រ្តាលី ក្នុងសតវត្សរ៍អាស៊ី”។
ផែនការជាយុទ្ធសាស្រ្តនេះបានកំណត់នូវគោលដៅដ៏សំខាន់មួយ គឺ នៅឆ្នាំ២០២៥ខាងមុខ អូស្រ្តាលីនឹងចូលក្នុងចំណោមប្រទេសទាំង១០ ដែលប្រជាជនមានប្រាក់ចំណូលខ្ពស់បំផុត នៅលើពិភពលោក រួមជាមួយនឹងកាតា សិង្ហបុរី ហុងកុង ព្រុយណេ អារ៉ាប់រួម និងសហរដ្ឋអាមេរិក ជាដើម។
ដើម្បីសម្រេចបាននូវគោលដៅនេះ អូស្រ្តាលីត្រូវតែបង្កើតទំនាក់ទំនងជាដៃគូ ជាមួយនឹងបណ្តាប្រទេសនៅអាស៊ី ដូចជា ចិន ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន និងកូរ៉េខាងត្បូង។ ១ភាគ៣ នៃសេដ្ឋកិច្ចរបស់អូស្រ្តាលីនឹងត្រូវពឹងលើការដោះដូរពាណិជ្ជកម្ម នៅអាស៊ី។ ដូច្នេះ ចាប់ពីពេលនេះទៅ ទាំងនយោបាយការបរទេស ទាំងវិស័យអប់រំរបស់អូស្រ្តាលី ចាំបាច់ត្រូវតែយកតំបន់អាស៊ីធ្វើជាគោល។
នៅតាមសាលារៀន ការសិក្សាពីតំបន់អាស៊ី ត្រូវតែជាមុខវិជ្ជាស្នូល។ ភាសាចិន ជប៉ុន ឥណ្ឌូណេស៊ី ហ៊ីនឌី (ឥណ្ឌា) ជាដើម នឹងត្រូវដាក់ជាភាសាបរទេសអាទិភាព សម្រាប់សិស្ស និស្សិតអូស្រ្តាលី។ ហើយត្រូវធ្វើយ៉ាងណាឲ្យថ្នាក់ដឹកនាំក្រុមហ៊ុន សហគ្រាស របស់អូស្រ្តាលី មានការយល់ដឹងកាន់តែច្រើន ពីតំបន់អាស៊ី។
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចអូស្រ្តាលីវិញបានលើកឡើងថា នៅក្នុងពេលឆាប់ៗខាងមុខនេះ អាស៊ីនឹងក្លាយទៅជាតំបន់ ដែលមានការផលិត និងការប្រើប្រាស់ផលិតផល និងសេវាកម្មច្រើនជាងគេបង្អស់ នៅលើពិភពលោក។ នៅចុងទសវត្សរ៍នេះ ផលិតផលក្នុងស្រុកសរុបរបស់តំបន់អាស៊ី នឹងកើនឡើងលើសតំបន់អឺរ៉ុប និងអាមេរិកខាងជើងបូកបញ្ចូលគ្នាទៅទៀត។ ហើយនៅពេលនោះ ក្នុងចំណោមប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង ១០ នឹងមានប្រទេស ៤ មកពីអាស៊ី៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ